ទីបំផុត​ Blue Origin ចាញ់ក្តី! NASA និង SpaceX អាចចាប់ផ្តើមផលិតយានអវកាស ដើម្បីដឹកមនុស្សទៅព្រះចន្ទបានហើយ!

4,055

(អាមេរិក)៖ ទីបំផុតចៅក្រមសហព័ន្ធអាមេរិក បានច្រានចោលការប្តឹងជំទាស់របស់ក្រុមហ៊ុន Blue Origin នៃកំពូលមហាសេដ្ឋី Jeff Bezos ជុំវិញការផ្តល់កិច្ចសន្យាផលិត យានរុករកឋានព្រះចន្ទរបស់ NASA ទៅឲ្យក្រុមហ៊ុន SpaceX របស់លោក Elon Musk នោះហើយ។ ប្រការនេះមានន័យថា SpaceX អាចចាប់ផ្តើមការងារ ទៅតាមផែនការរបស់ខ្លួនឡើងវិញ បន្ទាប់ពីបានជាប់គាំងអស់ជាច្រើនខែ។

កាលពីខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន SpaceX បានឈ្នះកិច្ចសន្យាផលិត ប្រព័ន្ធចុះចតរបស់មនុស្ស «HLS» (Human Landing System) សម្រាប់គម្រោង Artemis របស់អង្គការ NASA ដែលនឹងត្រូវប្រើប្រាស់ ដើម្បីដឹកជញ្ជូនមនុស្សទៅចុះចតលើឋានព្រះចន្ទ នៅឆ្នាំ២០២៤។ នេះជាគម្រោងដ៏ធំធេងដែលមានតម្លៃ ២.៩ពាន់លានដុល្លារអាមេរិក ដែល SpaceX បានផ្តួលក្រុមហ៊ុនជាគូក្រុមហ៊ុនធំៗចំនួន ២ទៀត នោះគឺ Dynetics និង Blue Origin។

ទាំងក្រុមហ៊ុន Dynetics និង Blue Origin សុទ្ធតែបានប្តេជ្ញាប្តឹងជំទាស់ ចំពោះកិច្ចសន្យាខាងលើនេះ ទៅកាន់ការិយាល័យទទួលបន្ទុកនៃរដ្ឋាភិបាលអាមេរិក (GAO) ព្រោះថា ពីដំបូងឡើយក្រុមហ៊ុនរហូតដល់ទី ២ ឯណោះ ក្នុងចំណោម ៣ ត្រូវបានគេជឿជាក់ថាអាចជ្រើសរើសដោយ NASA, ប៉ុន្តែចុងក្រោយមានតែក្រុមហ៊ុន SpaceX មួយប៉ុណ្ណោះ ដែលបានទទួលគម្រោងដ៏ធំធេងនេះតែឯង។

ទីបំផុត​ Blue Origin ចាញ់ក្តី! NASA និង SpaceX អាចចាប់ផ្តើមផលិតយានអវកាស ដើម្បីដឹកមនុស្សទៅព្រះចន្ទបានហើយ!

យ៉ាងណាក៏ដោយ ក្រោយទទួលបានសេចក្តីសម្រេចខាងលើនេះ អង្គការ NASA បានចេញសេចក្តីប្រកាសមួយភ្លាមៗ នៅថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ខ្លួននឹងចាប់ផ្តើមធ្វើការងារជាមួយ SpaceX ទៅតាមអ្វីដែលមានចែងក្នុងកិច្ចសន្យា ឲ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។ អង្គការ NASA ក៏មិនបោះបង់ចោលគោលជំហរ ក្នុងការបន្តកិច្ចសការ ជាមួយក្រុមហ៊ុនអវកាសផ្សេងៗទៀតនោះដែរ ទៅតាមពេលវេលាដ៏សមស្រប សម្រាប់បេសកកម្មនាំមនុស្សទៅឋានព្រះចន្ទ ក្នុងគម្រោង Artemis ដ៏ធំធេងរបស់ខ្លួន៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១)

480×240 Banner