ចិនបញ្ជូនយានអវកាស និងអវកាសយានិកបន្ថែមទៀត ឡើងទៅកាន់ស្ថានីយអវកាសថ្មី

634

(ជីក្វាន់)៖ ប្រទេសចិននៅពេលរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី១៦​ ខែតុលា ឆ្នាំ២០២១នេះ បានបាញ់បង្ហោះយានអវកាស ផ្ទុកអវកាសយានិកចិនសរុបចំនួន ០៣រូប ឡើងទៅកាន់ស្ថានីយអវកាសថ្មី ដែលខ្លួនកំពុងកសាងនោះហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

យានអវកាសថ្មីខាងលើនេះមានឈ្មោះថា ហ្សិនចូវ ១៣ (Shenzhou-13) ឬ «យានជំនិះទេវតា» (នៅក្នុងអត្ថន័យរបស់ភាសាចិន) ត្រូវបានដឹកនាំដោយគ្រាប់រ៉ុក្កែត Long March-2F ចេញពីមូលដ្ឋានបាញ់បង្ហោះ ជីវក្វាន់ (Jiuquan) ស្ថិតក្នុងតំបនវាលខ្សាច់ ហ្គោពី (Gobi) នៃខេត្ត កាន់ស៊ូ (Gansu) ភាគពាយ័ព្យប្រទេសចិន កាលពីវេលាម៉ោង ១២៖២៣នាទី អធ្រាត្រ (ម៉ោងនៅទីក្រុងប៉េកាំង)។

គួរបញ្ជាក់ថា នៅក្នុងយាន Shenzhou-13 នោះមានអវកាសយានិកសរុប ៣រូបដូចជា លោក ចាយ ជីហ្គាង (Zhai Zhigang) អាយុ ៥៥ឆ្នាំ, លោកស្រី វ៉ាង យ៉ាងពីង (Wang Yaping) អាយុ ៤១ឆ្នាំ និងលោក យែ ក្វាងហ្វ៊ូ (Ye Guangfu) អាយុ ៤១ឆ្នាំ។ ក្រុមអវកាសយានិកចិនលើកនេះ នឹងត្រូវស្នាក់នៅក្នុងទីអវកាសចំនួន ៦ខែ ដែលជាបេសកកម្មនៅទីអវកាស មានរយៈពេលយូរបំផុតសម្រាប់ប្រទេសចិន។

ចិនបញ្ជូនយានអវកាស និងអវកាសយានិកបន្ថែមទៀត ឡើងទៅកាន់ស្ថានីយអវកាសថ្មី

បេសកកម្មយាន Shenzhou-13 គឺជាបេសកកម្មទី៥ ក្នុងកិច្ចប្រឹងប្រែងសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួនរបស់ចិន ដែលបានចាប់ផ្តើមដំបូង កាលពីខែមេសា ឆ្នាំ២០២១ នៅពេលកំណាត់បន្ទប់ស្នូល ធានហឺ (Tianhe) ត្រូវបានបញ្ជូនឡើងទីអវកាស។ វាក៏នឹងជាបេសកកម្មបញ្ជូនមនុស្សជើងទី ២ ផងដែរ ដោយក្រុមអវកាសយានិកជើងទី ១ ទើបតែបានត្រឡប់មកដល់ផ្ទៃផែនដីវិញ កាលពីពាក់កណ្តាលខែមុន ក្រោយបំពេញបេសកកម្មរយៈពេល ៩០ថ្ងៃ។

(Image credit: Global Time)

មកទល់ពេលនេះ ប្រទេសចិនបានបញ្ជូនអវកាសយានិកខ្លួនសរុប ១៤នាក់ ឡើងទៅកាន់ទីអវកាស គិតចាប់តាំងពីឆ្នាំ២០០៣មក នៅពេលដែលចិនក្លាយជាប្រទេសទី ៣ បន្ទាប់ពីអតីតសហភាពសូវៀត (រុស្ស៉ី) និងសហរដ្ឋអាមេរិក ដែលបានសម្រេចរឿងបែបនោះដោយខ្លួនឯង៕

ប្រភព៖ Xinhua (ថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១)

480×240 Banner