តើយានអវកាសមួយអាចហោះឆ្លងកាត់ ភពឧស្ម័នយក្សដូចជា Jupiter បានដែរឬទេ? (មានវីដេអូបកស្រាយ)

4,143

(អាមេរិក)៖ អង្គការ NASA បានទម្លាក់យានអវកាសចំនួន ០៣ គ្រឿងរួចមកហើយ ទៅក្នុងភពឧស្ម័នយក្សនៃប្រព័ន្ធព្រះអាទិត្យយើង។ ពីរគ្រឿងក្នុងចំណោមនោះគឺយាន កាលីឡេអូ (Galileo) និងយានកាស៊ីនី (Cassini) បានបញ្ចប់បេសកកម្មរបស់ពួកវា ដោយការទម្លាក់ខ្លួនកម្ទេចចោល ទៅក្នុងបរិយាកាសនៃភពព្រហស្បតិ៍ និងភពសៅរ៍ (Saturn)។ ប៉ុន្តែយានអវកាស Galileo បានទៅជាមួយអ្នកដំណើរម្នាក់ ដែលជាយានស៊ើបអង្កេតត្រូវបានរចនាឡើង ដើម្បីទម្លាក់ចូលទៅក្នុងបរិយាកាស ភពភព្រហស្បតិ៍ជាមួយវាដែរ។ ដូច្នេះយើងអាចនិយាយបានថា មានយានសរុបទាំងអស់ ០៣គ្រឿង។

NASA បានបាត់បង់ទំនាក់ទំនងជាមួយ យានស៊ើបអង្កេតនៅជាប់ខ្លួនយានអវកាស Galileo បន្ទាប់ពីរយៈពេលប្រហែលមួយម៉ោង ដែលវាបានចុះដល់ជម្រៅ ១៥០គីឡូម៉ែត្រ ទៅក្នុងបរិយាកាសរបស់ភពព្រហស្បតិ៍។ កាលណោះអ្នកវិទ្យាសាស្ត្រមិនប្រាកដថា តើយានស៊ើបអង្កេតនោះចុះបានជ្រៅប៉ុណ្ណា មុនពេលវាត្រូវបានបំផ្លាញដោយសម្ពាធ និងសីតុណ្ហភាពដ៏ខ្ពស់របស់ភពព្រហស្បតិ៍នោះឡើយ។

ប៉ុន្តែតើយើងអាចបញ្ជូនយានអវកាសមួយ ឲ្យហោះឆ្លងកាត់ខ្លួនភពឧស្ម័នយក្សដូចជា ភពព្រហស្បតិ៍ ឬភពសៅរ៍បានដែរឬទេ? ដោយសារភពដ៏ធំសម្បើមទាំងនេះ មិនមានផ្ទៃរឹងដែលអាចឲ្យយានចតលើបាន តើយានអវកាសមួយអាចហោះឆ្លងកាត់ ភពយក្សឧស្ម័ននោះបានទេ? យោងតាមលោក Leigh Fletcher សាស្ត្រាចារ្យចូលរួមសហការស្រាវជ្រាវ ស្តីពីវិទ្យាសាស្ត្រភពនៅសាកលវិទ្យាល័យ Leicester ចក្រភពអង់គ្លេស បានប្រាប់ចម្លើយយ៉ាងខ្លីថា «ទេ»។ យានអវកាសមួយមិនអាចនៅរក្សារូបរាងបាន ពេលធ្វើដំណើរឆ្លងកាត់យក្សឧស្ម័នឡើយ។

បញ្ហាធំៗក្នុងការព្យាយាមហោះហើរឆ្លងកាត់យក្សឧស្ម័ន នោះគឺ ដង់ស៊ីតេ (Density), សម្ពាធ (Pressure) និងសីតុណ្ហភាព (Temperature) ទាំងអស់នេះនឹងកើនឥទ្ធិពលដល់កម្រិតដ៏ខ្លាំងបំផុត នៅពេលយានចល័តចូល ទៅខាងក្នុងផ្ទៃភពឧស្ម័នយក្ស។ បើតាមសាស្ត្រាចារ្យ Leigh Fletcher បានប្រាប់សារព័ត៌មាន Live Science ថា នៅក្បែរស្នូលភពព្រហស្បតិ៍ អ៊ីដ្រូសែន (hydrogen) ដែលឧស្ម័នធម្មតា គឺក្លាយជាលោហៈរាវ (liquid metal) ដែលធ្វើឱ្យតំបន់នេះមានសភាពក្តៅគគុក ដូចជាផ្ទៃស្រទាប់លើនៃព្រះអាទិត្យយ៉ាងដូច្នោះឯង។

ដើម្បីផ្តល់នូវអារម្មណ៍នៃសម្ពាធ នៅពេលអ្នកទៅជិតតំបន់កណ្តាលភពព្រហស្បតិ៍ សូមពិចារណាចំពោះអន្លង់ ម៉ារីយ៉ាន ( Mariana Trench) នៅលើផែនដី ដែលជាចំណុចជ្រៅបំផុត នៅក្នុងមហាសមុទ្ររបស់យើង។ នៅជម្រៅជិត ១១ គីឡូម៉ែត្រ សម្ពាធឈានដល់ជាង ១,០០០ បារ (bars) ឬ ១០០,០០០ គីឡូប៉ាស្កាល់ (kilopascals) ដែលអ្នកនឹងមានអារម្មណ៍ដូចជារងសម្ពាធ ៨ តោន ក្នុងមួយអ៊ីញការ៉េ (square inch) ឬ ៧០៣ គីឡូក្រាមក្នុងមួយម៉ែត្រការ៉េ (square meter)។

