ទាយទៅមើលថា ចំណុចខ្មៅៗនេះជាអ្វី? «អង្គការ NASA ថតបាននៅពេលសូរ្យគ្រាសនៅសហរដ្ឋអាមេរិក»
អាមេរិក៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាតុភូតសូរ្យគ្រាសទាំងស្រុង បានជះស្រមោលសន្ធឹងពីភាគខាងលិច ដល់ភាគខាងកើតសហរដ្ឋអាមេរិក ជាលើកដំបូងនៅក្នុងអំឡុងពេលជិតមួយសតវត្សរ៍កន្លងទៅនេះ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺស្ថានីយ៍អវកាសអន្តរជាតិ ISS បានហោះឆ្លងកាត់រស្មីព្រះអាទិត្យថែមទៀតផង នៅអំឡុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ នេះបើតាមការដកស្រង់ព័ត៌មានចេញពីវែបសាយផ្លូវការរបស់អង្គារ NASA នៅរសៀលថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១។

ម្យ៉ាងវិញទៀតនាសប្តាហ៍នេះ ទីភ្នាក់ងារអវកាសអាមេរិក NASA ក៏បានបញ្ចេញកម្រងរូបភាពដ៏អស្ចារ្យ ស្តែងពីទិដ្ឋភាពនៃបាតុភូតសូរ្យគ្រាសទាំងស្រុង នៅលើសហរដ្ឋអាមេរិក ដែលថតបានពីស្ថានីយ៍អវកាសអន្តរជាតិ ISS ផងដែរ។ បន្ថែមពីនេះ NASA ថែមទាំងបានបញ្ចេញវីដេអូលក្ខណៈ Timelapse មួយផ្សេងទៀតផងបង្ហាញពីស្រមោលព្រះច័ន្ទ ជះឆ្លងកាត់មកលើសហរដ្ឋអាមេរិកទាំងមូល ដែលថតយកបានដោយកាមេរ៉ាដ៏មានអានុភាពរបស់ NASA ឈ្មោះថា EPIC នៅចម្ងាយប្រមាណ ១.៦លានគីឡូម៉ែត្រ ពីភពផែនដី។
![]()
គួរបញ្ជាក់ថា ឆ្នាំនេះជាលើកដំបូងក្នុងរយៈពេលជិតមួយសតវត្សរ៍ ដែលបាតុភូតសូរ្យគ្រាសទាំងស្រុងបានកើតមានឡើង ចាប់ពីចុងម្ខាងទៅដល់ចុងម្ខាងទៀតនៃទឹកដីសហរដ្ឋអាមេរិកបែបនេះ។ ចាប់ផ្តើមពីរដ្ឋ អូរ៉េហ្គន (Oregon) ភាគខាងលិចប្រទេស ឆ្ពោះទៅកាន់រដ្ឋ សោត ខារ៉ូលីណា (South Carolina) ភាគខាងកើត រួមទាំងរដ្ឋចំនួន១២ផ្សេងទៀតនៅចន្លោះនោះ ព្រះច័ន្ទបានធ្វើដំណើរគោចរទៅបាំងពន្លឺទាំងស្រុងរបស់ព្រះអាទិត្យរយៈពេលជាងពីរនាទី នៅតាមទីតាំងនីមួយៗ ដែលស្ថិតក្នុងគន្លងស្រមោលរបស់វា៕


