តើការបញ្ជូនយានទៅរកប្រព័ន្ធផ្កាយ Alpha Centauri អាចទៅរួចទេ? និងនៅពេលណា? (មានវីដេអូ)

2,483

(បរទេស)៖ សម្រាប់សំនួរថា តើមនុស្សបានបញ្ជូនយាន ទៅដល់ប្រព័ន្ធផ្កាយផ្សេងហើយឬនៅ? ចម្លើយយ៉ាងខ្លីគឺ «នៅទេ»។ ប៉ុន្តែប្រសិនបើយើងសួរថា តើមនុស្សមានគម្រោងជាក់ស្តែង ក្នុងការស្រាវជ្រាវប្រព័ន្ធផ្កាយផ្សេងដែរឬអត់? ចម្លើយនោះគឺ «ប្រាកដជាមាន» នោះគឺតាមរយៈគំនិតផ្តួចផ្តើមដ៏ធំធេងមួយមានឈ្មោះថា «Breakthrough Starshot»

១៖ តើអ្វីទៅជា Breakthrough Starshot?

គំនិតផ្តួចផ្តើម ប្រេកស្រ៊ូ ស្តាសត ( Breakthrough Starshot) គឺជាគម្រោងបង្កើតយានអវកាស ដែលអាចបញ្ជូនទៅសិក្សាស្រាវជ្រាវប្រព័ន្ធផ្កាយដទៃ ដោយប្រើប្រាស់ពេលវេលា តែក្នុងមួយជីវិតមនុស្ស។ ពិតប្រាកដណាស់ គឺយើងត្រូវសម្លឹងមើលមុនគេ ទៅរកប្រព័ន្ធផ្កាយដែលស្ថិតនៅជិតយើងបំផុតគឺ អាល់ហ្វ សិនថូរី (Alpha Centauri)។

Alpha Centauri ជាប្រព័ន្ធផ្កាយភ្លោះ ៣ ដែលមានចម្ងាយជិតផែនដីយើងបំផុតនោះគឺជាមធ្យម ៤.៣៧ឆ្នាំពន្លឺ (ចម្ងាយ ១ឆ្នាំពន្លឺ = ៩.៤៧ទ្រីលានគីឡូម៉ែត្រ) ប៉ុន្តែនៅក្នុងនោះ ផ្កាយតូចជាងគេមានឈ្មោះថា ប្រក់ស៊ីម៉ា សិនថូរី (Proxima Centauri) មានចម្ងាយតែ ៤.២ឆ្នាំពន្លឺប៉ុណ្ណោះពីផែនដីយើង និងមានភពចំនួន កំពុងគោចរជុំវិញវា នោះគឺ Proxima B និង Proxima C

តើបេសកកម្មទៅរកប្រព័ន្ធផ្កាយ Alpha Centauri នឹងកើតឡើងពេលណា? តើត្រូវហោះប៉ុន្មានឆ្នាំ ទើបទៅដល់ផ្កាយនោះ?

២៖ តើមនុស្សលោកយើង បម្រុងបញ្ជូនយានទៅស្រាវជ្រាវផ្កាយ Proxima Centauri ឬ Alpha Centauri A ឬមួយក៏ Alpha Centauri B?

បើតាមគម្រោងដែលត្រូវបានរំលេចឡើងកាលពីឆ្នាំ ២០១៥ និង ២០១៦ ដោយមហាសេដ្ឋីរុស្ស៊ីលោក Yuri Milner, រូបវិទូដ៏ល្បីល្បាញរបស់អង់គ្លេស លោក Stephen Hawking (ស្លាប់) និងស្ថាបនិកបណ្តាញសង្គម Facebook របស់អាមេរិក លោក Mark Zuckerberg, យានដែលគ្មានមនុស្សជិះនោះ នឹងត្រូវធ្វើដំណើរទៅកាន់ភព Proxima B នៃប្រព័ន្ធផ្កាយ Proxima Centauri ដែលត្រូវបានគេដឹងថា ជាភពមានទំហំប្រហាក់ប្រហែលនឹងភពផែនដីយើង និងស្ថិតក្នុងតំបន់ Habitable Zone ដែលអំណោយផលដល់ការកកើតជីវិតថែមទៀត។

៣៖ តើយានឈ្មោះអ្វីនឹងត្រូវបញ្ជូនទៅទីនោះ និងបញ្ជូនទៅពេលណា?

