NASA កំណត់គោលដៅធំៗ «៥ចំណុច» ដើម្បីប្រយុទ្ធប្រឆាំងនឹង បញ្ហាបម្រែបម្រួលអាកាសធាតុ
(វ៉ាស៉ីនតោន)៖ ថ្មីៗនេះទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានបញ្ចេញផែនការសកម្មភាពថ្មីមួយ ដែលកំណត់នូវគោលដៅធំៗ ដើម្បីប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ហើយនិងផលប៉ះពាល់ដ៏អាក្រក់របស់វា ចំពោះភពផែនដីយើងនេះ។

បាតុភូតនៃការប្រែប្រួលអាកាសធាតុ ព្រមទាំងផលប៉ះពាល់របស់វា អាចបង្កការគំរាមកំហែងយ៉ាងធំធេង ចំពោះជីវិតនៅលើភពរបស់យើង ហើយឥឡូវវាត្រូវបានចាត់ទុកជា វិបត្តិអាកាសធាតុដ៏ធំមួយ ដូចដែលអង្គការសហប្រជាជាតិ ទើបតែបានរៀបរាប់កន្លងមក។ ផែនការរបស់ NASA ក្នុងការប្រយុទ្ធប្រឆាំង បញ្ហានៃការប្រែប្រួលអាកាសធាតុ រផ្តោតសំខាន់លើចំណុចចម្បងចំនួន៥។

ចំណុចទី ១៖ គឺកំណត់ពីទិដ្ឋភាពនៃការប្រែប្រួលអាកាសធាតុ ដែលគំរាមកំហែងចំពោះការប្រើប្រាស់ទីអវកាស, ចំណុចទី ២៖ ធ្វើសមាហរណកម្ម យុទ្ធសាស្រ្តនៃការសម្របខ្លួនសម្រាប់បញ្ហាអាកាសធាតុ ជាមួយផែនការមេរបស់ NASA, ចំណុចទី ៣៖ រួមបញ្ចូលការប្រែប្រួលអាកាសធាតុ ទៅក្នុងដំណើរការវិភាគហានិភ័យ និងការរៀបចំផែនការទប់ទល់។, ចំណុចទី ៤៖ គឺធ្វើបច្ចុប្បន្នភាពគំរូសិក្សាអំពីអាកាសធាតុ ដើម្បីបង្កើនការស្វែងយល់អំពីការគំរាមកំហែង និងភាពទន់ខ្សោយ, និងចំណុចទី ៥៖ បង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូផ្សេងៗ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងស្វែងរកដំណោះស្រាយសម្រាប់ការប្រែប្រួលអាកាសធាតុ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានគោលដៅដោះស្រាយវិបត្តិនៃការប្រែប្រួលអាកាសធាតុ ដោយមានការចូលរួមពី ទីភ្នាក់ងារសហព័ន្ធ និងក្រសួងជាច្រើន។ ហេតុដូចនេះហើយ ទីភ្នាក់ងារ NASA និងស្ថាប័នធំៗចំនួន ២២ទៀត បានបង្កើតផែនការសកម្មភាពថ្មី ដើម្បីប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១)
