សំនួរកុមារអាយុ៩ឆ្នាំ៖ «ហេតុអ្វីបានជាបរិយាកាសព្រះអាទិត្យ ក្តៅជាងផ្ទៃព្រះអាទិត្យទៅវិញ?»
(បរទេស)៖ នេះគឺជាសំនួររបស់កុមារម្នាក់ឈ្មោះ Olivia ដែលមានអាយុ ៩ឆ្នាំ រស់នៅក្នុងទីក្រុង Canberra ប្រទេសអូស្ត្រាលី៖ ហេតុអ្វីបរិយាកាសព្រះអាទិត្យ (តំបន់ Corona លើផ្ទៃព្រះអាទិត្យ) បែរជាក្តៅជាងផ្ទៃ (Surface) របស់ព្រះអាទិត្យទៅវិញ? អ្នកវិទ្យាសាស្ត្របានឆ្លើយសំនួរនេះ ដោយត្រូវបានដកស្រង់ និងចេញផ្សាយ តាមរយៈសារព័ត៌មាន The Conversation ដូចខាងក្រោម៖

១៖ សីតុណ្ហភាពនៃព្រះអាទិត្យ
កម្តៅត្រូវបានបង្កើតឡើងនៅត្រង់ចំណុចកណ្តាលបំផុត (ស្នូល) របស់ព្រះអាទិត្យ ដែលមានកម្រិតរហូតដល់ទៅ ២៧លានអង្សាសេឯណោះ។ វាមិនខុសពីការដើរចេញពីភ្នក់ភ្លើងនោះឡើយ ព្រោះកាលណាយើងចេញកាន់តែឆ្ងាយ កម្តៅដែលប៉ះត្រូវយើងក៏កាន់តែថមថយទៅតាមនឹងដែរ។

ដោយឡែកសីតុណ្ហភាព នៅផ្ទៃស្រទាប់លើគេនៃព្រះអាទិត្យ (surface) គឺតែ ៦,០០០អង្សាសេប៉ុណ្ណោះ ដែលពិតជាខុសគ្នាឆ្ងាយណាស់ពីស្នូល។ ប៉ុន្តែកំសួលកម្តៅឡើងទៅលើ ដែលយើងអាចហៅថា បរិយាកាសព្រះអាទិត្យ ឬតំបន់ស្រទាប់បរិយាកាស កូរ៉ូណា (Corona) កម្តៅបែរលោតដល់ខ្ទង់រាប់លានអង្សាសេទៅវិញ។

ដូច្នេះវាប្រាកដជាមានអ្វីមួយ ដែលជាអ្នកដុតកម្តៅត្រង់ស្រទាប់បរិយាកាស Corona របស់ព្រះអាទិត្យនេះហើយ។ ប៉ុន្តែរឿងនេះមិនមែនងាយស្រួល ឲ្យអ្នកវិទ្យាសាស្ត្រធ្វើការបកស្រាយនោះឡើយ។
២៖ គន្លឹះនៃការស្វែងយល់បាតុភូតនេះ គឺដែនម៉ាញេទិចព្រះអាទិត្យ
គំនិតឈានមុខគេក្នុងចំណោមអ្នកជំនាញ គឺដែនម៉ាញេទិចរបស់ព្រះអាទិត្យ (sun’s magnetic field) ប្រាកដជានាំមកនូវថាមពលពីខាងក្នុងព្រះអាទិត្យ ឡើងមកកាន់ផ្ទៃ (surface) របស់វា ហើយភាយចូលទៅក្នុងបរិយាកាស (Corona) របស់វាតែម្តង។
ដូចផែនដីដែលយើងកំពុងជ្រកកោននេះដែរ ព្រះអាទិត្យក៏មានដែនម៉ាញេទិចដែរ។ យើងអាចស្រមៃមើលដែនម៉ាញេទិច ជាខ្សែឆ្វាត់ឆ្វែងដែលយើងមើលមិនឃើញ តភ្ជាប់រវាងប៉ូលខាងជើង និងប៉ូលខាងត្បូងនៃព្រះអាទិត្យ ឬភពផែនដី។

