ទីបំផុត NASA បង្ហាញ «ទីតាំងលើព្រះចន្ទ» ដែលនឹងត្រូវបញ្ជូនយាន ទៅខួងរកទឹកកក (មានវីដេអូ)

1,753

(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA នៅថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសថា ខ្លួននឹងបញ្ជូនយានរ៉ូបូតចល័ត (rover) មួយគ្រឿង ទៅកាន់តំបន់មួយ នៅប៉ូលខាងត្បូងរបស់ព្រះចន្ទ ហៅថារណ្តៅ Nobile Crater នៅឆ្នាំ២០២៣ ដើម្បីស្វែងរកវត្តមានទឹកកក នៅក្រោមសំបកផ្ទៃព្រះចន្ទ។

ទីបំផុតអង្គការ NASA បង្ហាញ «ទីតាំងលើព្រះចន្ទ» ដែលនឹងត្រូវបញ្ជូនយាន ទៅខួងរកទឹកកក

អង្គការ NASA បានឲ្យដឹងថា តំបន់ខាងលើនោះ គឺជាកន្លែងដ៏ត្រជាក់បំផុតមួយ នៅក្នុងប្រព័ន្ធព្រះអាទិត្យ ហើយមកទល់ឥឡូវ វាត្រូវបានអង្កេតមើលតែពីចម្ងាយ តាមរយៈប្រព័ន្ធ sensor របស់ផ្កាយរណបកំពុងគោចរជុំវិញព្រះចន្ទស្រាប់ដូចជា LRO និង LCROSS ប៉ុណ្ណោះ។ ដូច្នេះហើយ យានរ៉ូបូត VIPER នឹងទៅពិនិត្យមើលតំបន់រណ្តៅ Nobile ឲ្យកៀកតែម្តង ហើយនឹងធ្វើការខួងចូលក្នុងដីថែមទៀត។

បើយោងតាម NASA យាន VIPER នឹងមានទំហំប្រហាក់ប្រហែលនឹងកូនរថយន្ត ដែលគេជិះនៅទីលានវាយកូនហ្គោល ហើយមានទម្ងន់ ៤៣០គីឡូក្រាម។ មួយវិញទៀត យាន VIPER នឹងខុសពីយានរ៉ូបូតចល័តដទៃទៀត ដែលបំពេញបេសកកម្មនៅលើភពអង្គារ (Mars) គឺវាអាចត្រូវបញ្ជាក្នុងពេលវេលាជាក់ស្តែងភ្លាមៗតែម្តង ដោយសារតែព្រះចន្ទនៅមិនឆ្ងាយពីផែនដីប៉ុន្មានឡើយ។

គួរបញ្ជាក់ថា បេសកកម្ម VIPER គឺស្ថិតក្នុងផ្នែកនៃកម្មវិធី Artemis របស់ទីភ្នាក់ងារអវកាស NASA ដែលជាផែនការរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនមនុស្សសាជាថ្មីទៅកាន់ផ្ទៃព្រះចន្ទ ហើយបង្កើតមូលដ្ឋានសម្រាប់ស្នាក់នៅរយៈពេលវែងនៅទីនោះ។ បេសកកម្មបញ្ជូនមនុស្សជើងដំបូងគេក្នុងកម្មវិធីនេះ ត្រូវបានកំណត់ថានឹងធ្វើឡើងនៅឆ្នាំ២០២៤ ប៉ុន្តែវាទំនងជាមិនអាចទៅរួចឡើយ ព្រោះផ្នែកជាច្រើនកំពុងប្រព្រឹត្តទៅ យឺតយ៉ាវជាងការគ្រោងទុក៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com/NASA (ថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១)

480×240 Banner