កាន់តែកៀកថ្ងៃហើយ! តេឡេស្កូប «James Webb» ជិះកប៉ាល ១៦ថ្ងៃ ទៅដល់កន្លែងត្រៀមបាញ់បង្ហោះ (មានវីដេអូ)

12,305

(អាមេរិក)៖ ទីបំផុតតេឡេស្កូបអវកាស ចេមស៍ វែប (James Webb) ត្រូវបានដឹកជញ្ជូនតាមកប៉ាល់ ទៅដល់ដែនដីបារាំង ហ្គាយ៉ាណា (Guiana) ហើយ ដែលស្ថិតនៅភាគឦសាន នៃទ្វីបអាមេរិកខាងត្បូង។ តេឡេស្កូបអវកាស ដែលមានតម្លៃអភិវឌ្ឍ និងផលិតសរុប ៩.៨ពាន់លានដុល្លារមួយគ្រឿងនេះ នឹងត្រូវបាញ់បង្ហោះទៅកាន់ទីអវកាស នៅចុងឆ្នាំ២០២១ នេះតែម្តង។

កប៉ាល់ឈ្មោះ MN Colibri ដែលដឹកជញ្ជូនកែវយឺតអវកាស James Webb របស់អង្គការ NASA បានចំណាយពេលសរុប ១៦ថ្ងៃ ធ្វើដំណើរពីតំបន់ឆ្នេរ Seal Beach នៃសង្កាត់ Orange County រដ្ឋកាលីហ្វ័រញ៉ា (នៅជាប់មហាសមុទ្រប៉ាស៊ីហ្វិក) កាលពីថ្ងៃទី២៦ ខែកញ្ញា រួចឆ្លងកាត់ព្រែកជីកប៉ាណាម៉ា និងសមុទ្រការីបៀន ហើយបន្ទាប់មកទើបមកដល់ដែនដីបារាំង Guiana ស្ថិតនៅជាប់មហាសមុទ្រអាត្លង់ទិក កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ (ពេលវេលានៅអាមេរិក)។ ការដឹកជញ្ជូននេះមានចម្ងាយសរុប ៩,៣០០គីឡូម៉ែត្រ។

កាន់តែកៀកថ្ងៃហើយ! តេឡេស្កូបឆ្លុះចក្រវាល «James Webb» ជិះកប៉ាល់អស់១៦ថ្ងៃ ទៅដល់កន្លែងត្រៀមបាញ់បង្ហោះ

បើតាមការបញ្ជាក់ពីអង្គការ NASA តេឡេស្កូប James Webb នឹងត្រូវរៀបចំដាក់ទៅក្នុងគ្រាប់រ៉ុក្កែត Ariane 5 របស់អង្គការអវកាសអឺរ៉ុប ESA រួចទើបធ្វើការបាញ់បង្ហោះ ចេញពីមូលដ្ឋានស្ថិតនៅក្នុងទីក្រុង Kourou នៃដែនដីបារាំង Guiana នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ (ពេលវេលានៅក្នុងតំបន់នោះ)។ បន្ទាប់ពីការបាញ់បង្ហោះរួច តេឡេស្កូប James Webb ដែលមានទម្ងន់សរុប ៦,២០០គីឡូក្រាមមួយនេះ នឹងត្រូវចល័តបន្តិចម្តងៗ រហូតដល់គន្លងគោចរមួយ ដែលមានរយៈចម្ងាយ ១.៥លានគីឡូម៉ែត្រពីភពផែនដី។

ជុំវិញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃមនុស្សជាតិ ដែលកាន់តែកៀកនឹងកើតឡើងនេះ ប្រធានអង្គការ NASA លោក Bill Nelson បានលើកឡើងក្នុងឱកាសខាងលើនេះថា «កែវយឺតអវកាស James Webb គឺជាសមិទ្ធផលដ៏ធំមួយដែលបង្កើតឡើង ដើម្បីផ្លាស់ប្តូរទស្សនៈរបស់យើងអំពីចក្រវាឡ និងផ្តល់នូវគុណតម្លៃផ្នែកវិទ្យាសាស្ត្រដ៏អស្ចារ្យ។ Webb នឹងក្រឡេកមើលទៅជាង ១៣ពាន់លានឆ្នាំមុន ទៅរកពន្លឺដែលបានបង្កើតឡើងបន្ទាប់ Big Bang ជាមួយអំណាចដែលអាចបង្ហាញមនុស្សជាតិលើផែនដី នូវការអង្កេតទៅដល់ទីឆ្ងាយបំផុត ដែលយើងមិនធ្លាប់បានឃើញ… ឥឡូវនេះយើងកំពុងខិតកាន់តែជិត ក្នុងការរកឃើញអាថ៌កំបាំងនៃទីអវកាស ដោយសារជំនាញ និងបទពិសោធន៍របស់ក្រុមការងារ ដ៏អស្ចារ្យរបស់យើងហើយ»៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១)

480×240 Banner