ហេតុអ្វីបានជាតេឡេស្កូបអវកាស James Webb ត្រូវពន្យារពេលបាញ់បង្ហោះ រហូតដល់ខែធ្នូ ឆ្នាំ២០២១ ទៅវិញ?

1,004

(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA និងទីភ្នាក់ងារអវកាសអឺរ៉ុប ESA កាលពីថ្ងៃពុធសប្តាហ៍នេះបានប្រកាសថា កែវយឺតអវកាសជំនាន់ថ្មី James Webb នឹងត្រូវបានបាញ់បង្ហោះនៅខែធ្នូ ចុងឆ្នាំនេះវិញ ដែលជាការលើកពេលម្តងទៀតពីខែតុលា។ តើកត្តាចម្បងអ្វី ទើបជំរុញឲ្យមានការពន្យារពេលជាថ្មីនេះ?

យោងតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារអវកាសទាំងពីរគឺ NASA និង ESA កាលបរិច្ឆេទថ្មីសម្រាប់ការបាញ់បង្ហោះ James Webb គឺថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដែលយូរជាងកាលបរិច្ឆេទចាស់ជាង ៦សប្តាហ៍។ កន្លងមក កែវយឺតអវកាស James Webb ត្រូវបានកំណត់ថា នឹងត្រូវបញ្ជូនឡើងទីអវកាសនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ប៉ុន្តែគេបានកត់សម្គាល់ឃើញរួចទៅហើយថា វានឹងមិនអាចទៅរួចឡើយ។

ហេតុអ្វីបានជាតេឡេស្កូបអវកាស James Webb ត្រូវពន្យារពេលបាញ់បង្ហោះ រហូតដល់ខែធ្នូ ឆ្នាំ២០២១ ទៅវិញ?

មកទល់ពេលនេះ James Webb មិនទាន់ត្រូវដឹកជញ្ជូនពីទីតាំងបច្ចុប្បន្ន នៅរដ្ឋ California នៃសហរដ្ឋអាមេរិក ទៅកាន់ទីតាំងបាញ់បង្ហោះ របស់ទីភ្នាក់ងារអវកាស ESA ដែលស្ថិតនៅតំបន់អាមេរិកខាងត្បូងនៅឡើយទេ ខណៈការងារនេះត្រូវការប្រើប្រាស់ជាច្រើនសប្តាហ៍។ មួយវិញទៀត គ្រាប់រ៉ុក្កែតអឺរ៉ុប Ariane 5 ដែលនឹងត្រូវនាំយកវាឡើងទីអវកាស ទើបតែបានចាប់ផ្តើមការធ្វើដំណើរពីអឺរ៉ុប ទៅកាន់ទីតាំងបាញ់បង្ហោះ កាលពីពាក់កណ្តាលខែសីហា កន្លងទៅប៉ុណ្ណោះ។

ដូច្នេះសរុបសេចក្តីមក កត្តាចម្បងនៃការយឺតយ៉ាវលើកនេះ គឺដោយសារតែគ្រាប់រ៉ុក្កែត Ariane 5 របស់ ESA មិនទាន់ត្រៀមលក្ខណៈរួចរាល់ ហើយដោយឡែកបញ្ហាលម្អិតជាងនេះ គឺទាន់មានការបញ្ជាក់នោះឡើយ។ James Webb នឹងត្រូវគ្រាប់រ៉ុក្កែត Ariane 5 ពាំឡើងទៅកាន់ទីអវកាស ដោយបាញ់ចេញពីមូលដ្ឋាន ELA-3 របស់ក្រុមហ៊ុន Arianespace ស្ថិតនៅលើដែនដីបារាំង Guiana (ហ្កាយ៉ាណា) នៅលើទ្វីបអាមេរិកខាងត្បូង ជាប់មហាសមុទ្រអាត្លង់ទិច៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១)

480×240 Banner