៩ឆ្នាំហើយដែល Curiosity ចុះទៅដល់ភពព្រះអង្គារ, យាននេះបានកសាងស្នាដៃ ច្រើនរាប់មិនអស់ឡើយ ហើយក៏មិនទាន់បញ្ចប់ដែរ…

5,576

(អាមេរិក)៖ យានស្រាវជ្រាវភពព្រះអង្គារ Curiosity របស់អង្គការ NASA បានស្ថិតនៅលើភពអង្គារអស់រយៈពេល ៩ឆ្នាំគត់ គិតត្រឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ (ពេលវេលានៅលើភពផែនដី) ហើយបានកសាងស្នាដៃជាច្រើនរួចមកហើយ និងកំពុងបន្តទៅថ្ងៃខាងមុខទៀត។ Curiosity ដែលមានទំហំប៉ុនកូនរថយន្តមួយគ្រឿង ត្រូវបានបាញ់បញ្ជូនចេញពីភពផែនដី កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១១ និងទៅដល់ភពអង្គារហើយចុះចតបានសម្រេច នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១២ ទៅលើបាតរណ្តៅយក្ស Gale Crater ដែលមានមុខកាត់ ១៥៤គីឡូម៉ែត្រ។

ចាប់តាំងពីការចុះចតបានសម្រេចមក យាន Curiosity បានជួយឲ្យក្រុមអ្នកវិទ្យាសាស្ត្រលើផែនដី ស្វែងយល់កាន់តែច្បាស់អំពីអតីតកាលនៃភពអង្គារ និងការផ្លាស់ប្តូររបស់វាពីភពដែលមាន បុគ្គលិកលក្ខណៈស្រដៀងផែនដី (មានទឹក បរិយាកាសក្រាស់ និងអាចទ្រទ្រង់ជីវិត) ទៅជាភពត្រជាក់ស្ងួត ហើយមានបរិយាកាសស្តើង មិនបានស្មើ ១% នៃបរិយាកាសផែនដីដូចពេលនេះ។

ឧទាហរណ៍ជាក់ស្តែងមួយ គឺការអង្កេតរបស់ Curiosity ទៅលើបរិស្ថានក្នុងរណ្តៅ Gale បាននាំឲ្យយើងដឹងថា ទីនោះពិតជាអតីតបឹង ដែលជាប្រព័ន្ធលំហូរ និងស្តុកទឹកដ៏ធំមួយ នៅលើភពអង្គារកាលពីរាប់ពាន់លានឆ្នាំមុន ដែលស្រដៀងនឹងបរិស្ថានលើផែនដីបច្ចុប្បន្ន ហើយប្រាកដណាស់ វាក៏អាចមានសមត្ថភាពទ្រទ្រង់ជីវិត ក្នុងទម្រង់ណាមួយបានរាប់លានឆ្នាំ នៅក្នុងយុគសម័យនោះផងដែរ។

កាលពីខែកញ្ញា ឆ្នាំ២០១៤ យាន Curiosity បានវាឡើងទៅដល់តំបន់ Mount Sharp ដែលមានកម្ពស់ ៥.៥គីឡូម៉ែត្រពីបាតរណ្តៅយក្ស Gale។ យានកង់ ០៦ នេះបានប្រើកាមេរ៉ា និងប្រព័ន្ធ Laser របស់វាដើម្បីស្វែងយល់ពីអាថ៌កំបាំងផ្ទាំងថ្មចម្លែកៗជាច្រើន នៅអំលុងពេលដែលធ្វើវា ប្រឹងប្រែងវាឡើងទៅកាន់ចំណុចដ៏ខ្ពស់នោះ។ Curiosity បានរកឃើញសារធាតុគីមីអូកានិក (Organic Chemicals) ក្នុងនោះមានដូចជា ការរកឃើញសារធាតុកាបូនទ្រទ្រង់ជីវិត ដែលបានបង្កឲ្យក្រុមអ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើលខ្លាំង កាលពីប៉ុន្មានឆ្នាំមុនជាដើម។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល ៩ឆ្នាំមកនេះ Curiosity អាចធ្វើដំណើរបានចម្ងាយជិត ២៦គីឡូម៉ែត្រ។ យាននេះនៅតែអាចដំណើរការតទៀតបាន ជាមួយនិងគុណភាពល្អនៅឡើយ ខណៈប្រព័ន្ធប្រតិបត្តិការនៅក្នុងខ្លួនវា ត្រូវបានអង្គការ NASA និងអង្គការជាដៃគូ រចនាឡើងដើម្បីបំពេញប្រតិបត្តិការបានយ៉ាងហោចណាស់ ១៤ឆ្នាំ (គិតជាពេលវេលាលើផែនដី)។ បច្ចុប្បន្នយានមួយទៀតគឺ Perseverance កំពុងបន្តការស្រាវជ្រាវនៅរណ្តៅ Jezero នៃភពអង្គារ ដែលនឹងអាចរកឃើញអ្វីថ្មីៗបន្ថែមទៀតនៅថ្ងៃអនាគត ជាពិសេសគឺការរៀបចំបាញ់បញ្ជូនគំរូតាងជាដី ឬដុំថ្មពីភពអង្គារ ត្រលប់មកកាន់ភពផែនដីនៅអំលុងទសវត្សរ៍ ២០៣០៕

៩ឆ្នាំហើយដែល Curiosity ចុះទៅដល់ភពព្រះអង្គារ, យាននេះបានកសាងស្នាដៃ ច្រើនរាប់មិនអស់ឡើយ ហើយក៏មិនទាន់បញ្ចប់ដែរ…

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១)

480×240 Banner