ទាល់តែមាន «យានអវកាស-នុយក្លេអ៊ែរ» ទើបអាមេរិកអាចនៅបន្តនាំមុខគេបាន ជាពិសេសគឺ «ចិន» (មានវីដេអូ)
(វ៉ាស៊ីនតោន)៖ អ្នកជំនាញអង្គការ NASA បាននិយាយថា សហរដ្ឋអាមេរិកត្រូវការវិនិយោគបន្ថែមទៀត ទៅលើយានអវកាសដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីប្រកួតប្រជែងជាមួយប្រទេសនានា ជាពិសេសគឺចិន ដែលកំពុងអភិវឌ្ឍវិស័យអវកាស យ៉ាងឆាប់រហ័សជាទីបំផុត។

អំលុងសវនាការមួយនៅសភា ដើម្បីស្តាប់គោលនយោបាយរដ្ឋាភិបាល កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១, អ្នកជំនាញមកពីអង្គការ NASA និងឧស្សាហកម្មអវកាសនានា បានពិភាក្សាអំពីរបៀបដែលសហរដ្ឋអាមេរិក ត្រូវទប់ទល់នឹងប្រទេសផ្សេងៗទៀត នៅពេលនិយាយអំពីការអភិវឌ្ឍន៍បច្ចេកវិទ្យារុញច្រានថ្មី ដើរដោយថាមពលនុយក្លេអ៊ែរ។ ពួកគេសុទ្ធតែយល់ឃើញថា អាមេរិកត្រូវតែបោះជំហានឲ្យបានលឿន ប្រសិនបើខ្លួនចង់បន្តនាំមុខគេជានិច្ច។

សវនាការរបស់គណៈកម្មាធិការសភាអាមេរិក ដែលមានចំណងជើងថា «ការបង្កើនល្បឿននៃការធ្វើដំណើរក្នុងលំហអវកាសឆ្ងាយៗ ជាមួយនឹងថាមពលនុយក្លេអ៊ែរជំរុញទៅក្នុងលំហ» ត្រូវបានធ្វើឡើងនៅចំពោះមុខ គណៈកម្មាធិការវិទ្យាសាស្ត្រ អវកាស និងបច្ចេកវិទ្យារបស់សភាតំណាងសហរដ្ឋអាមេរិក។
លោកស្រី Bhavya Lal ទីប្រឹក្សាជាន់ខ្ពស់របស់ NASA ទទួលបន្ទុកផ្នែកថវិកា និងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងសវនាការនោះថា «ដៃគូប្រកួតប្រជែងជាយុទ្ធសាស្ត្រ រួមទាំងប្រទេសចិនផងដែរ កំពុងវិនិយោគយ៉ាងខ្លាំងក្លា នៅក្នុងវិសាលភាពដ៏ធំទូលាយនៃបច្ចេកវិទ្យាអវកាស រួមទាំងថាមពលនុយក្លេអ៊ែរ និងប្រព័ន្ធរុញច្រាន»។ លោកស្រី Lal បានសង្កត់ធ្ងន់ថា «សហរដ្ឋអាមេរិកត្រូវការ ការបោះជំហានក្នុងល្បឿនយ៉ាងលឿន ដើម្បីរក្សាការប្រកួតប្រជែង និងដើម្បីឲ្យនៅតែជាអ្នកដឹកនាំ នៅក្នុងសហគមន៍អវកាសពិភពលោក»។

គួរបញ្ជាក់ថា កន្លងមកនេះអង្គការ NASA ធ្លាប់បានពិភាក្សាអំពីរបៀប ដែលបច្ចេកវិទ្យាជំរុញនុយក្លេអ៊ែរ អាចអនុញ្ញាតឱ្យទីភ្នាក់ងារអវកាសធំជាងគេ នៅលើពិភពលោកនេះ បញ្ជូនមនុស្សទៅកាន់ភពព្រះអង្គារ បានលឿនជាងការប្រើគ្រាប់រ៉ុក្កែតគីមីធម្មតា។ អ្នកជំនាញនានា ពិតជាចង់ឲ្យសហរដ្ឋអាមេរិក បញ្ជូនមនុស្សទៅកាន់ភពអង្គារឲ្យបានលឿន ដោយមិនត្រូវបង្អែបង្អង់ទៀតនោះទេ ហើយអ្វីដែលជាការជំរុញពួកគេឲ្យគិតបែបនេះ គឺទំនងជាដោយសារការរីកចម្រើនដ៏ឆាប់រហ័សរបស់ចិន ដូចដែលគ្រប់គ្នាបានឃើញជាក់ស្តែង តាមរយៈបេសកកម្មដ៏លេចធ្លោនៅឋានព្រះចន្ទ, ភពព្រះអង្គារ និងថ្មីៗនេះគឺការផ្គុំស្ថានីយអវកាសផ្ទាល់ខ្លួននោះឯង។

យ៉ាងណាក៏ដោយ គំនិតនៃការបង្កើតយានអវកាស រុញច្រានដោយថាមពលនុយក្លេអ៊ែរ ស្តាប់ទៅពិតនឹងធ្វើឲ្យមានក្តីរំភើប ព្រោះវានឹងអាចឲ្យ NASA បញ្ជូនយានដឹកទំនិញ និងមនុស្សទៅកាន់ភពអង្គារបានលឿន និងត្រលប់ផែនដីវិញបានឆាប់រហ័ស។ ប៉ុន្តែ «ហានិភ័យ» សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា ដែលអាចស្តុក និងប្រើប្រាស់ថាមពលនុយក្លេអ៊ែរ នៅក្នុងទីអវកាសបែបនោះ គឺមានច្រើនខ្លាំងណាស់។
សូម្បីតែការទាញយកថាមពលពីនុយក្លេអ៊ែរ នៅលើភពផែនដី គឺត្រូវការបច្ចេកទេសដ៏ស្មុគស្មាញណាស់ទៅហើយ ចុះទម្រាំការយកវាទៅដាក់នៅទីអវកាស ហើយចល័តទៅរកភពផ្សេង និងត្រលប់មកវិញ តើការបត់បែនផ្នែកបច្ចេកវិទ្យា នឹងកើនឡើងដល់កម្រិតណា? នេះជាសំនួរចម្បងមួយ ដែលមិនទាន់មានចម្លើយជាក់លាក់នោះទេ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com/NASA (ថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១)
