នេះជាម៉ូតូឋានព្រះចន្ទ! វាជាគំរូដែលត្រូវបានបង្កើតឡើង ដោយជនជាតិរុស្ស៊ីម្នាក់…
(ម៉ូស្គូ)៖ អ្នកបម្រើការងារនៅក្រុមហ៊ុនឧស្សាហកម្ម និងច្នៃម៉ូដមួយនៃប្រទេសរុស្ស៊ី គឺលោក Andrew Fabishevskiy ទើបតែបានបង្ហាញគំរូរចនា (concept) នៃម៉ូតូសម្រាប់ជិះលើផ្ទៃព្រះចន្ទ ហើយលោករំពឹងថានឹងអាចបង្កើតចេញជាគំរូជាក់ស្តែង (prototype) ពេលលេញតែម្តងក្នុងពេលឆាប់ៗ។

លោក Andrew Fabishevskiy បានទទួលស្គាល់ថា ការរចនាម៉ូតូឋានព្រះចន្ទខាងលើនេះ គឺបានយកលំនាំតាមយាន Lunar Rover ដែលត្រូវបានប្រើប្រាស់ក្នុងបេសកកម្ម Apollo 15 និង 17 របស់អង្គការ NASA។ រូបរាងរបស់វាគឺសាមញ្ញ ដោយបង្ហាញអំពីកង់ពីរ អាគុយ និងគ្រឿងបរិក្ខាផ្គុំមិនច្រើន ដូចម៉ូតូទូទៅលើភពផែនដីនោះឡើយ។

គួរបញ្ជាក់តាមលោក Andrew Fabishevskiy ថា ការរចនាក្នុងរូបភាពនេះ គឺបានមកពីលទ្ធផលនៃការប្រកួតប្រជែងមួយ តាមរយៈបណ្តាញសង្គម Instagram។ ក្រោយការជ្រើសរើស លោកបានយក concept ទាំងឡាយ បង្កើតចេញទៅជាគំរូម៉ូដែលថ្មីៗចំនួន ៣ និងបានឲ្យអ្នកជំនាញម្នាក់ ដែលធ្វើការក្រុមហ៊ុនផលិតម៉ូតូធំមួយ នៅអាល្លឺម៉ង់ជាអ្នកពិនិត្យ។

ក្រោយមកអ្នកច្នៃម៉ូដរុស្ស៊ីរូបនេះបានប្រាប់ Space.com ថា «គាត់ (អ្នកជំនាញអាល្លឺម៉ង់) បានស្នើសុំកិច្ចសហការគ្នា ដើម្បីផលិតម៉ូតូនេះឲ្យចេញជារូបរាង។ ប្រធានបទនៃការរចនាសំខាន់ៗ គឺធ្វើយ៉ាងណាឱ្យម៉ូតូនេះមានលក្ខណៈវិស្វកម្មច្បាស់លាស់ ជាមួយនឹងរចនាបថមិនស្មុគស្មាញ…។ កន្លងមកយើងធ្លាប់តែឃើញ ការច្នៃម៉ូដរថយន្តសម្រាប់ប្រើលើព្រះចន្ទជាច្រើន ប៉ុន្តែការច្នៃម៉ូតូបែបនេះ គឺមិនធ្លាប់មាននោះទេ។ ទោះបីជាយើងនឹងត្រូវយកវា យកទៅអនុវត្តជាក់ស្តែងក៏ដោយ ក៏ប៉ុន្តែវាមើលទៅដូចជាឡូយម្យ៉ាងដែរ»៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១)
