អាថ៌កំបាំងធំៗទាំង «៦» ដែលបង្កប់ក្នុងកោះទឹកកកយក្ស Greenland, តើមានអ្វីខ្លះ? (មានវីដេអូ)

2,411

(បរទេស)៖ កោះទឹកកកយក្ស ហ្គ្រីនលែនដ៍ (Greenland) ដែនដីស្វយ័តនៃប្រទេសដាណឺម៉ាក ដែលស្ថិតនៅជាប់តំបន់ប៉ូលខាងជើងភពផែនដី មានទំហំរហូតដល់ទៅ ២.១៦៦លានគីឡូម៉ែត្រក្រលាឯណោះ ដែលធំជាងប្រទេសអារ៉ាប៊ីសាអូឌីតបន្តិច។

ដោយសារតែកោះនេះគ្របដណ្តប់ស្ទើរតែទាំងស្រុងដោយទឹកកក និងតំបន់ខ្លះមានកម្រាស់ក្រាស់ខ្លាំងទៀតនោះ អាថ៌កំបាំងនៅក្នុងខ្លួនវា ពិតជាមានច្រើនណាស់ ដែលអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ បាននិងកំពុងព្យាយាមជីកកកាយម្តងបន្តិចៗ។ ខាងក្រោមនេះ គឺជាអាថ៌កំបាំងធំៗទាំង ៦ ដែលត្រូវបានចាត់ទុកថា សុទ្ធតែជាភាពអស្ចារ្យរបស់ Greenland ហើយគ្រប់គ្នានឹងភ្ញាក់ផ្អើល៖

១៖ ជ្រលង (canyon) ដែលវែងជាងគេបំផុតលើលោក៖ ពេលដែលយើងនឹកដល់ជ្រលង ដែលវែងជាងគេក្នុងប្រព័ន្ធព្រះអាទិត្យ នោះគឺប្រាកដជា Valles Marineris នៅភពអង្គារមិនខាន ព្រោះវាមានបណ្តោយរហូតដល់ទៅ ៤,០០០គីឡូម៉ែត្រ និងជម្រៅរហូតដល់ ៧គីឡូម៉ែត្រ។ ប៉ុន្តែសម្រាប់នៅលើភពផែនដីយើងវិញ គឺជ្រលង Yarlung Tsangpo Grand Canyon នៅក្នុងប្រទេសចិនត្រូវបានចាត់ទុកថា មានប្រវែងវែងជាងគេជាក់ស្តែង។

យ៉ាងណាក៏ដោយ តាមការពិតទៅនៅក្រោមផ្ទាំងទឹកកកនៃកោះ Greenland មានលាក់ជ្រលងមួយ ដែលមានបណ្តោយវែងបំផុតលើផែនដីនោះគឺ ៧៤០គីឡូម៉ែត្រ ខណៈជ្រលង Yarlung Tsangpo វិញមានបណ្តោយ ៤៩៦គីឡូម៉ែត្រប៉ុណ្ណោះ និងចំណុចដែលមានជម្រៅជ្រៅបំផុតគឺ ៨០០ម៉ែត្រ។

ដោយឡែកសម្រាប់ជ្រលង Grand Canyon ស្ថិតនៅរដ្ឋ Arizona សហរដ្ឋអាមេរិកវិញ មានបណ្តោយប្រវែង ៤៤៦គីឡូម៉ែត្រ និងជម្រៅរហូតដល់ ១.៦គីឡូម៉ែត្រ ខណៈតំបន់ខ្លះអាចមានទទឹងរហូតដល់ទៅ ២៩គីឡូម៉ែត្រឯណោះ។

២៖ តំបន់ភ្នំបំបាំងកាយ៖ ជ្រលង និងជួរភ្នំគឺសុទ្ធតែស្ថិតនៅក្រោមទឹកកក។ បើជិះនៅលើយន្តហោះធម្មតា ហើយមើលទៅលើតំបន់ភាគច្រើននៃកោះ Greenland នោះលោកអ្នកនឹងគិតថាជាទឹកកកធម្មតាៗ ប៉ុន្តែតាមពិតទៅប្រសិនបើទឹកកកទាំងនោះរលាយ និងហូរចាក់ចូលមហាសមុទ្រអស់ តំបន់ទាំងនោះនឹងក្លាយជាជួរភ្នំ និងជ្រលងភ្នំមិនខាន។

យោងតាមផែនទីគ្មានទឹកកកនៃកោះ Greenland ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៧ វាបានបង្ហាញពីតំបន់ដូចជា «ចាន» នៅចំកណ្តាលកោះនោះតែម្តង ព្រមទាំងតំបន់ភ្នំ និងជ្រលងភ្នំព័ទ្ធជុំវិញ មើលទៅគួរឲ្យតក់ស្លុត។ ការតាមដានកម្រិតប្រែប្រួល នៃផ្ទៃទឹកកកដែលស្រោបកោះ Greenland ក៏ជួយឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ស្វែងយល់កាន់តែច្បាស់ អំពីបម្រែបម្រួលបរិយាកាសផែនដីផងដែរ។

៣៖ អតីតជាតំបន់សំបូរបឹង៖ កាលពីរាប់សែន ទៅរាប់លានឆ្នាំមុន នៅមុននេះពេលដែនកោះ Greenland គ្របដណ្តប់ដោយទឹកកកដូចពេលនេះ វាគឺជាកោះដែលពោពេញដោយផ្ទៃបឹង ហើយបឹងខ្លះអាចមានទំហំរហូតដល់ជិត ១០,០០០គីឡូម៉ែត្រក្រលាក៏មានដែរ។

