គួរឲ្យស្តាយ, ចិនបាត់បង់ផ្កាយរណបមួយគ្រឿង ក្រោយពីទើបបាញ់បង្ហោះនាដើមសប្តាហ៍នេះ

1,249

(បរទេស)៖ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រទេសចិនចេញប្រតិបត្តិការ បាញ់បង្ហោះផ្កាយរណបចំនួន ២ជើង ឡើងទៅទីអវកាសក្នុងថ្ងៃព្រមគ្នា ប៉ុន្តែក្នុងនោះមួយជើងបានទទួលបរាជ័យ ដោយមិនអាចស្តារឡើងវិញបានឡើយ។ កាលពីរសៀលថ្ងៃចន្ទ ទី២៧ ខែកញ្ញា ចិនបានបង្ហោះផ្កាយរណប Jilin-1 Gaofen 02D មួយគ្រឿង ដោយប្រើប្រាស់រ៉ុក្កែត Kuaizhou-1A ចេញពីមូលដ្ឋាន Jiuquan នៅភាគពាយ័ព្យប្រទេស។

ផ្កាយរណបនេះ បានទៅដល់គន្លងដែលជាគោលដៅ ដោយជោគជ័យ។ ប៉ុន្មានម៉ោងក្រោយមក ផ្កាយរណបមួយទៀតគឺ Shiyan-10 ក៏ត្រូវបានបាញ់បញ្ជូនឡើងទីអវកាសផងដែរ តាមរយៈគ្រាប់រ៉ុក្កែត Long March 3B ចេញពីមូលដ្ឋាន Xichang នៅភាគនិរតីប្រទេស។ ការបាញ់ផ្កាយរណបទីពីរនេះបានទទួលបរាជ័យ ដោយសារវាបានបាត់បង់ ក្រោយផ្តាច់ខ្លួនចេញពីគ្រាប់រ៉ុក្កែត។ យ៉ាងណាក៏ដោយ មូលហេតុនៃការបាត់បង់នេះ គឺមិនត្រូវបានបញ្ជាក់ឲ្យច្បាស់លាស់នោះឡើយ។

គួរបញ្ជាក់ថា ការបង្ហោះផ្កាយរណបពីរជើងខាងលើនេះ គឺជាបេសកកម្មឡើងទីអវកាសលើកទី ៣៥ និងទី ៣៦ របស់ប្រទេសចិន ប្រចាំឆ្នាំ២០២១។ ពួកវាបានប្រព្រឹត្តទៅក្រោមប្រតិបត្តិការ របស់ក្រុមហ៊ុនអវកាសរដ្ឋចិន CASC ដែលកំពុងមានគោលដៅ ចេញបេសកកម្មឲ្យបានសរុបច្រើនជាង ៤០ជើង ក្នុងឆ្នាំនេះ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១)

480×240 Banner