NASA អាចជ្រើសរើសក្រុមហ៊ុនថែម១ទៀត ដើម្បីផលិតយានអវកាស ដឹកមនុស្សទៅឋានព្រះចន្ទ? (មានវីដេអូ)
(វ៉ាស៊ីនតោន)៖ គណៈកម្មាធិការធំបំផុតនៃព្រឹទ្ធសភាអាមេរិក បានជំរុញឲ្យអង្គការ NASA ជ្រើសរើសក្រុមហ៊ុនបន្ថែមមួយទៀត ដើម្បីផលិតយានអវកាសដឹកមនុស្ស ទៅកាន់ឋានព្រះចន្ទ ដែលនឹងត្រូវធ្វើឡើងនៅប៉ុន្មានឆ្នាំខាងមុខនេះ។ កាលពីខែមេសា ឆ្នាំ២០២១ អង្គការ NASA បានចុះកិច្ចសន្យាតែជាមួយក្រុមហ៊ុន SpaceX របស់លោក Elon Musk មួយប៉ុណ្ណោះ ដើម្បីធ្វើរឿងនេះ។
គម្រោង Artemis របស់អង្គការ NASA នឹងដឹកនាំមនុស្សជាថ្មីទៅកាន់ឋានព្រះចន្ទ និងជាលើកដំបូងដែលមនុស្ស ត្រូវស្នាក់នៅទីនោះក្នុងរយៈពេលយូរ ដើម្បីកសាងមូលដ្ឋានរបស់មនុស្សលោក នៅលើផ្ទៃព្រះចន្ទតែម្តង ដោយចាប់ផ្តើមពីឆ្នាំ ២០២៤ ខាងមុខនេះតទៅ។ ទោះបីជាមានការវិភាគថា ឆ្នាំ២០២៤ អាចនឹងឆាប់រហ័សពេកក្តី ប៉ុន្តែគម្រោងការណ៍ទាំងមូល គឺកំពុងដំណើរការទៅមុខហើយ។

ការជ្រើសរើសយកតែក្រុមហ៊ុន SpaceX មួយ ឲ្យផលិតយានដឹកមនុស្សទៅកាន់ឋានព្រះចន្ទ កាលពីខែមេសានោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលរួចទៅហើយ ខណៈពីដំបូងឡើយក្រុមហ៊ុនចំនួន ២ ឯណោះ ក្នុងចំណោម ៣ ដែលត្រូវបានគេរំពឹងថា នឹងត្រូវជ្រើសរើសដោយអង្គការ NASA។ ប្រការនេះក៏បានជំរុញឲ្យក្រុមហ៊ុន Blue Origin របស់កំពូលមហាសេដ្ឋី Jeff Bezos ដាក់ពាក្យប្តឹងអង្គការ NASA រួចមកហើយដែរ ព្រោះតែការមិនរើសយកខ្លួន។

គួរបញ្ជាក់ថា គណៈកម្មាធិការត្រួតពិនិត្យភាពសមស្រប ដែលជាគណៈកម្មាធិការធំបំផុត ក្នុងចំណោមគណៈកម្មាធិការផ្សេងៗទៀត នៅក្នុងព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃទី១៨ ខែតុលា ត្រូវបានគេដឹងថា ពួកគេទំនងជាចង់ឲ្យអង្គការ NASA ជ្រើសរើសយកក្រុមហ៊ុន Blue Origin ថែមមួយទៀត។ គម្រោងរបស់អង្គការ NASA ត្រូវបានដាក់ឈ្មោះថា ប្រព័ន្ធចុះចតរបស់មនុស្សលើឋានព្រះចន្ទ (Human Landing System ឬ HLS) បានទទួលទឹកប្រាក់ឧបត្ថម្ភសរុប ២៤.៨៣ពាន់លានដុល្លារ រួចមកហើយពីរដ្ឋាភិបាល។

យ៉ាងណាក៏ដោយ ប្រភពពីក្រុមជំនាញអង្គការ NASA បានឲ្យដឹងថា ពួកគេបានស្តីបន្ទោស ចំពោះការចង់បានរបស់គណៈកម្មាធិការព្រឹទ្ធសភាខាងលើនេះ ដោយលើកហេតុផលថា ការមានក្រុមហ៊ុនចំនួន ២ ចូលរួមក្នុងការផ្តល់សេវាដឹកជញ្ជូន សម្រាប់កម្មវិធីអភិវឌ្ឍ ច្រកទ្វារអវកាសឋានព្រះចន្ទ (Lunar Space Station Gateway) វាមិនខុសអ្វីពីការបិទបញ្ចប់ គោលដៅនៃកម្មវិធីអភិវឌ្ឍនាពេលបច្ចុប្បន្ននេះទេ។ ទោះជាបែបនេះក្តី ប្រធានអង្គការ NASA លោក Bill Nelson បាននិងកំពុងរៀបចំដាក់ពាក្យស្នើ អំពីផែនការជ្រើសរើសក្រុមហ៊ុនទី ២ ឲ្យចូលរួមក្នុងបេសកកម្មនេះទៅកាន់សភាអាមេរិក ដើម្បីស្នើសុំកញ្ចប់ថវិកាបន្ថែម៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១)
