ផែនដីថយល្បឿនវិល! «រយៈពេល ២០០លានឆ្នាំទៀត មួយថ្ងៃលើផែនដីនឹងកើនដល់ ២៥ម៉ោង» ដោយសារតែ…
(អាមេរិក)៖ នាឡិកានាថ្ងៃខាងមុខ នឹងហួសសម័យប្រើការលែងកើតទៀតហើយ ពីព្រោះបច្ចុប្បន្ននេះ ភពផែនដីរបស់យើង កំពុងវិលជុំវិញខ្លួនឯងកាន់តែយឺតទៅៗហើយ ដោយសារនាពេលអនាគត ក្នុងមួយថ្ងៃយើងនឹងមានពេលវេលាដល់ ២៥ម៉ោង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Express UK នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១។

ទោះបីជាបែបនេះក្តី ក្រុមអ្នកវិទ្យាសាស្ត្របានផ្តល់ការណែនាំថា កុំទាន់អាល់មានក្តីព្រួយបារម្ភ ឬក៏ប្រមែប្រមូលយកនាឡិការបស់អ្នកទៅបោះចោលថ្វី ដោយសារតែពេលវេលាដែលយើងមានក្នុងថ្ងៃ នឹងមិនកើនដល់ ២៥ម៉ោងនោះឡើយ រហូតទាល់តែប្រមាណជា ២០០លានឆ្នាំទៀតឯណោះ។ ដោយសារតែក្នុងមួយថ្ងៃ កំពុងតែកើនពេលវេលាត្រឹមតែ ០២មីលីវិនាទី (១មីលីវិនាទី = ០.០០១វិនាទី) ប៉ុណ្ណោះ ជារៀងរាល់ ១០០ឆ្នាំម្តងនោះ ដើម្បីឲ្យកើនបានមួយនាទី វានឹងត្រូវចំណាយពេលដល់ទៅ ៦.៧លានឆ្នាំទៀត។
![]()
គួរបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់កំណត់ត្រាប្រវត្តិសាស្ត្រនានា ស្តីពីបាតុភូតសូរ្យគ្រាស-ច័ន្ទគ្រាស រួមទាំងព្រឹត្តិការណ៍តារាសាស្ត្រដ៏ទៃៗទៀត គិតចាប់តាំងពីឆ្នាំ៧២០មុនគ្រិស្តសក្ករាជ រហូតដល់ឆ្នាំ២០១៥ ដើម្បីការព្យាករណ៍អំពីការកើនឡើងនៃម៉ោងក្នុងមួយថ្ងៃ នៅក្នុងការសិក្សាស្រាវជ្រាវរបស់ពួកគេ។

សម្រាប់រយៈពេល ២០០លានឆ្នាំទៀតនេះ គេនៅមិនអាចគណនាដឹងផងថា ផែនដីនឹងអាចមានវត្តមានមនុស្សទៀតដែរ ឬក៏អត់នោះ ក៏ព្រោះតែបច្ចុប្បន្ននេះ មហន្តរាយជាច្រើនដែលគំរាមកំហែងជីវិតមនុស្ស កំពុងតែបន្តកើនឡើងយ៉ាងខ្លាំង ហើយនៅត្រឹមតែរាប់រយឆ្នាំទៀតប៉ុណ្ណោះ មនុស្សនឹងកាន់តែពិបាករស់នៅលើផែនដីនេះ៕
