NASA៖ យាន Perseverance ទើបខួងយកកម្ទេចថ្មភពអង្គារ រួចច្រកចូលក្នុងបំពង់ទីពីរ (មានវីដេអូបកស្រាយ)

2,917

(អាមេរិក)៖ យាន Perseverance ទើបតែប្រមូលបានគំរូតាងទីពីរ នៅលើផ្ទៃភពអង្គារ (Mars) បន្ទាប់ពីបានធ្វើដូចគ្នាកាលពីប៉ុន្មានថ្ងៃមុន។ កាលពីប៉ុន្មានថ្ងៃមុន ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសពីជោគជ័យ ក្នុងការខួងយកគំរូតាងដំបូងបំផុត ពីផ្ទាំងថ្មមួយនៅលើភពអង្គារ ដែលត្រូវបានចាត់ទុកជា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយផងដែរ។

NASA៖ យាន Perseverance ទើបខួងយកកម្ទេចថ្មភពអង្គារ រួចច្រកចូលក្នុងបំពង់ទីពីរ (រូបភាពខាងក្នុង)

ដោយឡែកសម្រាប់គំរូតាងទីពីរ ដែលយាន Perseverance ទើបខួងយកបន្ថែមនេះ គឺបានមកពីផ្ទាំងថ្មដែលគេដាក់ឈ្មោះឲ្យថា Rochette ដូចគ្នាដដែល។ ផ្ទាំងថ្ម Rochette ស្ថិតនៅក្នុងតំបន់មួយរបស់ភពអង្គារហៅថា រណ្តៅ Jezero ជាទីដែល Perseverance កំពុងធ្វើការស្រាវជ្រាវ។

បើតាមផែនការ យាន Perseverance ត្រូវប្រមូលគំរូតាងឲ្យបានជាង ៤០ បំពង់ពីលើផ្ទៃភពអង្គារ។ គំរូតាងទាំងនោះ នឹងត្រូវនាំយកមកកាន់ផែនដី ដើម្បីសិក្សាឲ្យលម្អិត តាមរយៈកិច្ចប្រឹងប្រែងរួមគ្នារវាងទីភ្នាក់ងារអវកាស NASA និងទីភ្នាក់ងារអវកាសអឺរ៉ុប ESA។ យោងតាមការប៉ាន់ស្មាន ការនាំយកគំរូតាងទាំងនោះមកកាន់ភពយើង ប្រហែលត្រូវរង់ចាំជាច្រើនឆ្នាំទើបកើតឡើង គឺអាចរហូតដល់ទសវត្សរ៍ ២០៣០ ឯណោះ។

គួរបញ្ជាក់ថា បេសកកម្ម Perseverance បានទៅដល់ភពអង្គារ កាលពីខែកុម្ភៈ ឆ្នាំ២០២១។ ក្រៅពីការស្វែងរកនិងប្រមូលដុំថ្ម-ដី ព្រមទាំងតាមរកសញ្ញានៃទម្រង់ជីវិត កាលពីយូរណាស់មកហើយនៅភពអង្គារ បេសកកម្ម Perseverance ក៏រួមមានគោលដៅ សិក្សាតំបន់រណ្តៅ Jezero ដែលវាកំពុងស្ថិតនៅ ដើម្បីស្វែងយល់អំពីភូគព្ភសាស្ត្រ លទ្ធភាពនៃការទ្រទ្រង់ជីវិតពីបុរាណ និងអាកាសធាតុនៃតំបន់នោះផងដែរ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com/NASA (ថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១)

480×240 Banner