ទីបំផុតបេសកកម្មយានចិន Zhurong លើភពអង្គារ «សម្រេចគោលដៅចម្បង» តែចិនមិនទាន់បញ្ចប់ត្រឹមនេះទេ…
(ប៉េកាំង)៖ នៅថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១នេះ បេសកកម្មយានរ៉ូបូត Zhurong របស់ប្រទេសចិនបានសម្រេច «គោលដៅចម្បង» រយៈពេល ០៣ខែរបស់ខ្លួន នៅលើផ្ទៃភពព្រះអង្គារហើយ ខណៈរដ្ឋបាលអវកាសជាតិចិន (CNSA) ទើបតែបានប្រកាសរៀបចំ «គោលដៅថ្មី» ដើម្បីឲ្យយាននេះបន្តការស្រាវជ្រាវ ភពក្រហមនោះបន្ថែមទៀត។ ដោយសារតែមួយថ្ងៃ ឬសូល (Sol) លើភពអង្គារស្មើនឹង ២៤ម៉ោង ៤០នាទី នោះវាក៏ស្មើនឹងការបញ្ចប់បេសកកម្មក្នុងរយៈពេល ៩០ Sol ដែលស្មើនឹង ៩២ថ្ងៃ (day) នៅលើភពផែនដី។

គិតចាប់តាំងពីការចុះដល់ផ្ទៃភពអង្គារ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ រ៉ូបូតចិន Zhurong បានចល័តសន្សឹមៗដើម្បីបំបែកកំណត់ត្រារបស់ខ្លួន។ Zhurong បានថត Selfie ជាមួយនឹងជើងទម្រ ដែលបានដឹកនាំវាមកចុះចត និងបានចល័តក្នុងរយៈចម្ងាយ ៨៨៩ម៉ែត្រ នៅលើផ្ទៃភពអង្គារ ដោយបានបន្សល់ទុកស្នាមកង់របស់វា យ៉ាងឆ្វាត់ឆ្វែង។ បើតាមការបញ្ជាក់ Zhurong អាចចល័តលើដីភពអង្គារ បាននៅក្នុងល្បឿន ២០០ម៉ែត្រក្នុង១ម៉ោង។

បន្ថែមពីខាងលើនេះ វាបានផ្តិតយករូបភាពផ្ទៃភពព្រះអង្គារ ដែលអាចនាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រចិន មើលឃើញដុំថ្មចម្លែកៗ និងសណ្តានដីដោយផ្នែកៗ ដែលមានប្រយោជន៍ដល់ការស្រាវជ្រាវភពអង្គារ។ ទីកន្លែងដែល Zhurong បានចុះទៅដល់គឺមានឈ្មោះថា Utopia Planitia ដែលអាចជាអតីតបឹងយក្ស ឬមហាសមុទ្រមួយ ស្ថិតនៅអឌ្ឍគោលខាងជើងនៃភពអង្គារ ដែលមានមុខកាត់ជាង ៣,៣០០គីឡូម៉ែត្រ។

CNSA បានប្រកាសថា ឧបករណ៍វិទ្យាសាស្ត្រទាំង ៦ នៅលើរ៉ូបូត Zhurong នៅតែមានដំណើរការល្អប្រសើរ។ ដោយមានកិច្ចសហការជាមួយ ផ្កាយរណប Tianwen-1 ដែលកំពុងគោចរជុំវិញភពអង្គារ ទិន្នន័យស្រស់ៗបានមកពី Zhurong សរុប ១០ GB រួចមកហើយត្រូវបានបាញ់បញ្ជូនមកផែនដីវិញ។

បើតាមលោក Liu Jianjun ប្រធានផ្នែកឌីសាញ នៃប្រព័ន្ធស្រាវជ្រាវលើដីរបស់បេសកកម្ម Tianwen-1 បានគូសបញ្ជាក់ថា ទិន្នន័យទាំង ១០ GB ខាងលើនេះ អាចនាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រ យល់ដឹងកាន់តែច្រើនអំពីសណ្ឋានដីភពអង្គារបច្ចុប្បន្ន និងអតីតកាលរបស់វា។ លោក Liu បានសង្កត់ធ្ងន់ថា «ពិតប្រាកដណាស់! ការផ្តល់ទិន្នន័យទាំងអស់នេះ មកដល់ក្រុមអ្នកវិទ្យាសាស្ត្រ អាចនាំឲ្យយើងយល់ដឹងកាន់តែស៊ីជម្រៅបន្ថែម ចំពោះសណ្ឋានដីភូមិសាស្ត្រភពអង្គារ ហើយបន្ទាប់មកទៀតក៏អាចនាំយើង រកឃើញភស្តុតាងដែលអាចបញ្ជាក់អំពី មហាសមុទ្របុរាណ នៅក្នុងផ្ទៃរបស់ Utopia Planitia ផងក៏ថាបានដែរ»។

គួរបញ្ជាក់ថា នៅពេលដែលអ្វីៗរៀបចំរួចរាល់ (មិនទាន់កំណត់ពេលវេលាជាក់លាក់) Zhurong នឹងត្រូវបន្តដំណើរទៅមុខទៀត ទៅកាន់ទីតាំងមួយដែលត្រូវបានគេហៅថា «ចង្អូរ ឬជ្រលងតូច» ដែលមានចម្ងាយរហូតដល់ ១.៦គីឡូម៉ែត្រ ពីទីតាំងដែលវាកំពុងស្ថិតនៅបច្ចុប្បន្ន។ Zhurong នឹងចល័តចុះសន្សឹមៗពីមាត់ចង្អូរ ទៅដល់បាតចង្អូរ ហើយក៏ធ្វើការផ្តិតយកអ្វីប្លែកៗ តាមរយៈដំណើរនោះផងដែរ ព្រោះពួកវានឹងក្លាយជាគន្លឹះ ដើម្បីស្វែងយល់ពីអ្វីដែលនៅមានបច្ចុប្បន្ន និងជាពិសេសគឺអតីតកាលរបស់វាតែម្តង៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១)
រូបភាព (images credit)៖ China National Space Agency (CNSA)
