ការស្វែងរក Alien គួរតែត្រូវបើកចំហឲ្យធំជាងមុន, ក្រុមអ្នកវិទ្យាសាស្ត្រចែកជំពូកភព Alien ថ្មីមួយទៀតគឺ «Hycean» (មានវីដេអូ)

7,305

(បរទេស)៖ ការសិក្សាថ្មីមួយដោយក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានជំរុញឲ្យមានការបើកចំហរជើងមេឃ ឲ្យកាន់តែទូលំទូលាយជាងសព្វថ្ងៃ ដើម្បីស្វែងរក និងយល់ដឹងអំពីពពួកភព exoplanets ដែលមានលក្ខណៈសម្បត្តិដូចផែនដី និងកំពុងផ្ទុកជីវិតអេលៀន (Alien) នៅក្នុងទម្រង់ផ្សេងៗ។

ការសិក្សាស្វែងយល់អំពីលទ្ធភាព ដែលភពណាមួយអាចទ្រទ្រង់ជីវិតបាន ឬមួយក៏អត់នោះ គឺតែងតែយកលក្ខណៈសម្បត្តិនានា ដែលភពផែនដីយើងកំពុងមាន ធ្វើជាគំរូ។ ប៉ុន្តែបើតាមក្រុមអ្នកវិទ្យាសាស្ត្រស្រាវជ្រាវចក្រវាល ភពក្នុងចំនួនច្រើនណាស់ ដែលនៅតែអាចអំណោយផលដល់ការកកើតជីវិត ទោះបីជាពួកវាទាំងអស់នោះ មិនសូវមានលក្ខណៈដូចភពផែនដីយើងក៏ដោយ។

ការសិក្សាខាងលើនេះ បានដាក់បញ្ចូលពពួកភពអេលៀន ឲ្យស្ថិតនៅក្នុងជំពូក ឬលំដាប់ថ្នាក់មួយថ្មីទៀតនោះគឺ ហាយសៀន «Hycean»«មហាសមុទ្រ»។ Hycean គឺជាពពួកភពដែលគ្របដណ្តប់ដោយមហាសមុទ្រធំធេង និងមានបរិយាកាសពោពេញដោយឧស្ម័នអ៊ីដ្រូស៊ែន ហើយអាចមានទំហំរហូតដល់ ២.៥ដង ធំជាងភពផែនដីរបស់យើង។

ពពួកភព Hyceans ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា មានចំនួនច្រើនស្ទើរមិនគួរឲ្យជឿ នៅក្នុងកាឡាក់ស៊ីមាលគីវេយ៍ (Mily Way) យើងនេះ ហើយពួកវាអាចជាកន្លែងផ្ទុកវត្តមានរបស់ពពួកមីក្រូសារពាង្គកាយ ដែលអាចតស៊ូនឹងបរិស្ថានលំបាកៗ មិនខុសពីជីវិតដែលកំពុងមានវត្តមាន នៅតាមទីតាំងប្រកបដោយបរិស្ថានអាក្រក់់ៗបំផុត នៅលើភពផែនដីយើងនេះឡើយ។

អ្នកដឹកនាំការស្រាវជ្រាវមួយរូប មកពីវិទ្យាស្ថានតារាសាស្ត្រនៃសាកលវិទ្យាល័យ Cambridge ចក្រភពអង់គ្លេស លោក Nikku Madhusudhan បានលើកឡើងថា «ពពួកភព Hyceans គឺជាការបើកទំព័រថ្មីទាំងស្រុង នៃការស្វែងរកជីវិតក្រៅភព»។

បើនិយាយឲ្យងាយយល់ ពពួកភព Hyceans គឺមិនសូវខុសពីពពួកភព Exoplanets ចម្បងចំនួនពីរប្រភេទធំៗ ដែលក្រុមតារាវិទូបានបែងចែកកន្លងមកនេះឡើយ ទីមួយគឺពពួកភពថ្ម «Rocky super-Earths» ដែលមានទំហំប្រហាក់ប្រហែលផែនដី និងទីពីរគឺពពួកភព ដែលគ្របដណ្តប់ដោយឧស្ម័នក្រាស់ «gassy mini-Neptunes» ដែលមានទំហំធំជាងផែនដី ប៉ុន្តែតូចជាងភពណិបទូន។

