គិតត្រឹមឆ្នាំ២០២១, តើមានផ្កាយរណបប៉ុន្មានគ្រឿង គោចរជុំវិញផែនដី? តើប្រទេសណាមានច្រើនគ្រឿងជាងគេ? (មានវីដេអូ)

1,861

(បរទេស)៖ តាំងតែពីអតីតសហភាពសូវៀត បានបញ្ជូនផ្កាយរណបដំបូងបំផុត (Sputnik 1) ឡើងទៅទីអវកាសកាលពីឆ្នាំ១៩៥៧ មនុស្សលោកបានបន្តបញ្ជូនពួកវាកាន់តែច្រើនឡើងៗ ទៅកាន់គន្លងអវកាស ជាប់រហូតមកទល់បច្ចុប្បន្ន។

ចាប់ពីក្រោយពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០១០មក សន្ទុះនៃការបាញ់បង្ហោះផ្កាយរណប បានកើនខ្លាំងក្លាបំផុត។ កាលពីក្នុងឆ្នាំ២០២០ កន្លងទៅនេះ ប្រតិបត្តិការចំនួន ១១៤ជើង បាននាំយកផ្កាយរណបប្រហែល ១,៣០០គ្រឿង ទៅកាន់ទីអវកាស ដែលជាការបង្ហោះផ្កាយរណបថ្មីៗលើស ១,០០០គ្រឿងក្នុងមួយឆ្នាំ ជាលើកដំបូង។

យ៉ាងណាក្តី ពុំមានឆ្នាំណាអាចប្រៀបបាននឹងឆ្នាំ២០២១ឡើយ ដោយគិតត្រឹមពាក់កណ្តាល ខែកញ្ញានេះ ផ្កាយរណបសរុបប្រមាណជា ១,៤០០គ្រឿង ត្រូវបានបញ្ជូនឡើងទីអវកាសរួចជាស្រេច ហើយចំនួននេះនឹងមានតែកើនឡើងទៀត មុនឈានចូលដល់ឆ្នាំ២០២២។

មូលហេតុចម្បង ដែលធ្វើឲ្យគេអាចបញ្ជូនផ្កាយរណប កាន់តែច្រើនបែបនេះឡើងទីអវកាស គឺដោយសារតែសម័យឥឡូវ គ្រាប់រ៉ុក្កែតអាចផ្ទុកផ្កាយរណបបានច្រើនក្នុងមួយជើងៗ ហើយប្រតិបត្តិការក៏មានភាពងាយស្រួល និងចំណាយតិចជាងមុនផងដែរ បើធៀបនឹងពេលដំបូងៗ។

ជាមួយកំណើននៃចំនួនផ្កាយរណបក្នុងទីអវកាស ក្តីបារម្ភក៏កើនឡើងទៅតាមដែរ។ ក្រុមតារាវិទូបានអះអាងថា ពួកគេចាប់ផ្តើមមើលឃើញ ផ្កាយរណបទាំងនោះ នៅបាំងផ្កាយលើផ្ទៃមេឃជាបណ្តើរៗហើយ។ មិនតែប៉ុណ្ណោះ ពួកវាក៏អាចបង្កការរំខានដល់ ការតាមដានរលកវិទ្យុសញ្ញាជាច្រើន ក្នុងទីអវកាសផងដែរ។ ក្តីបារម្ភដទៃទៀត ជុំវិញចំនួនផ្កាយរណបក្នុងទីអវកាស គឺរួមមានការកើនឡើង នៃសំរាមអវកាស និងហានិភ័យនៃការប៉ះទង្គិចគ្នាជាដើម។

គិតត្រឹមឆ្នាំ២០២១, តើមានផ្កាយរណបប៉ុន្មានគ្រឿង កំពុងគោចរជុំវិញផែនដី? តើប្រទេសណាមានផ្កាយរណបច្រើនជាងគេ?

បើតាមស្ថិតិពីអន្តរជាតិ គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ផ្កាយរណបសរុប ៣,៣៧២គ្រឿង ឬបើគិតមកទល់ខែកញ្ញានេះ ត្រូវបូកបន្ថែម ១,៤០០គ្រឿង (ស្មើនឹង ៤,៧៣៧គ្រឿង ដោយមិនទាន់ដកចេញនូវផ្កាយរណបខ្លះដែលបានខូច) កំពុងគោចរក្នុងគន្លងគ្រប់កម្រិត នៅជុំវិញភពផែនដីយើងនេះ។ យ៉ាងណាក៏ដោយ ក្នុងចំណោមតួលេខផ្កាយរណបទាំង ៣,៣៧២គ្រឿងនោះ ១,៨៩៧គ្រឿងទៅហើយ គឺជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១)

480×240 Banner