រកឃើញអ្វីថ្មីទៀតហើយ! លើកនេះជាភពអាច «ទ្រទ្រង់ជីវិតផង និងការពារជីវិតផង» មានចម្ងាយ ៣៥ឆ្នាំពន្លឺពីផែនដី (មានវីដេអូបកស្រាយ)

5,128

(បរទេស)៖ មួយរយៈនេះហាក់ដូចជាមានព័ត៌មានថ្មីៗ ជាច្រើនអំពីការរកឃើញ ភព ផ្កាយ និងព្រះចន្ទជាដើម ហើយនៅពេលនេះវិញភពចំនួន ៣ ដែលត្រូវបានរកឃើញដោយកែវយឺតអវកាស TESS កាលពីអំលុងពាក់កណ្តាលឆ្នាំ២០១៩ មួយក្នុងចំណោមនោះត្រូវបានក្រុមតារាវិទូអះអាងថា អាចមានទឹកទាំងនៅក្នុងផ្ទៃវាផង និងក្នុងបរិយាកាសរបស់វាផង។ ភពដ៏ពិសេសមួយនេះ ត្រូវបានឈ្មោះសម្គាល់រួចទៅហើយថា L 98-59d។

ភពទាំងបីខាងលើនេះ ត្រូវបានក្រុមតារាវិទូដាក់ឈ្មោះសម្គាល់ថា L 98-59b, c និង d ដែលស្ថិតនៅគោចរជុំវិញតារាមួយដួង មានចម្ងាយតែ ៣៥ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ) ហើយសម្រាប់ចម្ងាយនេះ យើងអាចចាត់ទុកថា វាជាប្រព័ន្ធផ្កាយកៀកៗផែនដីយើងបាន បើគិតអំពីទំហំដ៏ធំធេងឥតគណនានៃកាឡាក់ស៊ី ក៏ដូចជាចក្រវាលទាំងមូល។ ផ្កាយមួយដួងនោះមានឈ្មោះថា L 98-59។

បើតាមការអង្កេតដោយក្រុមតារាវិទូ ក្នុងចំណោមភពទាំងបីដែលគោចរជុំវិញ L 98-59 ពីរនៅខាងដើមគេត្រឹមជាប្រភេទភពថ្មស្ងួតតែប៉ុណ្ណោះ។ ប៉ុន្តែភពទី ៣ ចុងគេគឺ L 98-59d គឺជាភពជោកជាំដោយទឹកតែម្តង ដោយវាអាចមានមហាសមុទ្រ និងបរិយាកាស ដែលពោពេញដោយទឹក។ ហេតុដូច្នេះវាក៏មានន័យថា ភពនេះជាទីឋានដែលអាចឲ្យជីវិតកកើត និងអាចការពារជីវិតពីកាំរស្មីដ៏គ្រោះថ្នាក់ (វិទ្យុសកម្ម) ចេញពីផ្កាយរបស់វាបានថែមទៀត។

ជុំវិញរបកគំហើញថ្មីអំពីបុគ្គលិកលក្ខណៈភពខាងលើនេះ លោកស្រី María Rosa Zapatero Osorio តារាវិទូមកពីមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវផ្នែកតារាសាស្ត្រ និងជីវសាស្ត្រ (Centre for Astrobiology) នៃប្រទេសអេស្ប៉ាញបានលើកឡើងថា «ភពនោះ (L 98-59d) ស្ថិតនៅក្នុងតំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) ដែលអាចឲ្យវាមានបរិយាកាសសម្រាប់បង្កើតជីវិតផង និងការពារជីវិតផង»។

រកឃើញអ្វីថ្មីទៀតហើយ! លើកនេះជាភពដែលអាច «ទ្រទ្រង់ជីវិតផង និងការពារជីវិតផង» និងស្ថិតនៅចម្ងាយ ៣៥ឆ្នាំពន្លឺពីផែនដី…

សម្រាប់ភពដើមគេគឺ L 98-59b ត្រូវបានគេគណនាដឹងថា មានម៉ាស់ស្មើពាក់កណ្តាល នៃម៉ាសរបស់ភពសុក្រ (Venus)។ វាក៏ត្រូវបានចាត់ទុកថា ជារឿងទើបតែកើតមានផងដែរ ព្រោះវាជាភព Exoplanet តូចបំផុតមួយ ដែលត្រូវបានរកឃើញគិតត្រឹមពេលនេះ ប្រសិនបើវិធីសាស្ត្រគណនាទំហំដូចបច្ចុប្បន្ន មានភាពត្រឹមត្រូវជាក់លាក់នោះ។ សម្រាប់ទិន្ន័យអំពីប្រព័ន្ធ L 98-59 គឺមានភាពល្អៀងគ្នាខ្លះៗពីទិន្នន័យមុន ដែលកែវយឺតអវកាស TESS របស់អង្គការ NASA បានរកឃើញកាលពីឆ្នាំ២០១៩ កន្លងទៅនេះ។

គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រក៏កំពុងសង្ស័យថា ប្រព័ន្ធផ្កាយ L 98-59 អាចភពចំនួនពីរទៀតគឺ L 98-59e និង f ប៉ុន្តែគេត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបញ្ជាក់អំពីវត្តមាន ព្រោះបើភពកាន់តែស្ថិតនៅឆ្ងាយពីផ្កាយមេរបស់វា នោះរង្វង់នៃគន្លងគោចររបស់វាក៏កាន់តែវែងឆ្ងាយផងដែរ ហើយប្រការនេះនឹងក្លាយជាក្តីវេទនា សម្រាប់ក្រុមអ្នកអង្កេតរកវត្តមានពួកវា។ យ៉ាងណាក៏ដោយ ភព L 98-59d ប្រាកដជាស្ថិតនៅក្នុងគោលដៅស្រាវជ្រាវបន្តមួយទៀត នៃកែវយឺតអវកាស James Webb ជាក់ជាមិនខាន៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Independent (ថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១)

480×240 Banner