តំបន់ប៉ូលខាងត្បូងផែនដី «ចុះត្រជាក់ខ្លាំងបំផុត» មិនធ្លាប់មានក្នុងកំណត់ត្រា

2,747

(បរទេស)៖ នៅចន្លោះខែមេសា និងកញ្ញា ឆ្នាំ២០២១នេះ ស្ថានីយស្រាវជ្រាវមួយ ដែលស្ថិតនៅលើទីខ្ពង់រាប ដ៏ខ្ពស់មួយនៃទ្វីបអង់តាក់ទិក បានកត់ត្រាសីតុណ្ហភាពជាមធ្យមរហូតដល់ – ៦១អង្សាសេឯណោះ។ នេះគឺជាសីតុណ្ហភាពត្រជាក់បំផុត ដែលមិនធ្លាប់បានកត់ត្រា ចាប់តាំងពីការចាប់ផ្តើមធ្វើកំណត់ត្រាជាប្រចាំចាប់ពីឆ្នាំ១៩៥៧ ឬស្មើនឹងកម្រិត ២.៥ អង្សាសេ ទាបជាងកំណត់ត្រាក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ។

អ្នកកាសែតល្បីឈ្មោះម្នាក់ គឺលោក Stefano Di Battista បានបង្ហោះព័ត៌មាននៅលើបណ្តាញសង្គម Twitter ថា កំណត់ត្រារដូវរងាដ៏ត្រជាក់បំផុតកាលពីលើកមុនគឺ – ៦០.៦ អង្សាសេ នៅក្នុងឆ្នាំ១៩៧៦។ កាសែត Washington Post របស់អាមេរិក បានដឹងពីកំណត់ត្រានេះ តាមរយៈលោក Battista ប៉ុន្តែបន្ទាប់មកទៀតក៏បានទៅបញ្ជាក់ ភាពច្បាស់លាស់នៃព័ត៌មាននេះ ជាមួយលោក Richard Cullather អ្នកវិទ្យាសាស្ត្រស្រាវជ្រាវនៅការិយាល័យគំរូ និងប្រមូលផ្តុំទិន្នន័យសកលរបស់អង្គការ NASA (Global Modeling and Assimilation Office)។

បន្ថែមពីខាងលើនេះ យោងតាមការបកស្រាយដោយលោកស្រី Amy Butler អ្នកវិទ្យាសាស្ត្រមួយរូបនៅ រដ្ឋបាលអាកាសធាតុ និងមហាសមុទ្រជាតិ (NOAA) នៃសហរដ្ឋអាមេរិកបានលើកឡើងថា «ការចុះត្រជាក់ខ្លាំងនេះ ទំនងជាបណ្តាលមកពីចរន្តខ្យល់បោកបក់ខ្លាំង នៅក្នុងស្រទាប់ទីពីរ (stratosphere ឬអាចហៅថាស្រទាប់់អូហ្សូន) នៃបរិយាកាសផែនដី។ ជាធម្មតានៅតំបន់ប៉ូល ខ្យល់នៅស្រទាប់ stratosphere តែងតែមានសន្ទុះខ្លាំងជាងធម្មតា។ ប្រការនេះ គឺផ្សាភ្ជាប់ជាមួយការចល័តផ្លាស់ទីនៃខ្យល់ក្តៅ ដែលធ្វើឲ្យខ្យល់ត្រជាក់ចល័តទៅប្រមូលផ្តុំ យ៉ាងច្រើននៅទ្វីបអង់តាក់ទិក»។

គួរបញ្ជាក់ថា ទ្វីបអង់តាក់ទិកត្រូវបានគេដឹងរួចទៅហើយថា ជាតំបន់ដ៏ត្រជាក់បំផុតនៅលើភពផែនដី។ អាកាសធាតុត្រជាក់ជាប់ក្នុងកំណត់ត្រាថ្មីនេះ គឺត្រឹមជាស្ថានភាពជាក់ស្តែងមួយ នៃការចុះត្រជាក់ដែលបានអូសបន្លាយនៅទីនោះប៉ុណ្ណោះ ប៉ុន្តែកន្លងមកនេះ ផ្កាយរណបមួយចំនួនធ្លាប់ចាប់បាន អាកាសធាតុចុះត្រជាក់ខ្លាំងដោយពេលៗ រហូតដល់ទៅ – ៩៨អង្សាសេ​ឯណោះ។

តំបន់ប៉ូលខាងត្បូងផែនដី «ចុះត្រជាក់ខ្លាំងបំផុត» មិនធ្លាប់មានក្នុងកំណត់ត្រា

យ៉ាងណាក៏ដោយ សីតុណ្ហភាពចុះត្រជាក់ទាបខាងលើនេះ គឺមិនមែនជារឿងអ្វីល្អនោះឡើយ ដោយវាគ្រាន់តែជាសញ្ញាបង្ហាញអំពី ការប្រែប្រួលខុសប្លែកពីធម្មតាកាន់តែខ្លាំងប៉ុណ្ណោះ ព្រោះកាលពីខែកក្កដាកន្លងទៅថ្មីនេះៗ ទ្វីបអង់តាក់ទិកដ៏ធ្លាប់ទទួលរងនូវ អាកាសធាតុក្តៅមិនធ្លាប់មាន នៅក្នុងកំណត់ត្រាផងដែរ។ ការប្រែប្រួលទាំងនេះ បូករួមទាំងការអង្កេតឃើញ ប្រហោងនៃស្រទាប់អូហ្សូន រីកកាន់តែធំពីលើទ្វីបអង់តាក់ទិកទៀតនោះ គឺសបញ្ជាក់ឲ្យយើងឃើញកាន់តែច្បាស់ថា ការប្រែប្រួលបរិយាកាសផែនដី ពិតជាកំពុងប៉ះពាល់កាន់តែខ្លាំង ដល់បម្រែបម្រួលបរិយាកាសនៅទ្វីបអង់តាក់ទិក៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Live Science (ថ្ងៃព្រហស្បតិ៍ ទី០៧ ខែតុលា ឆ្នាំ២០២១)

480×240 Banner