ភព Exoplanet ដែលមានព្រះចន្ទ (Exomoon) មានលទ្ធភាពខ្ពស់ អាចឲ្យជីវិតកកើត (មានវីដេអូ)
(បរទេស)៖ ការសិក្សាថ្មីមួយ នៅសហដ្ឋអាមេរិកបានបង្ហាញថា ភពអេលៀន ឬភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ (Exoplanet) ដែលមានព្រះចន្ទនៅជុំវិញ គឺទំនងមានលទ្ធភាពខ្ពស់ ជាជម្រកនៃជីវិតក្នុងទម្រង់ផ្សេងៗ។ មិនបាច់គិតច្រើនទេ អ្នកវិទ្យាសាស្ត្រប្រាកដជាបានយកភពផែនដី និងព្រះចន្ទធ្វើជាគំរូជាក់ជាមិនខាន។

ការសិក្សាខាងលើ ដែលទើបចុះផ្សាយលើទស្សនាវដ្តីតារាសាស្រ្ត Astronomical Journal បានផ្តោតប្រធានសំខាន់ទៅលើ ការរុករកព្រះចន្ទនៅជុំវិញ ភពដែលស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ (Exomoon)។ តាមរយៈការប្រើប្រាស់វិធីសាស្រ្តដូចគ្នា ទៅនឹងការស្វែងរក Exoplanet ក្រុមអ្នកស្រាវជ្រាវ សង្ឃឹមនឹងអាចរកឃើញថា Exomoon គឺសម្បូរវត្តមាននៅក្នុងកាឡាក់ស៉ី ហើយពួកវាអាចជាតំរុយនៃទម្រង់ជីវិតផងដែរ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិទ្យាសាស្រ្តនៃការសិក្សាខាងលើ ការដែលគេសន្និដ្ឋានថា ភពអេលៀនមានព្រះចន្ទនៅជុំវិញ មានលទ្ធភាពខ្ពស់ជាជម្រកនៃទម្រង់ជីវិត គឺដោយសារតែព្រះចន្ទរបស់ផែនដីផ្ទាល់ ជាកត្តាដ៏សំខាន់សម្រាប់ការវិវត្តនៃជីវិត នៅលើភពយើង ដ្បិតអីបើមិនមានព្រះចន្ទទេនោះ គឺអ័ក្សទ្រេតរបស់ផែនដី នឹងពុំមានស្ថេរភាពឡើយ ដែលជាលទ្ធផលនឹងធ្វើឲ្យប្រព័ន្ធអាកាសធាតុមានអស្ថិរភាព។ ចំណែកការសិក្សាដទៃទៀត ក៏បានបង្ហាញផងដែរអំពី ទំនាក់ទំនងរវាងព្រះចន្ទ ហើយនិងលទ្ធភាពនៃការកកើតទម្រង់ជីវិតស្មុគស្មាញ។

យ៉ាងណាក៏ដោយ កន្លងមកនេះមានការរកឃើញត្រឹមភពកំពុងចាប់កំណើត ដែលមានព្រះចន្ទក៏កំពុងចាប់កំណើតគោចរជុំវិញប៉ុណ្ណោះ ដូចជាភព PDS 70c ស្ថិតនៅចម្ងាយ ៣៧០ឆ្នាំពន្លឺពីផែនដី។ PDS 70c ត្រូវបានរកឃើញកាលពីពេលថ្មីៗនេះ ដោយវាកំពុងត្រូវបានព័ទ្ធជុំវិញដោយ បន្ទះឌីសធូលី និងឧស្ម័ន ហើយនៅក្នុងបន្ទះឌីសធូលី និងឧស្ម័ននោះ ក៏មានព្រះចន្ទកំពុងចាប់កំណត់ផងដែរ។ PDS 70c នៅមានដំណើរជីវិតរាប់លានឆ្នាំទៅមុខទៀត ដើម្បីក្លាយជាប្រព័ន្ធភពពេញលេញមួយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Big Think (ថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១)
