ត្រៀមខ្លួនសម្រាប់ឆ្នាំ២១៣៥? NASA នឹងធ្វើតេស្តកម្ចាត់អាចម៍ផ្កាយ ឆាប់ៗខាងមុខនេះ! (មានវីដេអូ)

5,145

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទីភ្នាក់ងារអវកាសអាមេរិក NASA បានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត ទាក់ទងទៅនឹងបេសកកម្មអវកាសហៅថា ដាត (DART) ដែលមានគោលដៅការពារផែនដី ពីការគំរាមកំហែងរបស់អាចម៍ផ្កាយ។ វីដេអូពន្យល់កាលពីឆ្នាំ ២០២០៖

បេសកកម្ម DART ដែលមានឈ្មោះពេញថា Double Asteroid Redirection Test គឺជាការធ្វើតេស្តបំបុកយានអវកាសមួយគ្រឿង ជាមួយអាចម៍ផ្កាយមួយ ក្នុងល្បឿន ២៤,០០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅឆ្នាំ២០២១។ បើតាម NASA យាន DART នឹងត្រូវបាញ់បង្ហោះចេញពីមូលដ្ឋាន វ៉ាន់ដិនប៊ឺហ្គ (Vandenberg) នៃរដ្ឋកាលីហ្វ័រញ៉ា តាមរយៈគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX នាវេលាម៉ោង ១០៖២០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកានេះ (ពេលវេលានៅភាគខាងលិចសហរដ្ឋអាមេរិក)។

ប្រសិនបើកាលបរិច្ឆេទខាងលើពុំប្រែប្រួលអ្វីទេនោះ ការបំបុកយាន DART ជាមួយអាចម៍ផ្កាយជាគោលដៅរបស់វា ដែលស្ថិតនៅចម្ងាយ ១០លានគីឡូម៉ែត្រពីផែនដី នឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី២៦ ខែកញ្ញា និងថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។ អាចម៍ផ្កាយនោះមានឈ្មោះថា ឌីម័រហ្វូស (Dimorphos) និងមានអង្កត់ផ្ចិត ១៦០ម៉ែត្រ ហើយគោចរជុំវិញអាចម៍ផ្កាយធំជាងវាមួយទៀតឈ្មោះថា ឌីឌីម៉ូស (Didymos)។

អាចម៍ផ្កាយទាំងពីរ មិនបង្កការគំរាមកំហែងដល់ផែនដីទេ ប៉ុន្តែត្រូវបានជ្រើសរើសជាគោលដៅ សម្រាប់ការធ្វើតេស្ត ដោយសារតែអ្នកវិទ្យាសាស្រ្តមានសមត្ថភាព តាមដានពួកវាបាន ដោយប្រើប្រព័ន្ធតេឡេស្កូបនៅលើផ្ទៃភពយើងផ្ទាល់។ មុនពេលធ្វើតេស្តបំបុក យាន DART ក៏នឹងបញ្ចេញកាមេរ៉ាតូចមួយពីខ្លួនវា ដើម្បីទុកផ្តិតយករូបភាពផងដែរ។

ការធ្វើតេស្តនេះត្រូវបានបង្កើតឡើង ដើម្បីជួយក្រុមអ្នកវិទ្យាសាស្រ្តស្វែងយល់ថា តើត្រូវការកម្លាំងច្រើនកម្រិតណា ដើម្បីអាចរុញច្រានអាចម៍ផ្កាយមួយ ឲ្យងាកចេញពីគន្លងគោចរដើមរបស់វា ក្នុងករណីដែលនៅថ្ងៃណាមួយ ភពរបស់យើងត្រូវពួកវាសំដៅមកចំ។ អាចម៍ផ្កាយ Dimorphos គឺជាប្រភេទអាចម៍ផ្កាយ ដែលសម្បូរវត្តមាននៅក្នុងទីអវកាស ហើយមានអាយុកាលប្រហែល ៤.៥ពាន់លានឆ្នាំ។

គួរបញ្ជាក់ថា អាចម៍ផ្កាយមួយដែលគេរកឃើញដំបូង កាលពីឆ្នាំ១៩៩៩ ឈ្មោះថា ប៊ែននូ (Bennu) ដែលមានអង្កត់ផ្ចិត ៥០៣ម៉ែត្រ នឹងមកហោះកាត់ផែនដី នៅចម្ងាយជិតជាងពាក់កណ្តាលនៃគម្លាតរវាងភពយើង និងព្រះចន្ទ។ យ៉ាងណាមិញ ហេតុការណ៍នេះ នឹងកើតឡើងនៅឆ្នាំ ២១៣៥ ឯណោះ ហើយលទ្ធភាពដែលវាអាចជ្រុលធ្លាក់មកលើផែនដី គឺទាបជាទីបំផុត។ ទោះជាយ៉ាងណា ការត្រៀមលក្ខណៈទប់ទល់មុន គឺជារឿងគប្បីជាទីបំផុត៕

ត្រៀមខ្លួនសម្រាប់ឆ្នាំ២១៣៥? NASA នឹងធ្វើតេស្តកម្ចាត់អាចម៍ផ្កាយ ឆាប់ៗខាងមុខនេះ! (មានវីដេអូ)

ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA/AFP (ថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១)

480×240 Banner