ចិនបង្ហោះរូបភាពកូនឧទ្ធម្ភាគចក្រ សម្រាប់ស្រាវជ្រាវភពអង្គារ, មើលទៅស្រដៀង Ingenuity របស់ NASA
(បរទេស)៖ ចិនទើបតែបង្ហាញរូបភាព កូនឧទ្ធម្ភាគចក្រសាកល្បងមួយ សម្រាប់ប្រើប្រាស់ក្នុងបេសកកម្មនាពេលអនាគតរបស់ខ្លួន ទៅកាន់ភពអង្គារ។ រូបភាពរបស់កូនឧទ្ធម្ភាគចក្រនោះ ដែលត្រូវបានបង្ហោះនៅលើវែបសាយរបស់ មជ្ឈមណ្ឌលវិទ្យាសាស្រ្តផ្នែកអវកាសចិន បង្ហាញឲ្យឃើញថា វាមានរូបរាងស្រដៀងគ្នាដែរ ទៅនឹងកូនឧទ្ធម្ភាគចក្រ Ingenuity របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលបច្ចុប្បន្នកំពុងបំពេញបេសកកម្ម នៅលើផ្ទៃភពអង្គារ។

យ៉ាងណាក៏ដោយ អាជ្ញាធរអវកាសចិនមិនបាននិយាយអ្វីលម្អិតទេ គឺបានត្រឹមបង្ហើបថា វាអាចជាឧបករណ៍សម្រាប់បេសកកម្មរុករក បន្តបន្ទាប់ទៀត របស់ប្រទេសចិននៅភពអង្គារ បន្ទាប់ពីការទទួលជោគជ័យយ៉ាងធំធេងជាប្រវត្តិសាស្ត្រ នៃបេសកកម្ម រ៉ូបូត និងផ្កាយរណប Tianwen-1។ កាលពីខែឧសភា ឆ្នាំ២០២១នេះ ចិនបានទទួលជោគជ័យ ក្នុងការចុះចតយានរ៉ូបូតសម្រាប់ចល័តលើដីឈ្មោះ ជូយ៉ង (Zhurong) ទៅលើផ្ទៃភពអង្គារ ក្នុងបេសកកម្ម Tianwen-1។ វាគឺជាបេសកកម្មលើកដំបូងបំផុតរបស់ចិន ឆ្ពោះទៅកាន់ភពក្រហមនោះ។

ចំណែកយានរ៉ូបូតចល័តលើដី Perseverance និងកូនឧទ្ធម្ភាគចក្រ Ingenuity របស់អាមេរិក បានទៅដល់លើផ្ទៃភពអង្គារ កាលពីខែកុម្ភៈ ឆ្នាំដដែល។ មកទល់ឥឡូវ កូនឧទ្ធម្ភាគចក្រ Ingenuity បានហោះហើរជាង ១០លើកហើយ ចាប់តាំងពីខែមេសាមក ដោយគិតជាចម្ងាយសរុបជាង ២គីឡូម៉ែត្រ និងរយៈពេលសរុបប្រហែល ២០នាទី៕

ប្រភព៖ Reuters (ថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១)
