ចិនគ្រោងសិក្សាអំពីការកសាង «នាវាអវកាសប្រវែង១គីឡូម៉ែត្រ» ប៉ុន្តែសំនួររសើបបានលេចឡើង…
(បរទេស)៖ ប្រទេសចិនកំពុងតែគិតគូរអំពីការសាងសង់ «នាវាអវកាសយក្សប្រវែង ១គីឡូម៉ែត្រ» ដែលស្រដៀងនៅក្នុងខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រ និងអវកាសមួយចំនួនដែរ។ ប៉ុន្តែសំនួររដ៏រសើបខ្លះក៏បានលេចឡើងផងដែរថា តើគម្រោងធំធេងជ្រុលបែបនេះ អាចសម្រេចទៅរួចឬទេ? ហើយថាតើចិនត្រូវកសាងនាវាអវកាស វែងអន្លាយបែបនេះដើម្បីអ្វី?

តាមពិតទៅគំនិតខាងលើនេះគឺស្ថិតនៅក្នុងគម្រោង ដែលត្រៀមដាក់ឲ្យសិក្សាស្រាវជ្រាវមួយប៉ុណ្ណោះ នៃមូលនិធិវិទ្យាសាស្ត្រធម្មជាតិនៃប្រទេសចិន ជាទីភ្នាក់ងារចំណុះឲ្យក្រសួងបច្ចេកវិទ្យា និងវិទ្យាសាស្ត្រចិន។ បើតាមការស្រមើស្រមៃអំពីរូបភាព វាគឺជានាវាអវកាសនៃអនាគត ដែលអាចនឹងត្រូវប្រើប្រាស់សម្រាប់ការបកស្រាយអាថ៌កំបាំងនៃចក្រវាល និងការរស់នៅរយៈពេលវែង នៅក្នុងយានដែលចល័តក្នុងលំហអវកាស។

មូលនិធិខាងលើនេះចង់ឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការស្រាវជ្រាវទៅលើវិធីសាស្រ្តរចនាថ្មី នូវនាវាអវកាសដែលមានទម្ងន់ស្រាល និងអាចកំណត់ចំនួនសម្ភារៈសំណង់ ដែលត្រូវដាក់នៅលើគន្លងគោចរ ព្រមទាំងបច្ចេកទេសថ្មីសម្រាប់ការផ្គុំ រចនាសម្ព័ន្ធដ៏ធំបែបនេះនៅក្នុងលំហអវកាស។ ប្រសិនបើមានការអនុម័តមែននោះ គម្រោងនេះនឹងទទួលបានការឧបត្ថម្ភថវិកា ទ្រទ្រង់ដំណើរការសិក្សាស្រាវជ្រាវរយៈពេល ៥ឆ្នាំ ចំនួន ១៥លានយ័ន (២.៣លានដុល្លារអាមេរិក)។

ជុំវិញគម្រោងត្រៀមសិក្សារបស់ចិនខាងលើនេះ អង្គការ NASA របស់អាមេរិក ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរ ក្នុងនោះលោក Mason Peck ប្រធានផ្នែកបច្ចេកវិទ្យា-អវកាស នៃអង្គការ NASA បានលើកឡើងថា គំនិតមួយនេះមិនមែនដូចជារឿងប្រឌិត ឬក៏មិនអាចទៅរួចទៅស្រុងនោះឡើយ ប៉ុន្តែយើងត្រូវចោទជាសំនួរទៅលើផ្នែកវិស្វកម្ម ជាជាងមូលដ្ឋានគ្រឹះនៃផ្នែកវិទ្យាសាស្ត្រ។
លោក Mason Peck បានលើកឧទាហរណ៍ជាក់ស្តែងមួយថា គ្រាន់តែស្ថានីយអវកាសអន្តរជាតិ (ISS) ដែលមានប្រវែង ១១០ម៉ែត្រនោះ យើងបានចំណាយប្រាក់ ១០០ពាន់លានដុល្លាររួចទៅហើយ នៅក្នុងការសាងសង់វាឡើង។ ដូច្នេះលោកចោទជាសំនួរវិញថា តើនាវាអវកាសយក្សដែលចិនគ្រោងសិក្សាកសាង ហើយធំជាង ISS រហូតដល់ទៅ ១០ដងនោះ នឹងត្រូវចំណាយធនធានដល់កម្រិតណា?

យ៉ាងណាក៏ដោយ លោក Mason Peck បានពន្យល់បន្ថែមទៀតថា ដោយសារតែស្ថានីយអវកាសអន្តរជាតិ ត្រូវបានកសាងឡើងដោយបំពាក់ បច្ចេកវិទ្យាស្រាវជ្រាវសំខាន់ៗ និងមនុស្សអាចស្នាក់នៅបាន នោះទើបវាមានទំហំធំ និងធ្ងន់។ ប៉ុន្តែប្រសិនបើយើងនិយាយតែអំពីនាវាអវកាស ដែលគ្រាន់តែមានប្រវែងវែងធម្មតា និងមិនសូវមានទម្ងន់ធ្ងន់នោះ វានឹងក្លាយជារឿងផ្សេងមួយទៀត។

សរុបមក ដូចអ្វីដែលបានចោទសួរពីខាងលើនេះដែរ នោះគឺ តើយើងកសាងនាវាធំធេងបែបនោះដើម្បីអ្វី? ក្រុមអ្នកជំនាញអាចត្រឹមព្រមានទុកជាមុនថា វត្ថុកាន់តែធំធេង ហានិភ័យរបស់វាក៏កាន់តែធំធេងដូចគ្នាដែរ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Live Science (ថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១)
