NASA ទើបបង្ហោះផ្កាយរណបថ្មី, វាមានប្រយោជន៍តាមដាន បម្រែបម្រួលអាកាសធាតុភពផែនដី

613

(បរទេស)៖ នាថ្ងៃចន្ទដើមសប្តាហ៍នេះ ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានបញ្ជូនផ្កាយរណប Landsat 9 ដែលជាផ្កាយរណបអង្កេតផែនដីថ្មី ចុងក្រោយបំផុតរបស់ខ្លួន ឡើងទៅកាន់ទីអវកាស។

ផ្កាយរណប Landsat 9 ត្រូវបានបាញ់បង្ហោះឡើងទីអវកាសដោយជោគជ័យ តាមរយៈគ្រាប់រ៉ុក្កែត Atlas V ចេញពីមូលដ្ឋានទ័ពយោធា Vandenberg នៃរដ្ឋ California។ ផ្កាយរណបថ្មីនេះ នឹងជួយបន្តការងារកត់ត្រារូបភាពពិភពលោក របស់ត្រកូលផ្កាយរណប Landsat ដែលមានរយៈពេលប្រមាណ ៥០ឆ្នាំមកហើយ។

ផ្កាយរណបខាងលើ នឹងជំនួសផ្កាយរណបចំណាស់ Landsat 7 ដែលបានធ្វើប្រតិបត្តិការនៅទីអវកាស តាំងពីឆ្នាំ១៩៩៩មក ហើយវានឹងធ្វើការរួមគ្នា ជាមួយផ្កាយរណប Landsat 8 ដែលត្រូវបានបង្ហោះ កាលពីឆ្នាំ២០១៣។ ពួកវានឹងផ្តិតយករូបភាព ផ្ទៃផែនដីទាំងមូលរៀងរាល់ ៨ថ្ងៃម្តង។

NASA ទើបបង្ហោះផ្កាយរណបថ្មី, វាមានប្រយោជន៍តាមដាន បម្រែបម្រួលអាកាសធាតុភពផែនដី

គួរបញ្ជាក់ថា ក្រុមផ្កាយរណប Landsat បានធ្វើការតាមដានផែនដី តាំងតែពីឆ្នាំ១៩៧២មកម៉្លេះ ហើយពួកវាបានផ្តល់ឲ្យអ្នកស្រាវជ្រាវជុំវិញពិភពលោក នូវកំណត់ត្រាទិន្នន័យនៃប្រព័ន្ធអេកូឡូស៊ី នៃភពរបស់យើងជាប់រហូត។ ទិន្នន័យបានមកពីត្រកូលផ្កាយរណប Landsat នេះ គឺជាធនធានដ៏សំខាន់បំផុតមួយ សម្រាប់ការងារឃ្លាំមើលបាតុភូតបម្រែបម្រួលអាកាសធាតុ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១)

480×240 Banner