មានភ្លៀងធ្លាក់លើកំពូលកោះយក្ស Greenland? វាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ! ទឹកកកជាច្រើនត្រូវរលាយ (មានវីដេអូ)

50,875

(អឺរ៉ុប)៖ គ្រីនលែនដ៍ (Greenland) ដែលជាកោះទឹកកកធំជាងគេបំផុតក្នុងលោក បានមើលឃើញភ្លៀងធ្លាក់ ជាលើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្រ នៅលើកំពូលកោះនេះដែលយើងហៅថា Greenland’s summit គិតចាប់តាំងពីមានការកត់ត្រាមក ហើយទឹកភ្លៀងសរុបជាង ៧ពាន់លានតោន បានធ្លាក់ពីលើស្រទាប់ផ្ទាំងទឹកកក នៃកោះដែលស្ថិតជាប់ប៉ូលខាងជើងភពផែនដីនេះ។

ភ្លៀងធ្លាក់ខាងលើនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា បានកើតមានឡើងចាប់តាំងពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១មកម្ល៉េះ ប៉ុន្តែព័ត៌មានទើបត្រូវបានបញ្ចេញប៉ុណ្ណោះ ដោយសារតែក្រុមអ្នកវិទ្យាសាស្ត្រ ត្រូវការពេលប្រមូលផ្តុំទិន្នន័យ និងស្វែងយល់អំពីបាតុភូតដែលបានកើតមានឡើងសិន។ ជាធម្មតាអ្វីដែលអាចធ្លាក់លើកំពូលកោះនេះ គឺព្រិលទឹកកក មិនមែនភ្លៀងទឹករាវនោះឡើយ ប៉ុន្តែពេលនេះវាគឺជាភ្លៀងទឹករាវតែម្តង ដែលបានធ្លាក់ពីរទៅបីម៉ោងជាប់គ្នា។

យ៉ាងណាក៏ដោយ នេះជាលើកទី ៣ ហើយនៅក្នុងរយៈពេលជិត ១ទសវត្សរ៍មកនេះ ដែលសីតុណ្ហភាពនៅចំណុចកំពូលកោះ Greenland អាចកើនឡើងរហូតធ្វើឲ្យមានទឹករាវកើតឡើង។ ភ្លៀងបានកើតមានឡើងពីរថ្ងៃ គឺនៅថ្ងៃទី ១៤ និងទី ១៥ ខែសីហា ហើយវាបានរំលាយទឹកកកដែលមានវិសាលភាព ៨៧២,០០០គីឡូម៉ែត្រក្រឡាឯណោះ។

មានភ្លៀងធ្លាក់លើកំពូលកោះយក្ស Greenland? វាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ! ទឹកកកជាច្រើនត្រូវរលាយ…

ជុំវិញបាតុភូតថ្មីខាងលើនេះ ក្រុមអ្នកស្រាវជ្រាវនៃស្ថានីយស្រាវជ្រាវវិទ្យាសាស្ត្រជាតិ (ដាណឺម៉ាក) ស្ថិតនៅលើកំពូលកោះ Greenland ហៅកាត់ថា NSIDC (National Science Foundation’s Summit Station) បានគូសបញ្ជាក់ថា «គ្មានការកត់ត្រាថា ធ្លាប់មានភ្លៀងធ្លាក់នៅតំបន់ខាងលើនេះឡើយ។ ចំនួនទឹកកកដែលបានរលាយ ដោយសារតែភ្លៀងធ្លាក់ក្នុងពេលប៉ុន្មានម៉ោងនោះ គឺស្មើនឹងចំនួនទឹកកកដែលរលាយ ក្នុងរយៈពេលមួយសប្តាហ៍នៅតំបន់នោះ នៅក្នុងកំលុងរដូវកាលដូចគ្នារាល់ឆ្នាំ»។

បើតាមក្រុមអ្នកស្រាវជ្រាវនៃ NSIDC វាជាសញ្ញាថ្មីមួយទៀត ដែលបង្ហាញអំពីការប្រែប្រួលអាកាសធាតុយ៉ាងឆាប់រហ័ស ដែលមិនអាចគណនាទុកមុនបាន សម្រាប់ភពផែនដីនេះ។ បើតាមអ្នកវិទ្យាសាស្ត្រមួយរូបនៅ NSIDC អ្វីដែលបានកើតមានឡើងលើកនេះ គឺមិនមែនដោយសារតែការប្រែប្រួលអាកាសធាតុ បង្កឡើងដោយការកើនឡើងកម្តៅផែនដី ដូចយើងគិតធម្មតាៗតែមួយមុខនោះឡើយ ប៉ុន្តែវាជាការប្រែប្រួលយ៉ាងរហ័សបំផុត ដែលគ្មាននរណាអាចស្មានទុកមុនបាន។

ដោយឡែកកាលពីខែកក្កដាកន្លងទៅថ្មីៗនេះ គឺត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រហៅថា ជាព្រឹត្តិការណ៍រលាយទឹកកកដ៏កម្រោលលើផែនដី ដោយក្នុងនោះទឹកកកជាមធ្យម ៩.៣៧ពាន់លានតោនបានរលាយក្នុងមួយថ្ងៃៗ។ វាត្រូវបានចាត់ទុកជាកម្រិតខ្ពស់គុណនឹង ២ បើធៀបនឹងរដូវក្តៅដូចគ្នាកាលពីឆ្នាំមុន។ សម្រាប់ Greenland ប្រសិនបើស្រទាប់ផ្ទាំងទឹកកកនៅលើ និងជុំវិញកោះយក្សនេះ រលាយអស់ទាំងស្រុងតែម្តងនោះ វានឹងធ្វើឲ្យនីវ៉ូទឹកសមុទ្រទូទាំំងផែនដី កើនឡើងរហូតដល់ ៦ម៉ែត្រ។

គួរបញ្ជាក់តាម ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រនៃវិទ្យាស្ថាន NSIDC បានពន្យល់ថា ព្រឹត្តិការណ៍ដែលនាំឲ្យមានភ្លៀងទឹករាវ ធ្លាក់ពីលើកំពូលកោះ Greenland គឺមានឈ្មោះថា អង់ទីស៊ីក្លូន (Anitcyclone)។ ព្រឹត្តិការណ៍ Anitcyclone គឺជាតំបន់មួយចំនួន ដែលរងសម្ពាធបរិយាកាសខ្ពស់ (កម្តៅ) ដែលអាចរំលាយធាតុត្រជាក់នៅក្នុងខ្យល់ ហើយធ្វើឲ្យមានភ្លៀងទឹករាវកើតឡើង នៅតំបន់ដែលធ្លាប់តែមានការធ្លាក់ព្រិលទឹកកក។ ស្ថានភាពនៃ Anitcyclone អាចឲ្យតំបន់ណាមួយដែលរងបាតុភូតនេះ ទទួលរងរលកកម្តៅរយៈពេលយូរផងដែរ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Live Sicence (ថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១)

480×240 Banner