មិនធម្មតា! អ្នកអង្កេតផ្ទៃមេឃម្នាក់ ប្រឹងប្រែងអស់រាប់ឆ្នាំទើបផ្តិតបាន ទិដ្ឋភាពអាចម៍ផ្កាយធ្លាក់លើភពព្រហស្បតិ៍ (មានវីដេអូ)

1,651

(បរទេស)៖ អ្នកអង្កេតផ្ទៃមេឃជនជាតិប្រេស៉ីលម្នាក់ ថតបានការបញ្ចេញពន្លឺភ្លឺមួយ នៅលើភពព្រហស្បតិ៍ (Jupiter) កាលពីពេលថ្មីៗនេះ ដែលវាគឺជាទិដ្ឋភាពអាចម៍ផ្កាយឆាបឆេះ ពេលធ្លាក់ចូលទៅក្នុងស្រទាប់បរិយាកាស របស់ភពឧស្ម័នយក្សនោះ។

លោក José Luis Pereira បានប្រាប់ថា រូបលោកគឺជាអ្នកចូលចិត្តតាមដានមើលផ្ទៃមេឃពេលយប់ យ៉ាងយកចិត្តទុកដាក់ម្នាក់ ជាពិសេសចំពោះភពព្រហស្បតិ៍តែម្តង។ កាលពីយប់ថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ លោក Pereira បានដំឡើងឧបករណ៍របស់លោក នៅទីក្រុង Sao Caetano do Sul នៃរដ្ឋ Sao Paulo ភាគអាគ្នេយ៍ប្រទេសប្រេស៉ីល ដើម្បីអង្កេតមើលផ្ទៃមេឃ។

មិនធម្មតា! អ្នកអង្កេតផ្ទៃមេឃម្នាក់ ប្រឹងប្រែងអស់រាប់ឆ្នាំទើបផ្តិតបាន ទិដ្ឋភាពអាចម៍ផ្កាយធ្លាក់លើភពព្រហស្បតិ៍ (មានវីដេអូ)

ដូចទៅនឹងយប់ជាច្រើនផ្សេងទៀតដែរ លោក Pereira មានគោលដៅផ្តិតយករូបភាព និងវីដេអូនៃភពព្រហស្បតិ៍ ដើម្បីស្វែងរកទិដ្ឋភាពប៉ះទង្គិចរបស់អាចម៍ផ្កាយ។ លោកបានបញ្ចូលវីដេអូចំនួន ២៥ ដែលថតបានទៅក្នុងកម្មវិធីហៅថា DeTeC ដែលមានជំនាញកំណត់រក ទិដ្ឋភាពអាចម៍ផ្កាយបុកភពព្រហស្បតិ៍។ លោក Pereira ក៏រកឃើញថា ក្នុងវីដេអូរបស់លោក មានថតបានទិដ្ឋភាពនោះមែន។

វីដេអូអាចម៍ផ្កាយធ្លាក់លើភពព្រហស្បតិ៍

លោក Pereira បានបញ្ជូនទិន្នន័យខាងលើ ទៅកាន់ក្រុមអ្នកជំនាញតារាសាស្រ្ត ហើយពួកគេបានផ្ទៀងផ្ទាត់ឃើញថា លោកពិតជាបានផ្តិតយកទិដ្ឋភាព អាចម៍ផ្កាយបុកភពព្រហស្បតិ៍ នៅវេលាយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។ លោក Pereira បាននិយាយថា លោកពិតជាត្រេកអរណាស់ ព្រោះលោកបានព្យាយាមផ្តិតយកទិដ្ឋភាពបែបនេះ ជាច្រើនឆ្នាំមកហើយ។

គួរបញ្ជាក់ថា ដោយសារតែមានគន្លង ស្ថិតនៅក្បែរខ្សែក្រវាត់អាចម៍ផ្កាយ ហើយមានកម្លាំងទំនាញខ្លាំង ភពព្រហស្បតិ៍ក៏ត្រូវបានអាចម៍ផ្កាយ ធ្លាក់ទៅបុកជារឿយៗផងដែរ។ ភពព្រហស្បតិ៍មានកម្លាំងទំនាញ និងកម្លាំងម៉ាញេទិចខ្លាំងក្លាបំផុត ប្រចាំនៅប្រព័ន្ធព្រះអាទិត្យ ហើយអាចផ្កាយធំៗមួយចំនួន តែងតែត្រូវវាបំបែកខ្ទេចខ្ទី មុននឹងធ្លាក់បុកបរិយាកាសវាទៅទៀត៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១)

480×240 Banner