នៅឆ្នាំ ២១០០, ពួកវាទាំងនេះអាចនឹងត្រូវ «ផុតពូជទាំងស្រុង» ព្រោះតែផែនដីកើនឡើងកម្តៅ

774

(បរទេស)៖ លទ្ធផលសិក្សាស្រាវជ្រាវថ្មីមួយបានព្យាករថា នៅចុងសតវត្សរ៍ទី២១នេះ ផ្ទាំងទឹកកកនៅតំបន់មហាសមុទ្រទឹកកកអាក់ទិច នៃប៉ូលខាងជើង ប្រហែលរលាយបាត់ទាំងស្រុងកំលុងរដូវក្តៅ។ ប្រការនេះអាចរុញច្រានសត្វខ្លាឃ្មុំទឹកកក និងអម្បូរសត្វផ្សេងៗទៀត ដែលរស់នៅដោយពឹងផ្អែកលើទឹកកក ឈានទៅរកការផុតពូជពីលើផែនដី។

កន្លែងមានរហស្សនាមថា តំបន់ទឹកកកចុងក្រោយ (Last Ice Area) គឺជាតំបន់ដែលមានផ្ទុកផ្ទាំងទឹកកកចំណាស់ៗ និងក្រាស់ៗបំផុតនៅមហាសមុទ្រអាក់ទិច។ វាលាតសន្ធឹងទំហំប្រមាណ ១លានគីឡូម៉ែត្រក្រឡា នៅភាគខាងជើងកោះយក្សគ្រីនលែន (Greenland) និងប្រទេសកាណាដា។ រហូតមកទល់ពេលនេះ ទោះបីជាផ្ទាំងទឹកកកកន្លែងផ្សេងទៀតបានបាត់បង់ជាបន្តបន្ទាប់ក៏ដោយ ក៏តំបន់ទឹកកកចុងក្រោយ តែងតែនៅរក្សាវត្តមានផ្ទាំងទឹកកកជានិច្ចនាកំលុងរដូវក្តៅ។

ប៉ុន្តែការសិក្សាថ្មីមួយទើបបង្ហាញថា ទោះស្ថិតក្រោមសេណារីយ៉ូសុទិដ្ឋិនិយម ឬទុទិដ្ឋិនិយមក៏ដោយ សម្រាប់ស្ថានភាពសីតុណ្ហភាព ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ គឺផ្ទាំងទឹកកកនៅមហាសមុទ្រអាក់ទិច នឹងនៅសល់តិចតួចបំផុត ឬបាត់បង់ទាំងស្រុង នៅត្រឹមចុងសតវត្សរ៍នេះ។

ចំពោះសេណារីយ៉ូសុទិដ្ឋិនិយម គឺកម្រិតនៃការបញ្ចេញឧស្ម័នកាបូនិចទៅក្នុងបរិយាកាស ត្រូវបានកាត់បន្ថយដល់កម្រិតយ៉ាងប្រសើរមួយ ដែលទប់ស្កាត់ពីការកើនឡើងកម្តៅអាក្រក់បំផុត អាចផ្តល់ឱកាសឲ្យតំបន់ទឹកកកចុងក្រោយ នៅមានផ្ទាំងទឹកកកខ្លះៗកំលុងរដូវក្តៅ។ ប៉ុន្តែចំពោះសេណារីយ៉ូ ទុទិដ្ឋិនិយមវិញ គឺកម្រិតនៃការបញ្ចេញឧស្ម័នកាបូនិច នៅតែបន្តកើនឡើងគ្មានអន់ថយ នោះផ្ទាំងទឹកកកនារដូវក្តៅ និងសត្វនានាដែលរស់នៅលើនោះ អាចនឹងបាត់ស្រមោលទាំងស្រុង នៅឆ្នាំ២១០០។

គួរបញ្ជាក់ថា ផ្ទាំងទឹកកកនៅមហាសមុទ្រអាក់ទិច តែងតែរីកនិងរួម ហើយមានកម្រាស់ក្រាស់និងស្តើង ទៅតាមរដូវកាលក្នុងមួយឆ្នាំៗ។ ខែកញ្ញា គឺជាពេលដែលវាបាត់បង់ទឹកកកច្រើនបំផុត ខណៈខែមីនា គឺជាពេលដែលវាមានទឹកកកច្រើនបំផុត៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Live Science (ថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១)

480×240 Banner