បច្ចុប្បន្ននេះ បឹងកាលពីអតីតកាលទាំងនោះ គឺពោពេញដោយល្បាប់ថ្ម ហើយបើយើងអាចចាក់ចូលដល់ជម្រៅ ២៥០ម៉ែត្រនៅកន្លែងខ្លះ នោះនឹងមានទឹករាវ។ វាអាចជាកំណប់មួយ ដែលនឹងពន្យល់ក្រុមអ្នកវិទ្យាសាស្ត្រ អំពីបម្រែបម្រួលបរិយាកាសផែនដី នៅត្រង់តំបន់មហាសមុទ្រទឹកកកអាក់ទិក (Arctic)។

៤៖ ត្បូងលាក់ខ្លួន៖ នៅលើផ្ទាំងទឹកកកតំបន់ខ្លះនៃកោះ Greenland ក៏មានជាបណ្តុំបឹងដូចត្បូងអលង្កា ហើយមានទឹករាវហូរកាត់តាមជ្រលងទឹកកកតូចៗ បញ្ចេញពន្លឺផ្លេកៗដូចត្បូងគ្រីស្តាល់ គួរឲ្យគយគន់បំផុត។ បឹងទាំងនោះមានមុខកាត់ចាប់ពី ២០០ម៉ែត្រ ទៅ ៥.៩គីឡូម៉ែត្រ ហើយវាកើតឡើងពីទឹកកកដែលរលាយ ហើយហូរកាត់ផ្ទាំងទឹកកកនានា ទៅប្រមូលផ្តុំក្លាយជាបឹង។

៥៖ ភស្តុតាងនៃការវាយប្រហារដោយអាចម៍ផ្កាយ៖ មិនមែនសណ្ឋានដីក្រោមស្រទាប់ទឹកកក Greenland សុទ្ធតែបានប្រែប្រួលដោយសារចលនាស្រទាប់ផែនដី តែមួយមុខនោះឡើយ ព្រោះតំបន់ខ្លះក៏មានការប្រែប្រួល ដោយសារតែអាចម៍ផ្កាយធ្លាក់ចំផងដែរ។ អ្នកវិទ្យាសាស្ត្របានរកឃើញតំបន់ពីរ ស្ថិតភាគឦសានកោះ Greenland ដោយទីមួយស្ថិតនៅក្រោមទឹកកកក្រាស់ ៩៣០ម៉ែត្រ និងទីពីរស្ថិតនៅក្រោមទឹកកកកម្រាស់ ២គីឡូម៉ែត្រ។

រណ្តៅអាចម៍ផ្កាយទី ២ មានលក្ខណៈពិសេស ត្រង់វាស្ថិតនៅលំដាប់លេខ ២២ ជារណ្តៅអាចម៍ផ្កាយធំមួយលើពិភពលោក ជាមួយនិងមុខកាត់ ៣៦គីឡូម៉េត្រ ខណៈអាទីមួយវិញមានមុខកាត់ ៣១គីឡូម៉ែត្រតូចជាងគ្នាតែបន្តិចប៉ុណ្ណោះ។

៦៖ ហ្វូស៊ីលរុក្ខជាតិ (fossil plants) ដែលកកទុកយ៉ាងល្អអស់់រាប់លានឆ្នាំ៖ កាលពីឆ្នាំ២០១៧ ក្រុមអ្នកស្រាវជ្រាវបានជីកតំបន់សាងសង់អគារមួយ ដែលគ្រោងទុកបំពាក់អាវុធនុយក្លេអ៊ែរ កាលពីសម័យសង្គ្រាមត្រជាក់លើកោះ Greenland ហើយពួកគេបានរកឃើញហ្វូស៊ីលរុក្ខជាតិជាច្រើន កកជាប់ក្នុងស្រទាប់ទឹកកក ដែលហ្វូស៊ីលទាំងនោះមានអាយុកាលរាប់លានឆ្នាំមកហើយ។

ក្រុមអ្នកវិទ្យាសាស្ត្រកាលណោះបានលាន់មាត់ថា ហ្វូស៊ីលរុក្ខជាតិទាំងអស់នោះ មើលទៅហាក់ដូចជាទើបងាប់កាលពីម្សិលមិញ ព្រោះស្ថានភាពរបស់ហ្វូស៊ីលមានលក្ខណៈស្រស់ៗ ដោយសារតែបានកកជាប់ជានិច្ចអស់រាប់លានឆ្នាំ។ រុក្ខជាតិទាំងនោះ ទំនងជាបានរីកលូតលាស់ នៅតំបន់ដែលគ្មានទឹកកក ហើយក្រោយមកទើបត្រូវទឹកកកគ្របដណ្តប់។ ដូច្នេះវាបានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រគិតថា ស្រទាប់ទឹកកកនៃកោះ Greeland មានអាយុកាលក្មេងជាងការយល់ឃើញកន្លងមក៕

ស្វែងយល់៖ អាថ៌កំបាំងធំៗទាំង «៦» ដែលបង្កប់ក្នុងកោះទឹកកកយក្ស Greenland

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Live Science (ថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១)

480×240 Banner