យានជប៉ុន-អឺរ៉ុបឈ្មោះ BepiColombo ទើបហោះឆ្វែលភពពុធ និងផ្តិតបានទិដ្ឋភាពពិសេសៗ… (មានរូបភាព)

3,784

(អឺរ៉ុប)៖ យានអវកាស BepiColombo ដែលត្រូវបានអភិវឌ្ឍឡើងរួមគ្នាដោយ អង្គការអវកាសអឺរ៉ុប ESA និងជប៉ុន JAXA ទើបបានហោះឆ្វែលភពពុធ (Mercury) កាលពីថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១ (ពេលវេលាលើផែនដី) និងបានផ្តិតយករូបភាពសំខាន់ៗមួយចំនួន អំពីភពស្ថិតដើមគេនៃប្រព័ន្ធព្រះអាទិត្យយើងនេះ នៅក្នុងរយៈចម្ងាយតែ ២០០គីឡូម៉ែត្រប៉ុណ្ណោះពីផ្ទៃរបស់វា។

យានជប៉ុន-អឺរ៉ុបឈ្មោះ BepiColombo ទើបហោះឆ្វែលភពពុធ និងផ្តិតបានទិដ្ឋភាពពិសេសៗ… (មានរូបភាព)

យានអវកាស​ BepiColombo ត្រូវបានបាញ់បង្ហោះ​ចេញពី​​​មូលដ្ឋាន​របស់អឺរ៉ុប ស្ថិតនៅតំបន់រដ្ឋបាល​បារាំង ហ្គីយ៉ាណា (French Guiana) នៃទ្វីបអាមេរិក​ខាងត្បូង កាលពីអំលុងខែតុលា ឆ្នាំ២០១៨។ បេសកកម្មនេះ​មានផ្ទុកផ្កាយរណបចំនួន ០២គ្រឿង​ ដែលនឹងជួយគ្នា​ធ្វើការវាស់វែង​ ទៅលើ​បរិស្ថាន​របស់ភពពុធ​ក្នុងពេលព្រមគ្នា​តែម្តង។ ក្នុងចំណោមផ្កាយរណបទាំងពីរគ្រឿងនោះ មួយជារបស់អឺរ៉ុបមានឈ្មោះថា MPO (Mercury Planetary Orbiter) និងមួយទៀតជារបស់ជប៉ុនមានឈ្មោះថា Mio (Mercury Magnetospheric Orbiter)។

ខាងលើនេះត្រឹមតែជាការហោះឆ្លងកាត់ (Fly By) ភពពុធប៉ុណ្ណោះ ហើយវានឹងធ្វើបែបនេះសរុប ៦លើក រហូតដល់ចុងឆ្នាំ២០២៥ ទើបវាហោះជ្រៀតចូលក្នុង គន្លងគោចរជុំវិញភពពុធតែម្តង។

(Image credit: ESA/BepiColombo/MTM, CC BY-SA 3.0 IGO)

អំលុងការហោះឆ្វែលកាលពីចុងសប្តាហ៍មុននេះ យានអវកាស BepiColombo បានផ្តិតយករូបភាពផ្ទៃភពពុធ ដែលមើលទៅមិនសូវខុសពី ផ្ទៃព្រះចន្ទរបស់ផែនដីយើងប៉ុន្មាននោះឡើយ។ កាមេរ៉ារបស់ BepiColombo បានផ្តិតយកទិដ្ឋភាពអឌ្ឍគោលខាងត្បូងភពពុធ នៅពេលព្រះអាទិត្យទើបរះលើតំបន់មួយឈ្មោះ Astrolabe Rupes ដែលយកឈ្មោះតាមនាវាស្រាវជ្រាវទ្វីបអង់តាកទិចរបស់បារាំង។

(Image credit: ESA/BepiColombo/MTM, CC BY-SA 3.0 IGO)

