ក្រោយបាញ់បង្ហោះរួច, តើតេឡេស្កូបអវកាស James Webb ត្រូវចល័តប៉ុន្មានថ្ងៃ ទើបទៅដល់កន្លែងឈរជើង?
(អាមេរិក)៖ ថ្ងៃបាញ់បង្ហោះក៏ត្រូវបានកំណត់ជាថ្មីរួចរាល់ ហើយតេឡេស្កូបអវកាស James Webb ក៏ត្រូវបានដឹកទៅដល់ដែនដីបារាំង Guiana ស្ថិតនៅភាគឦសានទ្វីបអាមេរិកខាងត្បូងរួចរាល់។ ប៉ុន្តែសំនួរសំខាន់ៗមួយចំនួនទៀត នៅមិនទាន់ត្រូវបានបកស្រាយនៅឡើងទេ នោះគឺ៖ តើ James Webb ត្រូវឆ្លងកាត់ប៉ុន្មានដំណាក់កាលទៀត នៅក្រោយហោះចេញពីផែនដី និងប្រើរយៈពេលប៉ុន្មានថ្ងៃ ទើបចល័តទៅដល់កន្លែងវាត្រូវឈរជើង?

បើតាមអង្គការ NASA ទើបតែបានបញ្ជាក់ថា James Webb នឹងត្រូវឆ្លងកាត់ការដាក់ពង្រាយ ឬបញ្ចេញឧបករណ៍សំខាន់ៗពីតួខ្លួនវា សរុបរហូតដល់ទៅ ៥០លើក នៅក្រោយការបាញ់បង្ហោះផុតពីផ្ទៃផែនដី នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ (ពេលវេលានៅអាមេរិកឡាទីន)។

កាលពីពេលថ្មីៗនេះ វីដេអូមួយត្រូវបានបញ្ចេញមានចំណងជើងថា «29 Days on the Edge»។ វីដេអូនេះរៀបរាប់អំពីដំណើររបស់ James Webb គិតចាប់ពីការបាញ់បង្ហោះចេញពីផែនដី និងចល័តតាមគន្លងគោចរសន្សឹមៗ រហូតដល់គន្លង L2 ដែលមានចម្ងាយ ១.៥លានគីឡូម៉ែត្រពីផែនដី ដោយប្រើប្រើប្រាស់រយៈពេល ២៩ថ្ងៃ។ ដូច្នេះមានន័យថា នៅក្រោយការបាញ់់បង្ហោះ James Webb នឹងទៅដល់ទីតាំងឈរជើងរបស់វា នៅអំលុងពាក់កណ្តាលខែមករា ឆ្នាំ២០២២។

គួរបញ្ជាក់ថា គ្រាប់រ៉ុក្កែត Ariane 5 របស់អង្គការ ESA នឹងពាំតេឡេស្កូប James Webb ឡើងទៅកាន់គន្លងគោចរជុំវិញផែនដី នៅថ្ងៃទី១៨ ខែធ្នូ ហើយក្រោយពេលទៅដល់គន្លងគោចរ អង្គការ NASA នឹងត្រូវប្រើប្រាស់ពេល ១២ម៉ោងសិន ដើម្បីត្រួតពិនិត្យដំណើរការនូវគ្រប់ឧបករណ៍សំខាន់ៗ បំពាក់លើខ្លួនតេឡេស្កូបទម្ងង់ ៦.៥តោនមួយគ្រឿងនេះ។ នៅពេលដឹងថា អ្វីៗនៅល្អដូចប្រក្រតី នោះទើប James Webb អាចត្រូវព្រលែងឲ្យចល័តទៅរកគោលដៅវាបាន៕
ទស្សនាវីដេអូ James Webb ទៅដល់កន្លែងត្រៀមបាញ់បង្ហោះ៖
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១)