ភ្នែកយើងមិនអាចមើលឃើញដែនម៉ាញ៉េទិចទាំងនោះទេ ប៉ុន្តែយើងដឹងថាពួកវាកំពុងស្ថិតនៅទីនោះ ពីព្រោះយើងមានឧបករណ៍វិទ្យាសាស្ត្រនានា ដែលមានប្រតិកម្មចំពោះពួកវា។ ឧទាហរណ៍ត្រីវិស័យនៅលើផែនដី តែងតែចង្អុលទៅប៉ូលខាងជើង ពីព្រោះវាត្រូវបានបង្កើតឡើង ដើម្បីតម្រង់ជួរឡើងទៅលើ ជាមួយដែនម៉ាញេទិចរបស់ផែនដី។
ខណៈដែលព្រះអាទិត្យក៏មានប៉ូលខាងជើង និងខាងត្បូងផងដែរនោះ ដែនម៉ាញ៉េទិចរបស់វាមានឥរិយាបថ ខុសពីដែនម៉ាញេទិចផែនដី ហើយមើលទៅក៏រញ៉េរញ៉ៃជាងផងដែរ។ នៅលើផ្ទៃព្រះអាទិត្យ ខ្សែបន្ទាត់ម៉ាញ៉េទិចមើលទៅដូចជា បណ្តុំរង្វិលជុំជាច្រើនដែលហើរចេញពីផ្ទៃខាងលើ ចូលទៅក្នុងបរិយាកាស ហើយរង្វិលជុំទាំងនេះកំពុងផ្លាស់ប្តូរគ្រប់ពេលវេលា។
ប្រសិនបើរង្វិលជុំទាំងនោះប៉ះគ្នា វាអាចបណ្តាលឱ្យមានការផ្ទុះភ្លាមៗ ហើយបញ្ចេញនូវថាមពលដ៏ច្រើន ដែលធ្វើឱ្យបរិយាកាស (Corona) ឡើងកំដៅ។ យើងក៏ដឹងដែរថា មានរលកនានាធ្វើដំណើរតាមបណ្តោយនៃខ្សែបន្ទាត់ម៉ាញ៉េទិច ដែលនាំមកនូវថាមពលកើនឡើង។ តើពួកវាទាំងនេះគឺជាកត្តាដែលធ្វើឲ្យ ស្រទាប់បរិយាកាស Corona ព្រះអាទិត្យ កើនឡើងកម្តៅមែនឬទេ?
តើចលនានេះ គឺជាការរួមបញ្ចូលគ្នារវាងរលកនានា និងការផ្ទុះទាំងអស់ ឬមួយក៏អ្វីផ្សេងៗរួមជាមួយគ្នា? ប្រសិនបើយើងអាចវាស់ស្ទង់ដែនម៉ាញេទិចព្រះអាទិត្យ នោះវាពិតជាអាចជួយយើង ឲ្យយល់់ច្បាស់អំពីអ្វីដែលកំពុងកើតឡើងជាមិនខាន។
៣៖ ការវាស់ស្ទង់ដែនម៉ាញេទិចព្រះអាទិត្យ
ដែនម៉ាញេទិចមិនអាចឲ្យយើងមើលឃើញមែន ប៉ុន្តែយើងនៅតែអាចវាស់វាបាន ពីព្រោះវាអាចធ្វើការផ្លាស់ប្តូរបន្តិចបន្តួច ចំពោះពន្លឺដែលចេញពីព្រះអាទិត្យ។ ផ្ទៃព្រះអាទិត្យមានពន្លឺខ្លាំង ដូច្នេះយើងងាយស្រួលមើលការផ្លាស់ប្តូរពន្លឺ ដែលចេញពីផ្ទៃនោះ ហើយធ្វើការវាស់ស្ទង់ដែនម៉ាញ៉េទិចនៅទីនោះបាន។

ប៉ុន្តែបរិយាកាសព្រះអាទិត្យពិតជាក្តៅខ្លាំង ដូច្នេះពន្លឺនៅទីនោះមិនអាចឲ្យយើងមើលឃើញទៀតទេ។ ផ្ទុយទៅវិញ វាបានបង្កើតជាកាំរស្មីអ៊ិច (X-rays) ជាប្រភេទពន្លឺដែលយើងមើលមិនឃើញឡើយ។ ទោះបីជាយើងប្រើកែវពង្រីកកាំរស្មីអ៊ិចពិសេសក៏ដោយ ក៏កាំរស្មីអ៊ិចពីបរិយាកាសព្រះអាទិត្យ គឺស្រអាប់ពេកក្នុងការឲ្យយើងដឹងថា តើដែនម៉ាញ៉េទិចនៅក្នុងបរិយាកាស Corona ព្រះអាទិត្យមានលក្ខណៈដូចម្តេច ហើយនេះគឺជា «បញ្ហា» ដែលរារាំងការយល់ដឹងរបស់យើងបន្តទៀត។
យ៉ាងណាក៏ដោយ ព័ត៌មានល្អគឺស្ថិតនៅទីនោះស្រាប់ហើយ ព្រោះយានអវកាស Parker Solar Probe របស់អង្គការ NASA នឹងធ្វើការហោះកៀកព្រះអាទិត្យជាច្រើនលើក ដើម្បីស្វែងរកចម្លើយយ៉ាងច្បាស់លាស់ សម្រាប់មនុស្សគ្រប់គ្នាលើផែនដី យ៉ាងហោចណាស់នៅក្នុងរយៈពេល «៥ឆ្នាំទៀត»។

សរុបសេចក្តីមក ចម្លើយខាងលើនេះ គឺត្រឹមតែជាដំណាក់កាលដំបូងប៉ុណ្ណោះ ដោយសារតែអ្វីកំពុងស្ថិតក្នុងការសិក្សា។ ការវាស់ស្ទង់អំពីដែនម៉ាញេទិចព្រះអាទិត្យ នឹងជួយយើងឲ្យយល់ដឹងកាន់តែច្បាស់ អំពីកត្តាដែលជំរុញឲ្យបរិយាកាសព្រះអាទិត្យ ក្តៅខ្លាំងជាងស្រទាប់លើរបស់វាឆ្ងាយ ហើយការសិក្សាបែបនេះ ក៏មានប្រយោជន៍ដល់ការសិក្សា អំពីជំពូកផ្កាយផ្សេងៗទៀត នៅក្នុងកាឡាក់ស៊ីនេះដែរ៕
បកប្រែ និងសម្រួល៖ Cambo Space
ប្រភព៖ The Conversation / Space.com (ថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១)
