ចង់ដឹងអាយុកម្ទេចថ្មព្រះចន្ទ ដែលចិនជីកយកបាននោះទេ? វាក្មេងជាងដុំថ្មលើកមុន រហូតដល់ទៅ ១ពាន់លានឆ្នាំ
(ស៉ីដនី)៖ គំរូតាងកម្ទេចថ្ម ដែលប្រមូលបានពីលើផ្ទៃព្រះចន្ទ តាមបេសកកម្ម ឆាងអឺ ៥ (Chang’e-5) របស់ប្រទេសចិន ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្ត កំណត់អាយុឃើញថា «ខ្ទង់២ពាន់លានឆ្នាំ» ជាហេតុធ្វើឲ្យវាជាថ្មមានអាយុកាលក្មេងខ្ចីបំផុត ដែលរកឃើញនៅលើផ្ទៃព្រះចន្ទ។

ការកំណត់ឃើញអាយុកាលពីថ្មព្រះចន្ទខាងលើ ត្រូវបានធ្វើឡើងក្រោមការសហការរវាងក្រុមអ្នកវិទ្យាសាស្រ្តចិន និងអូស្រ្តាលី។ ក្រោយការវិភាគទៅលើទម្រង់ធាតុគីមីនៃកម្ទេចថ្មទាំងនោះ ពួកគេបានរកឃើញថា ពួកវាមានអាយុ ១ពាន់លានឆ្នាំ ក្មេងជាងកម្ទេចថ្មក្មេងបំផុត ដែលប្រមូលបាននាពេលកន្លងមក (៣ពាន់លានឆ្នាំ) ពីលើផ្ទៃព្រះចន្ទទៅទៀត ដោយប្រការនេះមានន័យថា ពួកវាមានអាយុកាលខ្ទង់ ២ពាន់លានឆ្នាំ។

គួរបញ្ជាក់ថា គំរូតាងកម្ទេចថ្មទាំងនោះ បានដឹកមកដល់ផែនដី តាមរយៈបេសកកម្មឋានព្រះចន្ទ Chang’e-5 របស់ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០២០។ វាជាលើកដំបូងបំផុត នៃការបញ្ជូនយានដោយមនុស្ស ឲ្យទៅដឹកយកដុំថ្មពីព្រះចន្ទមកកាន់ផែនដី គិតចាប់តាំងឆ្នាំ១៩៧៦មក គឺក្រោយបេសកកម្ម Apollo របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ត្រូវបានបិទបញ្ចប់៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Xinhua (ថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១)
