នាវាអវកាស SN20 បានទៅដល់ភាគខាងត្បូង Texas ហើយ! ប៉ុន្តែការហោះសាកល្បង មិនទាន់អាចធ្វើឡើងភ្លាមៗទេ…
(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX កំពុងតែបន្តរៀបចំខ្លួន សម្រាប់ការបាញ់ធ្វើតេស្តគំរូនាវាអវកាស Starship ថ្មីចុងក្រោយមួយទៀត ឡើងទៅកាន់ទីអវកាស។ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) នាវាអវកាសគំរូ SN20 បានទៅដល់ទីតាំងសម្រាប់ការបាញ់បង្ហោះ បន្ទាប់ត្រូវបានដឹកជញ្ជូនចេញពីកន្លែងផលិតរបស់វា ដែលស្ថិតនៅភាគខាងត្បូងរដ្ឋ Texas។ ក្រុមហ៊ុន SpaceX សង្ឃឹមថា នឹងអាចចេញបេសកម្មធ្វើតេស្តនេះ ក្នុងពេលប៉ុន្មានខែទៀត ប៉ុន្តែអ្វីៗអាស្រ័យលើការពិនិត្យផ្នែកបច្ចេកទេស និងការអនុញ្ញាតពីអាជ្ញាធរអាមេរិក។

សម្រាប់ការធ្វើតេស្តលើកនេះ នៃគំរូនាវាអវកាស Starship ក៏នឹងមានការប្រើប្រាស់គ្រាប់រ៉ុក្កែតប៊ូស្ទឺរកម្ពស់ ៧០ម៉ែត្រផងដែរ ព្រោះយាន SN20 នឹងត្រូវបាញ់ឡើងដល់លំហអវកាស ហើយធ្វើដំណើរជុំវិញផែនដីមួយជុំ។

គ្រាប់រ៉ុក្កែតនោះ បានទៅដល់ទីតាំងបាញ់បង្ហោះ ០២ថ្ងៃ មុននាវាអវកាស SN20។ យោងតាមការផែនការនៃការធ្វើតេស្ត គឺនៅប៉ុន្មាននាទីក្រោយការបាញ់តេស្តចាប់ផ្តើម រ៉ុក្កែត Super Heavy Booster 4 នឹងផ្តាច់ខ្លួនធ្លាក់ទៅលើផ្ទៃឈូងសមុទ្រម៉ិចស៉ីកូ ហើយនាវាអវកាស SN20 នឹងបន្តធ្វើដំណើរមួយជុំជុំវិញផែនដី មុនធ្លាក់មកលើផ្ទៃមហាសមុទ្រប៉ាស៉ីហ្វិក នៅរយៈពេល ៩០នាទីក្រោយមក នៅក្បែរកោះ កៅអៃ (Kauai) នៃរដ្ឋហាវ៉ៃ។

កាលពីខែឧសភាកន្លងទៅ យានគំរូមួយទៀតគឺ SN15 ត្រូវបាន SpaceX បាញ់សាកល្បងឡើងដល់កម្ពស់ ១០គីឡូម៉ែត្រ ហើយចុះមកដល់លើផ្ទៃផែនដីវិញដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ក្រោយការធ្វើតេស្តនានាសម្រេចបានជោគជ័យ នាវាអវកាស Starship នឹងបំពាក់ម៉ាស៉ីន Raptor ចំនួនសរុប ០៦គ្រឿង គឺលើសចំនួនដែលបំពាក់នៅតាមយានសាកល្បងទាំងឡាយ ដែលមានត្រឹម ០៣គ្រឿងប៉ុណ្ណោះ ហើយគ្រាប់រ៉ុក្កែត Super Heavy នឹងបំពាក់ដល់ទៅ ៣២គ្រឿង។ Starship គឺជាប្រព័ន្ធយានអវកាសអាចប្រើប្រាស់ឡើងវិញបាន ដែលក្រុមហ៊ុន SpaceX គ្រោងប្រើប្រាស់ដើម្បីដឹកទំនិញ និងមនុស្សទៅឋានព្រះចន្ទ ភពអង្គារ និងកន្លែងផ្សេងៗទៀត ក្នុងប្រព័ន្ធព្រះអាទិត្យនាពេលអនាគត៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១)
