នេះជារូបដំបូងលើភពអង្គារ ដែលយាន Perseverance ថតបាន ពេលអ្វីៗដំណើរការឡើងវិញ… (រូបភាពខាងក្នុង)
(អាមេរិក)៖ ក្រោយពីយានស្រាវជ្រាវភពអង្គារ Perseverance របស់អង្គការ NASA បានបញ្ចប់បិទដំណើរការទាំងស្រុង អស់មួយរយៈខ្លីនោះ, ពេលនេះអ្វីៗបានដំណើរការជាប្រក្រតីវិញហើយ ដោយកាមេរ៉ាលើយានកង់ ៦ នេះ ទើបតែបានផ្តិតយកទិដ្ឋភាពដ៏ប្លែកភ្នែក ចេញពីផ្ទៃរណ្តៅ Jezero និងបញ្ជូនមកដល់ភពផែនដីយើង។

រូបភាពមួយសន្លឹកខាងលើនេះ ត្រូវបានផ្តិតយកកាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១ (ពេលវេលាលើផែនដី) ដោយវាបង្ហាញអំពីបណ្តុំដុំថ្មធំៗ ដែលពិតជាស្រដៀងនឹងបរិស្ថាន នៅតំបន់មួយចំនួន នៅលើភពផែនដីយើងនេះដែរ។ បាតុភូតដែលភពផែនដី និងភពអង្គារទើបជួបប្រទះនោះ គឺហៅថា «Solar Conjunction» ដែលជាពេលផែនដី ព្រះអាទិត្យ និងភពអង្គារស្ថិតក្នុងបន្ទាត់ត្រង់តែមួយ ដោយព្រះអាទិត្យស្ថិតនៅចំណុចកណ្តាល។

បាតុភូត Solar Conjunction បានអូសបន្លាយរយៈពេល ២សប្តាហ៍ ដែលធ្វើឲ្យទំនាក់ទំនងរវាងភពអង្គារ និងផែនដីត្រូវកាត់ផ្តាច់ ហើយយានស្រាវជ្រាវទាំងអស់របស់អាមេរិក ព្រមទាំងរបស់ប្រទេសចិនផងដែរ ត្រូវដាក់ឲ្យសម្រាកមួយរយៈ ដើម្បីបង្ការគ្រោះថ្នាក់ណាមួយ នៅពេលគ្មានការបញ្ជាច្បាស់លាស់ពីក្រុមការងារលើផែនដី។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី២៥ ខែតុលា ដើមសប្តាហ៍នេះ បេសកកម្មគ្រប់គ្រងយាន Perseverance បានបង្ហោះសារលើ Twitter ថា «ខ្ញុំត្រឡប់មកធ្វើការវិញហើយ… ខ្ញុំបានចតនៅចន្លោះចំណុចដ៏ស្រស់ស្អាតទាំងពីរនេះ។ ខ្ញុំបានធ្វើការថតរូបភាព ការសិក្សាអាកាសធាតុ ពិសោធន៍គីមីវិទ្យា និងទទួលបានការ Update កម្មវិធីផងដែរ»៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com/NASA (ថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១)
