HOT NEWS: យាន Lucy របស់ NASA ត្រូវបានបាញ់បង្ហោះហើយ ដើម្បីទៅស្រាវជ្រាវក្រុមអាចម៍ផ្កាយ Trojan ស្ថិតនៅគន្លងគោចរជាមួយ Jupiter

986

(ផ្ល័ររីដា)៖ នៅទីបំផុតយាន លូស៊ី (Lucy) ត្រូវបានអង្គការ NASA បាញ់បង្ហោះហើយ ចេញពីមូលដ្ឋានទ័ពអាកាស ខេព ខាណាវើរ៉ល (Cape Canaveral) នៃរដ្ឋផ្ល័ររីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក ហើយវានឹងហោះទៅរកចង្កោមអាចម៍ផ្កាយ ត្រូចេន (Trojan) ស្ថិតនៅក្នុងគន្លងគោចរជាមួយភពព្រហស្បតិ៍ (Jupiter)។

យានឈ្មោះ Lucy ខាងលើនេះ ត្រូវបានដាក់ក្នុងប្រអប់ស្តុក និងបំពាក់លើគ្រាប់រ៉ុក្កែត អាត្លាស់ V (Atlas V) នៃក្រុមហ៊ុន UAL របស់សហរដ្ឋអាមេរិក ដែលបានរួមសហការគ្នាផងដែរជាមួយក្រុមហ៊ុន Boeing និង Lockheed Martin។ រ៉ុក្កែតផ្ទុក Lucy ត្រូវបានបញ្ឆេះ និងហោះឡើងនៅវេលាម៉ោង ៥៖៣៤នាទីព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅរដ្ឋផ្ល័ររីដា)។

HOT NEWS: យាន Lucy របស់ NASA ត្រូវបានបាញ់បង្ហោះហើយ ដើម្បីទៅស្រាវជ្រាវក្រុមអាចម៍ផ្កាយ Trojan ស្ថិតនៅគន្លងគោចរជាមួយ Jupiter

គួរបញ្ជាក់ថា ក្រុមអាចម៍ផ្កាយ Trojan ធ្វើដំណើរជុំវិញព្រះអាទិត្យនៅក្នុងចង្កោមចំនួនពីរ ដោយចង្កោមនាំមុខរបស់វា ស្ថិតនៅខាងមុខភពព្រហស្បតិ៍ និងមួយទៀតស្ថិតនៅពីខាងក្រោយភពព្រហស្បតិ៍។ អ្នកវិទ្យាសាស្រ្តជឿជាក់ថា អាចម៍ផ្កាយទាំងនេះជាវត្ថុដ៏ចំណាស់ ដែលបន្សល់ទុកពីសម័យកកើតភពនៅរង្វង់ខាងក្រៅ (Outer Planets ឬ Outer Solar System) ក្នុងប្រព័ន្ធព្រះអាទិត្យយើង ដូច្នេះហើយពួកគេចង់ស្វែងយល់ ពីក្រុមដុំថ្មអវកាសទាំងអស់នេះឲ្យបានលម្អិត។

ក្រោយហោះឡើងចេញពីផ្ទៃផែនដី យាន Lucy ក្រឡឹងភពរបស់យើងពីរជុំ ដើម្បីប្រើកម្លាំងទំនាញភពយើង ក្នុងការរុញច្រានល្បឿនទៅមុខ។ បន្ទាប់មកវាត្រូវបានគេរំពឹងថា នឹងឆ្វែលអាចម៍ផ្កាយដំបូងនៅខែមេសា ឆ្នាំ២០២៥។ អាចម៍ផ្កាយនោះមានឈ្មោះថា ដូណាល់ ចូហាន់សុន (Donald Johanson) និងស្ថិតនៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ ដែលនៅចន្លោះភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter)។

បន្ទាប់មកទៀត យាន Lucy នឹងហោះឆ្វែលអាចម៍ផ្កាយ Trojan ចំនួន ០៤ ដែលនៅចង្កោមនាំមុខ។ ព្រឹត្តិការណ៍ហោះឆ្វែលនេះ នឹងកើតឡើងនៅខែសីហា ឆ្នាំ២០២៧, ខែកញ្ញា ឆ្នាំ២០២៧, ខែមេសា ឆ្នាំ២០២៨, ខែវិច្ឆិកា ឆ្នាំ២០២៨។ ក្រោយមក Lucy នឹង ឆ្ពោះទៅរកចង្កោមអាចម៍ផ្កាយ Trojan ដែលនៅពីក្រោយភពព្រហស្បតិ៍ម្តង។ ជាចុងក្រោយវានឹងហោះឆ្វែលអាចម៍ផ្កាយ Trojan ភ្លោះនៅទីនោះ នៅខែមីនា ឆ្នាំ២០៣២ មុនបិទបញ្ចប់បេសកកម្មរយៈពេល ១២ឆ្នាំរបស់វា៕

ប្រភព៖ Reuters (ថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១)

480×240 Banner