មើលរូបរាងមហារ៉ុក្កែត Super Heavy ពីលើអាកាស! លោក Elon Musk ថានឹងធ្វើតេស្តវាជាមួយ SN20 ប៉ុន្មានសប្តាហ៍ទៀត!

6,465

(អាមេរិក)៖ លោក Elon Musk ស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX បានបង្ហើបឲ្យដឹងថា ការធ្វើតេស្តបាញ់នាវាអវកាស Starship ឡើងទៅកាន់ទីអវកាសជាលើកដំបូង អាចនឹងប្រព្រឹត្តទៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។

កន្លងមក ក្រុមហ៊ុន SpaceX បានធ្វើតេស្តគំរូសាកល្បងមួយចំនួនរបស់នាវាអវកាស Starship ដោយបាញ់ពួកវាឡើងត្រឹមកម្ពស់ខ្ទង់ ១០គីឡូម៉ែត្រ ទៅលើផ្ទៃអាកាសប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ការបាញ់តេស្តថ្មីបំផុតនេះ នាវា Starship ក្នុងទ្រង់ទ្រាយពេញលេញ គឺរួមមានទាំងគ្រាប់រ៉ុក្កែត Super Heavy ហើយនិងយាន Starship ផ្ទាល់ នឹងត្រូវបញ្ជូនឲ្យទៅដល់ទីអវកាស ឬគន្លងគោចរជុំវិញភពផែនដីតែម្តង។

គ្រាប់រ៉ុក្កែត Super Heavy ហៅថា Booster 4 និងគំរូសាកល្បងរបស់ Starship ហៅថា SN20 កំពុងស្ថិតនៅមូលដ្ឋានរបស់ក្រុមហ៊ុន SpaceX ក្នុងរដ្ឋតិចសាស់ ដើម្បីត្រៀមលក្ខណៈសម្រាប់ការធ្វើតេស្ត។ យោងតាមផែនការ ក្រោយពេលបាញ់បង្ហោះឡើងពីផ្ទៃផែនដី កំណាត់គ្រាប់រ៉ុក្កែត Booster 4 នឹងត្រូវផ្តាច់ខ្លួនហើយធ្លាក់ទៅក្នុងសមុទ្រ ខណៈយាន SN20 នឹងធ្វើដំណើរក្រឡឹងផែនដីមួយជុំ មុនពេលទម្លាក់ខ្លួនចូលក្នុងសមុទ្រដែរ។

មើលរូបរាងមហារ៉ុក្កែត Super Heavy ពីលើអាកាស! លោក Elon Musk ថានឹងធ្វើតេស្តវាជាមួយ SN20 ប៉ុន្មានសប្តាហ៍ទៀត!

គួរបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Maxar Technologies ក៏បានបញ្ជាផ្កាយរណប WorldView-3 របស់ខ្លួនឲ្យផ្តិតយករូបភាព រ៉ុក្កែត Super Heavy ដែលកំពុងដាក់បញ្ឈរនៅមូលដ្ឋាន Starbase របស់ក្រុមហ៊ុន SpaceX ស្ថិតនៅឆ្នេរសមុទ្រភាគខាងត្បូងរដ្ឋតិចសាស់ ជាកន្លែងដែលក្រុមហ៊ុន កំពុងធ្វើតេស្តប្រព័ន្ធដឹកជញ្ជូន ទៅកាន់ទីអវកាសឆ្ងាយៗដូចជា Starship នេះជាដើម។

image: Maxar Technologies

យោងតាមការផែនការនៃការធ្វើតេស្ត គឺនៅប៉ុន្មាននាទីក្រោយការបាញ់តេស្តចាប់ផ្តើម រ៉ុក្កែត Super Heavy Booster 4 នឹងផ្តាច់ខ្លួនធ្លាក់ទៅលើផ្ទៃឈូងសមុទ្រម៉ិចស៉ីកូ ហើយនាវាអវកាស SN20 នឹងបន្តធ្វើដំណើរមួយជុំជុំវិញផែនដី មុនធ្លាក់មកលើផ្ទៃមហាសមុទ្រប៉ាស៉ីហ្វិក នៅរយៈពេល ៩០នាទីក្រោយមក នៅក្បែរកោះ កៅអៃ (Kauai) នៃរដ្ឋហាវ៉ៃ។

ក្រោយការធ្វើតេស្តនានាសម្រេចបានជោគជ័យ នាវាអវកាស Starship នឹងបំពាក់ម៉ាស៉ីន Raptor ចំនួនសរុប ០៦គ្រឿង គឺលើសចំនួនដែលបំពាក់នៅតាមយានសាកល្បងទាំងឡាយ ដែលមានត្រឹម ០៣គ្រឿងប៉ុណ្ណោះ ហើយគ្រាប់រ៉ុក្កែត Super Heavy នឹងបំពាក់ដល់ទៅ ៣២គ្រឿង។ Starship គឺជាប្រព័ន្ធយានអវកាសអាចប្រើប្រាស់ឡើងវិញបាន ដែលក្រុមហ៊ុន SpaceX គ្រោងប្រើប្រាស់ដើម្បីដឹកទំនិញ និងមនុស្សទៅឋានព្រះចន្ទ ភពអង្គារ និងកន្លែងផ្សេងៗទៀត ក្នុងប្រព័ន្ធព្រះអាទិត្យនាពេលអនាគត៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១)

480×240 Banner