នៅក្នុងកម្រិតទឹកសមុទ្រធម្មតា លោកអ្នកត្រឹមអាចជួបសម្ពាធប្រហែល ១ បារ (១០០ គីឡូប៉ាស្កាល់)។ លោក Fletcher បាននិយាយថា នៅក្បែរចំណុចកណ្តាលនៃភពព្រហស្បតិ៍ សម្ពាធនឹងលោតដល់មេហ្គាបារ ឬ ១លានបារ។ លើសពីសម្ពាធដ៏ខ្លាំងសម្បើមទាំងនោះ សីតុណ្ហភាពវិញក៏កើនឡើងដល់ រាប់សែនអង្សាសេផងដែរ។ លោក Fletcher បានពន្យល់ទៀតថា នៅពេលនោះយានអវកាសមួយ នឹងមិនត្រឹមតែត្រូវកម្ទេច ឬធ្វើឲ្យបែកខ្ញែកខ្លួននោះទេ តែវាក៏នឹងត្រូវរំលាយឲ្យទៅជាអាតូម ដែលនឹងក្លាយជាគ្រឿងផ្សំបន្ថែម សម្រាប់ខ្លួនភពឧស្ម័នយក្សនោះផងដែរ។

លោក Fletcher បាននិយាយថា អ្វីដែលត្រូវគិតទីមួយ នោះគឺយានស៊ើបអង្កេតភពយក្សឧស្ម័នដ៏ល្អ ត្រូវតែមានរាងដូចគ្រាប់កាំភ្លើង ដើម្បីធ្វើឱ្យវាចល័តប្រកបដោយទិសដៅមុតស្រួច និងអនុញ្ញាតឱ្យវាទម្លាក់ខ្លួនចុះក្នុងសន្ទុះខ្លាំង តាមដែលអាចធ្វើទៅបាន។ នៅពេលដែលយានអវកាសចាប់ផ្តើមបុកចូលបរិយាកាស វានឹងជួបពពកអាម៉ូញាក់ (ammonia clouds) ហើយអាចឆ្លងកាត់ផ្ទៃមេឃពណ៌ខៀវ ស្រដៀងនឹងអ្វីកើតឡើងនៅក្នុងបរិយាកាសផែនដី។

តើយានអវកាសមួយអាចហោះឆ្លងកាត់ ភពឧស្ម័នយក្សដូចជា Jupiter បានដែរឬទេ?

លោក Fletcher បានបកស្រាយទៀតថា បន្ទាប់ពីឆ្លងកាត់ពពកមានពណ៌ក្រហមឆ្អិនឆ្អៅ និងក្រហមលាយត្នោត យានអវកាសនឹងទៅដល់ជម្រៅប្រហែល ៨០ គីឡូម៉ែត្រ ដែលជាតំបន់ពោពេញដោយ ពពកស្ថិតនៅពីលើខ្ពស់ៗ (Cumulonimbu) និងទំនងជាត្រូវបានបង្កើតឡើង ដោយសារតែចលនាព្យុះ និងផ្គររន្ទះដ៏កញ្ជ្រោល។

លោក Fletcher បានបន្តទៀតថា នៅពេលយានមុជកាន់តែជ្រៅបន្ថែមទៀតចាប់ពី ៧,០០០ – ១៤,០០០គីឡូម៉ែត្រ យានអវកាសនឹងជួបបរិយាកាសដ៏ក្តៅខ្លាំង ហើយដែលបរិយាកាសខ្លួនឯងនោះ នឹងបញ្ចេញពន្លឺតែម្តង។ នេះគឺជាកន្លែងដែលសីតុណ្ហភាពកើនឡើងដល់ រាប់ម៉ឺនទៅរាប់សែនអង្សាសេ ហើយសម្ពាធកើនឡើងដល់មេហ្គាបារ (megabar)។ ទីនេះហើយគឺជាកន្លែង ដែលយានអវកាសចាប់ផ្តើមត្រូវរំលាយខ្លួន។

គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រនៅតែមាន ភាពស្រពិចស្រពិលនៅឡើយ អំពីលក្ខណៈផ្ទៃក្នុងរបស់ភពព្រហស្បតិ៍ ជាពិសេសគឺនៅត្រង់តំបន់ដែល អ៊ីដ្រូសែន និង អេល្យូម (Helium) ក្លាយជាទៅអង្គធាតុរាវ ខណៈដែលនៅលើផែនដី ពួកវាគឺជាឧស្ម័នប៉ុណ្ណោះ។ បន្ថែមពីនេះ ចំពោះការដែលអ្នកវិទ្យាសាស្ត្រធ្លាប់បានអះអាងថា ភពព្រហស្បតិ៍មានស្នូលរឹង ដែលមានទំហំស្មើនឹងភពផែនដីគុណហ្នឹង ២០ ឬក៏ធំជាងនេះនោះ ក៏កំពុងស្ថិតនៅក្នុងមន្ទិលនៅឡើយដែរ។

ទោះបីជាយានអវកាស Juno កំពុងស្ថិតនៅទីនោះមែន ប៉ុន្តែផ្ទៃក្នុងភពព្រហស្បតិ៍ដ៏អាថ៌កំបាំង ពិតជាមិនងាយនៅក្នុងការបកស្រាយនោះទេ។ យ៉ាងណាក៏ដោយ លោក Fletcher បាននិយាយបែបនេះវិញថា ទាំងយានអវកាស Galileo និងយាន Probe ជាប់ខ្លួនវា ព្រមទាំងយាន Cassini ផងដែរ សុទ្ធតែមិនបានបាត់់បង់ទៅណាឡើយ ដោយពួកវាទាំងនេះបានត្រូវរំលាយ ឲ្យក្លាយជាអាតូមធាតុផ្សំរបស់ភពព្រហស្បតិ៍ និងភពសៅរ៍ទៅហើយ៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Live Science (ថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១)

480×240 Banner