ប៉ុន្តែសម្រាប់ពពួកភព Hyceans គឺប្លែកជាង Exoplanet ទាំងពីរជំពូកខាងលើនេះ ព្រោះវាមានដង់ស៊ីតេ (density) ចន្លោះរវាងពពួកភព Rocky super-Earths និង gassy mini-Neptunes។ Hyceans ក៏មានភាពចំរុះផងដែរ ដោយភពប្រភេទនេះខ្លះ ដែលគោចរកៀកនឹងផ្កាយមេពួកវាខ្លាំងពេក អាចនាំឲ្យពួកវាស្ថិតក្នុងគន្លងបិទ ឬ locked (មួយចំហៀងបែររកផ្កាយរហូត និងមួយចំហៀងទៀតងងឹតរហូត)។ ដោយឡែកសម្រាប់ Hyceans ផ្សេងទៀត គោចរនៅឆ្ងាយពីផ្កាយមេពួកវាខ្លាំង ដែលអាចនាំឲ្យពួកវាទទួលរងធាតុវិទ្យុសកម្ម ក្នុងកម្រិតទាប។

ទោះជាយ៉ាងណា ក្រុមអ្នកស្រាវជ្រាវហ៊ានអះអាងថា ជីវិតពិតជាអាចកើតមាន នៅលើពពួកភព Hyceans ដ៏លំបាកលំបិនខាងលើនេះ។ ឧទាហរណ៍ នៅពេលដែលផ្នែកពេលយប់របស់ភព Hyceans ទាំងនោះមានវត្តមានទឹករាវ ឬនិយាយជារួម ប្រសិនពពួកភពជំពូក Hycean ណាមួយអាចមានលទ្ធភាព បង្កើតទឹករាវលើផ្ទៃវាបាន នោះជីវិតអាចនឹងកកើតឡើង។

ការស្វែងរកជីវិត Alien គួរតែត្រូវបើកចំហឲ្យធំជាងមុន, ក្រុមអ្នកវិទ្យាសាស្ត្រ ចែកជំពូកភព Alien ថ្មីមួយទៀតហៅថា «Hycean»

បន្ថែមពីខាងលើនេះទៀត ជំពូកភព Hycean ក៏អាចជាទីកន្លែងសម្រាប់ធ្វើការស្រាវជ្រាវ រកជីវឧស្ម័នដូចជា មេតាន (methane) និង អុកស៊ីសែន (O2) ផងដែរ។ ក្រុមអ្នកវិទ្យាសាស្ត្រខាងលើជឿជាក់ថា ការស្វែងរកឧស្ម័នទាំងអស់នេះ នៅលើពពួកភព Hyceans អាចជារឿងងាយជាងពពួកភព exoplanets ផ្សេងៗទៀត ព្រោះដោយសារបរិយាកាសកញ្ជ្រោល និងក្តៅរបស់ Hycean ធ្វើឲ្យយើងងាយរកឃើញជីវឧស្ម័នទាំងនេះ នៅក្នុងបរិយាកាសរបស់វា។

គួរបញ្ជាក់តាមលោក Madhusudhan បានលើកឡើងថា ក្រុមការងារស្រាវជ្រាវរបស់លោក អាចនឹងចាប់ផ្តើមសិក្សាស្រាវជ្រាវអំពី Hyceans ក្នុងពេលឆាប់ៗខាងមុខនេះហើយ គឺនៅក្រោយការបាញ់បង្ហោះតេឡេស្កូបអវកាស តម្លៃជិត ១០ពាន់លានដុល្លាររបស់អង្គការ NASA មានឈ្មោះថា James Webb ដែលនឹងត្រូវធ្វើឡើងតាមកាលកំណត់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។ គោលដៅចម្បងរបស់លោក Madhusudhan គឺទៅលើពពួកតារាក្រហមទំហំមធ្យម (red dwarf) ដែលមានចម្ងាយចាប់ពី ៣៥-១៥០ឆ្នាំពន្លឺពីភពផែនដី៕ (១ឆ្នាំពន្លឺ = ៩.៤៦ពាន់ពាន់លានគីឡូម៉ែត្រ)

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Space.com (ថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១)

480×240 Banner