៦ឆ្នាំទៀតប៉ុណ្ណោះ! តើគោលដៅចម្បងរបស់ Dragonfly លើព្រះចន្ទ Titan នៃភពសៅរ៍មានអ្វីខ្លះ?

2,755

(អាមេរិក)៖ បេសកកម្ម ដ្រាហ្គនហ្វ្លាយ (Dragonfly) របស់អង្គការ NASA ដែលនឹងបញ្ជូនយានប្រភេទដ្រូនទៅកាន់ផ្ទៃព្រះចន្ទ ទីតាន (Titan) របស់ភពសៅរ៍ (Saturn) នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ នឹងជាបេសកកម្មដំបូងបំផុតរបស់មនុស្សលោកយើង ក្នុងការស្រាវជ្រាវនៅលើផ្ទៃព្រះចន្ទនោះ ហើយវាមានគោលដៅធំៗមួយចំនួន។

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមការងារវិទ្យាសាស្រ្តរបស់ Dragonfly បានចេញផ្សាយគោលដៅ និងវត្ថុបំណងនៃបេសកកម្មនេះ ដែលរួមមានដូចជា ការស្វែងរកដាននៃទម្រង់ជីវិត, ការស៊ើបអង្កេតអំពីដំណើរវត្ត នៃសារធាតុមេតានសកម្មរបស់ព្រះចន្ទ Titan ព្រមទាំងការស្រាវជ្រាវលើ សារធាតុគីមីបាយអូទិចដំបូង (prebiotic chemistry) ដែលកំពុងប្រព្រឹត្តទៅនៅក្នុងបរិយាកាសរបស់ Titan និងនៅលើផ្ទៃរបស់វា។

កន្លងមកអង្គការ NASA របស់អាមេរិក ក៏ធ្លាប់បានបញ្ជូនបេសកកម្មមួយហៅថា Huygens ឲ្យទៅសិក្សាព្រះចន្ទ Titan ផងដែរ ប៉ុន្តែវាផ្តោតតែទៅលើបរិយាកាសប៉ុណ្ណោះ។ យាន Huygens ត្រូវបានផលិតឡើងដោយអង្គការអវកាសអឺរ៉ុប ESA និងត្រូវបានដឹកនាំដោយយានអវកាស Cassini របស់អង្គការ NASA។ Huygens ត្រូវបានទម្លាក់ឲ្យចុះទៅដល់ផ្ទៃព្រះចន្ទ Titan កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០០៥។

សម្រាប់បេសកកម្មថ្មីវិញគឺ Dragonfly ពេលទៅដល់លើផ្ទៃព្រះចន្ទ Titan វានឹងចំណាយពេល ១ថ្ងៃនៅទីនោះ (ស្មើនឹង១៦ថ្ងៃរបស់ផែនដី) នៅទីតាំងពិសេសមួយដែលនឹងត្រូវជ្រើសរើស ដើម្បីធ្វើការពិសោធន៍ និងអង្កេតផ្សេងៗ រួចហើយនឹងហោះឆ្ពោះទៅកាន់ទីតាំងថ្មីទៀត។ ក្រុមការងារ Dragonfly នឹងធ្វើការសម្រេចចិត្តអំពី អ្វីដែលយាននេះត្រូវធ្វើបន្ទាប់ទៀត ដោយផ្អែកលើបទពិសោធន៍ ដែលវាទទួលបានពីទីតាំងមុន គឺដូចអ្វីដែលយានរ៉ូវើនៅលើភពអង្គារ (Mars) បានធ្វើរាប់ទសវត្សរ៍មកហើយដែរ។

៦ឆ្នាំទៀតប៉ុណ្ណោះ! តើគោលដៅចម្បងរបស់ Dragonfly លើព្រះចន្ទ Titan នៃភពសៅរ៍មានអ្វីខ្លះ?

គួរបញ្ជាក់ថា កម្លាំងទំនាញខ្សោយ (១ភាគ៧នៃកម្លាំងទំនាញផែនដី) និងស្រទាប់បរិយាកាសក្រាស់ (ក្រាស់ជាងបរិយាកាសផែនដី ៤ដង) ធ្វើឲ្យព្រះចន្ទ Titan ជាកន្លែងយ៉ាងអំណោយផល សម្រាប់យានដែលអាចហោះហើរបាន ដូច្នេះហើយទើប NASA សម្រេចបញ្ជូនយានប្រភេទដ្រូន ក្នុងបេសកកម្ម Dragonfly ទៅកាន់ទីនោះ។ បើមិនមានអ្វីប្រែប្រួលទេ Dragonfly នឹងត្រូវបាញ់បញ្ជូនចេញពីភពផែនដី នៅអំឡុងខែសីហា ឆ្នាំ២០២៧ និងទៅដល់ព្រះចន្ទ Titan នៃភពសៅរ៍នៅឆ្នាំ២០៣៦៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ PHYS.ORG (ថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១)

480×240 Banner