UN ព្រមាន៖ ផែនដីនឹងកើនឡើងកម្តៅ «២.៧អង្សាសេ» បន្ថែមទៀតនៅចុងសតវត្សរ៍ទី ២១

526

(ឡុងដ៍)៖ របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ (UN) បានលើកឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា «ការប្តេជ្ញាបច្ចុប្បន្ន» ដើម្បីកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស កំពុងតម្រង់ទិសផែនដីឆ្ពោះទៅរក ការកើនឡើងសីតុណ្ហភាពជាមធ្យម «២.៧អង្សាសេ» នៅត្រឹមចុងសតវត្សរ៍ទី ២១ នេះ ខណៈកម្រិតដែលប្រសើរបំផុតគឺ «១.៥អង្សាសេ» ប៉ុន្តែវាទំនងជាគ្មានផ្លូវណា អាចសម្រេចបាននោះទេ។

របាយការណ៍ខាងលើ ដែលជារបាយការណ៍ប្រចាំឆ្នាំរបស់អង្គការ UNEP បានព្រមានថា ការប្តេជ្ញាសព្វថ្ងៃនេះ នឹងកាត់បន្ថយការបំភាយ ឧស្ម័នផ្ទះកញ្ចក់ដែលព្យាករសម្រាប់ឆ្នាំ ២០៣០ បានត្រឹម «៧.៥ភាគរយ» បន្ថែមទៀតប៉ុណ្ណោះ បើធៀបនឹងការប្តេជ្ញាពីមុន។ ប្រសិនបើទំនោរនេះបន្តពេញមួយសតវត្សរ៍ នោះវានឹងនាំទៅរកការកើនឡើងសីតុណ្ហភាព «២.៧អង្សាសេ» លើកម្រិតកាលពីសម័យមុនបដិវត្តន៍ឧស្សាហកម្ម (pre-industrial) លើភពផែនដី។

យ៉ាងណាក៏ដោយ ចំពោះមុខបាតុភូតធម្មជាតិអាក្រក់ៗ ជាពិសេសគឺភ្លើងឆេះព្រៃ និងទឹកជំនន់ដែលបាននិងកំពុងវាយប្រហារ ប្រទេសនានាទូទាំងពិភពលោក នាំឲ្យ UN ព្រមានកាលពីខែសីហាកន្លងទៅថ្មីៗនេះថា នឹងជំរុញឲ្យការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ កាន់តែខ្លាំង ហើយផែនដីនឹងកើនឡើងកម្តៅ «១.៥អង្សាសេ» បន្ថែមនៅអំលុងពេលតែ ២០ឆ្នាំទៀតប៉ុណ្ណោះ។

ការប្តេជ្ញាចិត្តបច្ចុប្បន្នរបស់មនុស្ស ក្នុងការបញ្ចេញឧស្ម័នពុលក្នុងកម្រិត «០» ទៅកាន់បរិយាកាស នៅត្រឹមចុងសតវត្សរ៍ទី ២១ នេះ នឹងអាចទប់ស្កាត់ឲ្យការកើនឡើងកម្តៅផែនដី ថយមកនៅត្រឹម «២.២អង្សាសេ» វិញ ប៉ុន្តែនៅក្នុងការប្តេជ្ញាចិត្តជាក់ស្តែងសម្រាប់ ២០៣០ ខាងមុខ មិនបានដាក់ការព្រួយបារម្ភសំខាន់ៗ ឲ្យច្បាស់លាស់នៅក្នុងមាគ៌ាដែលនឹងត្រូវដើរនោះទេ។

ក្នុងនាមជាក្រុមប្រទេស G20 ដែលតំណាងឱ្យ ៨០ភាគរយ នៃការបំភាយឧស្ម័នពុលសកល គឺមិនស្ថិតនៅលើផ្លូវ ដើម្បីសម្រេចបាននូវការសន្យាកាលពីដើម ឬការសន្យាថ្មីរបស់ពួកគេសម្រាប់ឆ្នាំ ២០៣០ នោះទេ។ អគ្គលេខាធិការ UN លោក Antonio Guterres បានប្រាប់សន្និសីទសារព័ត៌មានមួយថា «ប្រសិនបើមិនមានការកាត់បន្ថយ ការបំភាយឧស្ម័នដ៏ត្រឹមត្រូវនៅក្នុងទសវត្សរ៍ក្រោយ យើងនឹងបាត់បង់ជារៀងរហូតនូវលទ្ធភាពឈានដល់ ១.៥អង្សាសេ (ការទប់ស្កាត់ផែនដី ឲ្យឡើងកម្តៅត្រឹមតែ ១.៥អង្សាសេ នៅត្រឹមចុងសតវត្សរ៍ទី ២១)»។ លោកថ្លែងបែបនេះ គឺចង់សំដៅចំពោះបណ្តាប្រទេស G20 ដែលត្រូវបង្ហាញភាពទទួលខុសត្រូវខ្ពស់ជាងគេ។

ផែនដីនឹងកើនឡើងកម្តៅ «២.៧អង្សាសេ» បន្ថែមទៀតចុងសតវត្សរ៍ទី ២១, នេះបើតាមការព្រមានពី UN

គួរបញ្ជាក់ថា នៅសប្តាហ៍ក្រោយនេះ សន្និសីទអន្តរជាតិស្តីពីបញ្ហានៃការប្រែប្រួលអាកាសធាតុ COP26 នឹងត្រូវរៀបចំឡើង។ រដ្ឋាភិបាលនានាត្រូវគេរំពឹងថា នឹងបង្ហាញពីការប្តេជ្ញាដ៏ធំធេងថែមទៀត ដើម្បីជួយពិភពលោកឲ្យស្ថិតនៅលើផ្លូវ ឆ្ពោះទៅរក្សាកំណើនសីតុណ្ហភាព ឲ្យនៅក្រោមយ៉ាងហោច «២អង្សាសេ» លើកម្រិតកម្រិតមុនសម័យបដិវត្តន៍ ខណៈកម្រិតប្រសើរបំផុតគឺ «១.៥អង្សាសេ» ប៉ុន្តែកម្រិតនេះ ទំនងជាគ្មានផ្លូវអាចសម្រេចបានទេ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Reuters (ថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១)

480×240 Banner