ប៊ិះ! អឺរ៉ុបផ្តិតបានទិដ្ឋភាព​ផ្ទាំងទឹកកកធំជាងសិង្ហបុរី អណ្តែតប៊ិះបុកនឹងធ្នើទឹកកក ទ្វីបអង់តាក់ទិក (មានវីដេអូ)

4,467

(អឺរ៉ុប)៖ ផ្កាយរណបអង្កេតផែនដីឈ្មោះ Copernicus Sentinel-1 របស់ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានអង្កេតបាតុភូតដ៏គួរឲ្យព្រឺព្រួចមួយ នោះគឺផ្ទាំងទឹកកកយក្ស A-74 ដែលមានទំហំ ១,២៧០គីឡូម៉ែត្រក្រលា ឬជិតស្មើទំហំប្រទេសសិង្ហបុរីគុណនឹង ២ អណ្តែតប៊ិះទៅបុកនឹងធ្នើទឹកកក Brunt Ice Shelf នៃទ្វីបអង់តាក់ទិកទៅហើយ កាលពីអំលុងពាក់កណ្តាខែសីហា ឆ្នាំ២០២១។

យោងតាមការអង្កេតជានិច្ចរបស់ផ្កាយរណប ESA ផ្ទាំងទឹកកក A-74 បានរបេះចេញពីធ្នើទឹកកក Brunt Ice Shelf តាំងតែពីដើមឆ្នាំ២០២១ មកម្ល៉េះ ប៉ុន្តែវាមិនបានអណ្តែតទៅណាឡើយ ដោយបាននៅសម្ងំជិតៗ Brunt Ice Shelf រហូតដល់ទៅរយៈពេល ៦ខែ។ ប៉ុន្តែឈានចូលដល់ខែសីហានេះ ដែលមានខ្យល់បោកបក់ខ្លាំង ផ្ទាំងទឹកកក A-74 បានចាប់ផ្តើមចល័តផ្លាស់ទី ហើយនៅអំលុងថ្ងៃទី ៩-១៨ ខែសីហា A-74 ស្ទើរតែបុកពេញទំហំជាមួយ Brunt Ice Shelf ទៅហើយ។

ប៊ិះបុក! ផ្កាយរណបអឺរ៉ុបផ្តិតបាន ទិដ្ឋភាពផ្ទាំងទឹកកកធំជាងសិង្ហបុរី អណ្តែតប៊ិះបុកនឹងធ្នើទឹកកក ទ្វីបអង់តាក់ទិក (មានរូបភាព)

ផ្កាយរណប Copernicus Sentinel-1 របស់ ESA បានតាមដានយ៉ា់ងដិតដល់បំផុត ចំពោះបាតុភូតខាងលើនេះ ព្រោះប្រសិនបើ A-74 បុកទង្គិចពេញទំហឹងជាមួយធ្នើទឹកកក Brunt Ice Shelf ដែលនៅខាំជាប់ទ្វីបអង់តាក់ទិកនោះ ផ្ទាំងទឹកកកយក្សថ្មីដែលមានទំហំយ៉ាងហោចណាស់ ១,៧០០គីឡូម៉ែត្រក្រលាទៀត នឹងត្រូវដាច់របេះចេញពីធ្នើនេះជាក់ជាមិនខាន។

គួរបញ្ជាក់ថា រូបភាពជាឯកសារ Gif ដែលមានចលនាខាងលើនេះ តាមពិតទៅគឺត្រូវបានថតនៅពេលយប់ប៉ុណ្ណោះ ដោយសារតែតំបន់ខាងលើនេះ ឈានចូលដល់រដូវមួយ ដែលមិនស្គាល់ពន្លឺព្រះអាទិត្យនោះឡើយ សម្រាប់រយៈពេល ២៤ម៉ោងក្នុងមួយថ្ងៃតែម្តង។ នៅក្នុងរដូវនេះ តំបន់ដែល Brunt Ice Shelf ស្ថិតនៅ តែងតែទទួលរងនូវខ្យល់បោកបក់ខ្លាំង ដោយមានព្យុះ និងពពកច្រើនផងដែរ ដែលជាហេតុបង្កឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ពិបាកក្នុងការសិក្សាស្រាវជ្រាវ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១)

480×240 Banner