យានដែលនឹងត្រូវបញ្ជូនទៅកាន់ Proxima B ដែលមានចម្ងាយ ៤.២ឆ្នាំពន្លឺពីភពផែនដី គឺមានឈ្មោះថា ស្តាឈីប (StarChips) ដែលជាប្រភេទយានក្តោងដើរដោយថាមពលពន្លឺ ឬយើងហៅថា ឡៃ សេល (Light Sail)។ យាន StarChips «អាចនឹង» ត្រូវបញ្ជូនទៅកាន់ប្រព័ន្ធផ្កាយ Proxima Centauri នៅអំឡុងពាក់កណ្តាលទសវត្សរ៍ ២០៣០ (អាចនៅឆ្នាំ២០៣៦)។

៤៖ តើយាន StarChips អាចទៅដល់ប្រព័ន្ធផ្កាយ Proxima Centauri ក្នុងរយៈពេលប៉ុន្មានឆ្នាំ?

ប្រសិនបើវាអាចមានឱកាស បាញ់បញ្ជូនចេញពីភពផែនដីនៅឆ្នាំ ២០៣៦ ដូចការគ្រោងទុកមែននោះ StarChips អាចនឹងទៅដល់ប្រព័ន្ធផ្កាយ Proxima Centauri នៅក្នុងរយៈពេលជាង ២០ឆ្នាំ ហើយនៅពេលវាទៅដល់ និងផ្តិតបានទិន្នន័យសំខាន់ៗ ដូចជារូបភាពជាដើមនោះ ទិន្នន័យទាំងនោះអាចនឹងប្រើពេលជាង ៤ឆ្នាំដែរ ទើបអាចបញ្ជូនមកដល់ផែនដីវិញ។ យានក្តោងប្រើប្រាស់ថាមពលពីពន្លឺព្រះអាទិត្យ ដែលនឹងត្រូវបាញ់បញ្ជូនទៅទ្រទ្រង់ជាប់ជានិច្ចនេះ នឹងអាចហោះនៅក្នុងល្បឿន ២០% នៃល្បឿនរបស់ពន្លឺ (ល្បឿនពន្លឺគឺស្មើនឹងជិត ៣សែនគីឡូម៉ែត្រក្នុងមួយវិនាទី)។ ដូច្នេះវានឹងអាចទៅដល់ Proxima Centauri នៅក្បែរទសវត្សរ៍ ២០៦០

៥៖ តើគម្រោងទាំងមូលខាងលើនេះ អាចមានលទ្ធភាពទៅរួចដល់កម្រិតណា?

នេះអាចជាសំនួរបិទកន្ទុយ ដែលគ្រប់គ្នាចង់ដឹងបំផុត។ យោងតាមការចុះផ្សាយព័ត៌មាន ដោយកាសែត Astronomy កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រាក់ឧបត្ថម្ភសម្រាប់ StarChips បានកើនឡើងដល់ជាង ១០០លានដុល្លារអាមេរិករួចទៅហើយ។ ការចាប់ផ្តើមដ៏រឹងមាំនេះ នឹងអាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការបាញ់់បញ្ជូនយាននេះទៅកាន់គោលដៅ នៅពាក់កណ្តាលទសវត្សរ៍ ២០៣០ ដូចការគ្រោងទុក ឬបើគិតចាប់ពីពេលនេះ យើងត្រូវរង់ចាំប្រមាណ ១៣ឆ្នាំទៀត។

គួរបញ្ជាក់ថា គម្រោងទាំងមូលខាងលើនេះ គឺពឹងទៅលើបច្ចេកវិទ្យានៃយានក្តោង Light Sail ឬ Solar Sail ដែល Cambo Space ធ្លាប់បានធ្វើជាវីដេអូពន្យល់យ៉ាងក្បោះក្បាយរួចមកហើយ កាលពីប៉ុន្មានឆ្នាំមុន។ ដូច្នេះបងប្អូនអាចទស្សនា តាមរយៈតំណ Link នៅខាងក្រោមអត្ថបទនេះបាន៕

រៀបរៀង និងប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Astronomy, breakthroughinitiatives.org, space.com and phys.org (ថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១)

480×240 Banner