តើមនុស្សលោកអាចផុតពូជឬទេ បើគ្រោះធម្មជាតិវិវឌ្ឍកាន់តែអាក្រក់? (មានវីដេអូបកស្រាយ)

1,611

(បរទេស)៖ បច្ចុប្បន្នពិភពលោកកំពុងមើលឃើញ ផលប៉ះពាល់កាន់តែជាក់ស្តែងទៅៗ នៃបាតុភូតបម្រែបម្រួលអាកាសធាតុ ដូចជាការកើនឡើងខ្ពស់នៃកម្តៅភពផែនដី ព្យុះសាហាវៗ ទឹកជំនន់អាក្រក់ៗ ព្រមទាំងរដូវភ្លើងឆេះព្រៃ ដែលមានសភាពធ្ងន់ធ្ងរទៅៗ និងអូសបន្លាយកាន់តែយូរ។ អ្នកវិទ្យាសាស្រ្តបានព្រមានរួចហើយថា ការមិនអើពើចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ នឹងបង្កទុក្ខវេទនាធ្ងន់ធ្ងរដល់មនុស្សលោក។ ប៉ុន្តែប្រសិនបើអ្វីៗឈានដល់កម្រិតអាក្រក់ខ្លាំងបំផុត តើបាតុភូតបម្រែប្រួលអាកាសធាតុ បង្កធ្វើឲ្យមនុស្សផុតពូជដែរឬទេ?

ក្រុមអ្នកវិទ្យាសាស្រ្តទើបតែបានធ្វើការព្យាករណ៍ លើសេណារីយ៉ូអាក្រក់ៗជាច្រើន ប្រសិនបើបម្រែបម្រួលអាកាសធាតុ មិនត្រូវបានដោះស្រាយ និងព្យាយាមគ្រប់គ្រង។ ប្រសិនបើយើងគិតតែអំពីផលប៉ះពាល់ដោយផ្ទាល់របស់វា នោះគឺមនុស្សយើងនឹងមិនប្រឈមការផុតពូជឡើយ។ យ៉ាងណាមិញ ផលប៉ះពាល់ដោយប្រយោលពីបម្រែបម្រួលអាកាសធាតុ នឹងនៅតែអាចបង្កការគំរាមកំហែងដល់អាយុជីវិត មនុស្សរាប់រយលាននាក់នៅលើផែនដី ដូចជាតាមរយៈការបង្កគ្រោះរាំងស្ងួត និងកង្វះស្បៀងអាហារ ដែលបញ្ហាទាំងនេះអាចនាំទៅរក ការដួលរលំនៃសង្គមជាតិ និងបង្កទៅជាសង្រ្គាមនៅលើពិភពលោកបាន។

តើមនុស្សលោកអាចផុតពូជឬទេ បើគ្រោះធម្មជាតិវិវឌ្ឍកាន់តែអាក្រក់? (មានវីដេអូបកស្រាយ)

បើតាមអ្នកវិទ្យាសាស្រ្ត មានតែសេណារីយ៉ូមួយគត់ នៃផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ដែលអាចធ្វើឲ្យមនុស្សផុតពូជដោយផ្ទាល់បាន គឺនៅពេលដែលបរិយាកាសផែនដី ផ្ទុកបរិមាណឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតមួយ ដែលធ្វើឲ្យភពយើងស្រូបយកកម្តៅខ្លាំងជាងការបញ្ចេញទៅវិញ រហូតធ្វើឲ្យទឹកទាំងអស់ ត្រូវហួតហែងពីលើផ្ទៃផែនដី ដែលលែងមានអ្វីសម្រាប់ទ្រទ្រង់ជីវិតតទៅទៀត។ សំណាងល្អ សេណារីយ៉ូបែបនេះ «មិនអាចទៅរួចទេ» នៅលើផែនដីទេ។ ភពសុក្រ (Venus) គឺបានជួបរឿងនេះ ប៉ុន្តែវាស្ថិតនៅជិតព្រះអាទិត្យជាងផែនដី ហើយមានបរិយាកាសក្រាស់ ដែលសម្បូរទៅដោយឧស្ម័នកាបូនឌីអុកស៉ីត។

ទោះជាយ៉ាងណា អ្នកជំនាញនៅតែទទូចថា «វានៅមិនទាន់យឺតពេលទេ» ក្នុងការប្រឹងប្រែងបញ្ចៀសសេណារីយ៉ូអាក្រក់ នៃផលប៉ះពាល់របស់បម្រែបម្រួលអាកាសធាតុ តាមរយៈការរួមគ្នា «កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់» ទៅក្នុងបរិយាកាសផែនដី៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Live Science (ថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១)

480×240 Banner