គួររំលឹកថា ក្រុមអ្នកវិទ្យាសាស្ត្រ​ធ្លាប់បាន​បញ្ជូនយានស្រាវជ្រាវ​ចំនួន ០២គ្រឿង ទៅកាន់​ភពពុធ (Mercury)។ មួយគ្រឿង​ដំបូងឈ្មោះ Mariner 10 បានធ្វើការ​ហោះ​​ឆ្វែល​​​ជាដដែល​ៗចំនួនប៉ុន្មាន​លើក កាលពីទសវត្សរ៍ទី៧០។ យាន​បន្ទាប់ទី០២ កាលពីប៉ុន្មាន​ឆ្នាំមុន បានឈាន​ដល់ទីបញ្ចប់​នៃ​​​ការបំពេញ​បេសកកម្ម​របស់វា ហើយទម្លាក់ខ្លួន​កម្ទេចចោល​ នៅលើផ្ទៃ​របស់ភពពុធ​ដូចទៅនឹង​អ្វីដែល​យាន Cassini នៅ​ភពសៅរ៍ (Saturn) បានធ្វើដែរ ដោយវាមាន​ឈ្មោះថា​ បេសកកម្ម MESSENGER។

យាន MESSENGER បានរកឃើញ​រឿងចម្លែកៗសឹងតែ​គ្រប់បែបយ៉ាង​ ស្តីអំពី​ភពពុធ ដោយក្នុងនោះ​មានតាំងពី​ផ្ទាំងទឹកក ដែល​អាច​​រក្សាវត្តមាន​នៅលើ​ភពនេះបាន ជាមួយនិង​ស៊ីតុណ្ហភាព​ដ៏ក្តៅបំផុត នៃផ្ទៃរបស់វា។ MESSENGER ក៏បានរក​ឃើញ​សមាស​ធាតុកាបូន​ដ៏ចម្លែក, សារធាតុកាល់ស្យូម​ដ៏ក្រាស់ខុស​ពីធម្មតា នៅផ្នែកយប់​នៃភពនេះ, ព្រមទាំងដែនម៉ាញេទិច​ដ៏ខុសប្លែកមួយ និង​រឿងជាច្រើន​ផ្សេងទៀតផងដែរ។​

ភពពុធពុំមែន​ជាទីកន្លែង​ ដែលងាយស្រួល​នឹងទៅដល់ឡើយ ដោយ​យាន MESSENGER ត្រូវចំណាយ​ពេលធ្វើការហោះ​ឆាប Flyby ដល់ទៅ ០៣លើក ដើម្បីអាចបង្អង់​ល្បឿនរបស់វា​បានគ្រប់គ្រាន់ ក្នុងការ​ចូលទៅ​ធ្វើគោចរ​នៅក្បែរ Mercury ហើយម៉្យាងវិញ​ទៀត វាគឺជាបរិស្ថានក៏ដូចជា​បរិយាកាស​ដ៏លំបាកមួយ ដោយសារ​តែវាហាក់​ដូចជាអ្នកដុត​និងបង្កក​យានអវកាស​របស់អ្នកចុះ​ឡើងៗ​អីចឹង នៅទីនោះ ដែលជារឿងមិន​ល្អប៉ុន្មានឡើយ សម្រាប់គ្រឿង​អេឡិច​ត្រូនិច។

ស្វែងយល់បន្ថែម៖ ភពពុធជាភពទី ១ ក្នុងប្រព័ន្ធព្រះអាទិត្យ និងមានចម្ងាយពីព្រះអាទិត្យ ៥៨លានគីឡូម៉ែត្រ ដោយប្រើពេល​គោចរមួយជុំវិញតែ ៨៨ថ្ងៃប៉ុណ្ណោះ (ផែនដី ៣៦៥ថ្ងៃ)។ ភពនេះ​មានលក្ខណៈ​​ស្ទើរតែទាំងស្រុង​ ស្រដៀងនឹងព្រះច័ន្ទរបស់យើង (គ្មានបរិយាកាស គ្មានកម្លាំងទំនាញ និងផ្ទៃពណ៌សៗដូចផេះ)។ ទោះបីស្ថិតនៅ​ជិតព្រះអាទិត្យជាងគេក្តី តែវាក៏មិនក្តៅ​​ជាងគេ​នោះដែរ (ភពសុក្រក្តៅជាង) ដោយកម្តៅលើផ្ទៃចំពោះមុខព្រះអាទិត្យជាង ៤០០អង្សាសេ ខណៈផ្ទៃមួយផ្នែកដែលងងឹត មានសីតុណ្ហភាពដករាប់រយអង្សាសេឯណោះ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១)

480×240 Banner