ហេតុអ្វីបានជាខំប្រឹងស្វែងរក «អេលៀន» ទាំងដែលដឹងថា ពិបាកនឹងរកឃើញបំផុត?
(បរទេស)៖ សំនួររាប់ពាន់លានតែមានន័យដូចៗគ្នា បានត្របាញ់ឆ្ពោះមកកាន់ក្រុមអ្នកវិទ្យាសាស្ត្រថា តើពួកគេប្រឹងប្រែងចំណាយពេលវេលា និងធនធានដ៏ច្រើនសម្បើមដូចសព្វថ្ងៃនេះ ដើម្បីស្វែងរកជីវិតភពផ្សេង (Alien) នោះធ្វើអ្វី បើក្តីសង្ឃឹមក្នុងការស្វែងរកនោះ គឺស្ទើរតែពិបាកគិតថានឹងអាចរកឃើញ?
អ្នកដែលបានសួរសំនួរទាំងនោះប្រហែលជាគិតថា ក្រុមអ្នកវិទ្យាសាស្ត្រកំពុងស្វែងរកជីវិត «អេលៀន» ដែលមានភាពឆ្លាតវៃ, បច្ចេកវិទ្យាទំនើបជាងមនុស្សលោកយើង ឬពពួកមានរូបរាងស្រដៀងមនុស្ស ឬសត្វចម្លែកដូចក្នុងខ្សែភាពយន្តនោះមិនខាន, ប៉ុន្តែវាមិនមែនដូច្នោះទាំងស្រុងឡើយ។ បេសកកម្មស្វែងរក «ជីវិតអេលៀន» នាពេលបច្ចុប្បន្ន គឺភាគច្រើនផ្តោតសំខាន់ទៅលើជីវិត ដែលអាចកើតមានក្រៅពីនៅលើផែនដី។

បើនិយាយឲ្យចំ សូម្បីតែពពួកមីក្រូសារីរាង្គ ដែលកើតលើទីឋានផ្សេងពីភពផែនដី ក៏យើងអាចហៅថា «ជីវិតអេលៀន» បានដែរ។ ប៉ុន្តែសម្រាប់ការស្វែងរក ពពួកមីក្រូសារីរាង្គនៅលើទីឋានដទៃ គឺតម្រូវឲ្យមនុស្សបញ្ជូនយានស្រាវជ្រាវ ឬទៅស្រាវជ្រាវដោយខ្លួនឯងផ្ទាល់ ដូចអ្វីដែលយើងបាននិងកំពុងធ្វើ នៅលើភពព្រះអង្គារជាឧទាហរណ៍។ ហេតុដូច្នេះការស្វែងរកវត្តមាន អេលៀន នៅទីឋានឆ្ងាយៗក្នុងប្រព័ន្ធផ្កាយផ្សេង គឺមានតែការអង្កេតដោយតេឡេស្កូបអវកាស និងផ្កាយរណបចាប់រលកវិទ្យុសញ្ញា ដែលអាចបញ្ចេញដោយពពួកអេលៀនឆ្លាតវៃ នៅក្នុងកាឡាក់ស៊ីយើងនេះប៉ុណ្ណោះ។
* តើមាននរណាកំពុងស្ថិតនៅទីនោះទេ?
ជីវិតធម្មតាៗ រួមទាំងជីវិតឆ្លាតវៃបានវិវត្តនៅលើភពផែនដីនេះ។ ប៉ុន្តែ វាមិនគួរមានអ្វីដែលគួរឲ្យកត់សម្គាល់ជាពិសេស អំពីភពផែនដីរបស់យើងនោះទេ ព្រោះវាអាចមានពិភពលោកចៃដន្យមួយផ្សេងទៀត នៅក្នុងកាឡាក់ស៊ីនេះ។ ដូច្នេះប្រសិនបើជីវិតឆ្លាតវៃបានកើតឡើងនៅទីនេះ វាច្បាស់ជារឿងធម្មតាណាស់ ដែលយើងអាចឃើញសញ្ញានៃអរិយធម៌ផ្សេងៗទៀត នៅគ្រប់ទីកន្លែង។
ករណី «ប្រហែលជាអាច» គឺមានច្រើនទម្រង់ដូចជា៖ ប្រហែលជាមនុស្សក្រៅភព កំពុងបំផ្ទុះរលកសញ្ញាវិទ្យុ (radio signal) ឲ្យយើងចាំស្តាប់ ឬប្រហែលជាពួកគេកំពុងតែបំផ្ទុះរលកសញ្ញាវិទ្យុ ហើយយើងនឹងចាប់បានវានៅថ្ងៃណាមួយ ឬប្រហែលជាពួកគេបាន បន្សល់ទុកវត្ថុណាមួយនៅក្រៅប្រព័ន្ធផ្កាយពួកគេ ដែលត្រូវបានផលិតឡើង ដើម្បីតាមដានរកយើង ឬក៏ព្រលែងវាចោលតាមយថាកម្មតែម្តង មិនខុសពីយើងព្រលែងគ្រឿងយន្ត Voyager ទាំងពីរគ្រឿង ចេញពីប្រព័ន្ធព្រះអាទិត្យនោះឡើយ។
ករណី «ប្រហែលជាអាច» បន្ថែមទៀតនោះ គឺជាពួកគេអាចនឹងចូលរួមក្នុងគម្រោងវិស្វកម្ម ខ្នាតធំដូចជាការរុំព័ទ្ធផ្កាយរបស់ពួកគេ ដោយក្រុមបន្ទះស្រូបពន្លឺព្រះអាទិត្យ ឬប្រហែលជាពួកគេគ្រាន់តែរិះរកវិធីសាស្ត្រផ្សេងៗទៀត ដូចជាអុកឡុកផ្កាយរបស់ពួកគេ ជាមួយនឹងលោហៈធុនធ្ងន់ ដើម្បីឲ្យផ្កាយរបស់ពួកគេ បញ្ចេញសញ្ញាខ្លាំងៗទៅក្នុងកាឡាក់ស៊ី ដែលអាចឲ្យជីវិតអេលៀនផ្សេងទៀត បានដឹងពីវត្តមានរបស់ពួកគេនៅទីនោះក៏ថាបាន។
ដូច្នេះហើយទើបកម្មវិធីសិក្សាស្វែងរកជីវិតឆ្លាតវៃ នៅក្នុងកាឡាក់ស៊ីហៅកាត់ថា SETI (search for extraterrestrial intelligence) នៅតែបន្តដំណើរការរបស់ខ្លួនទៅមុខ។ ជាលទ្ធផលនៃការអង្កេត និងតាមដាន តាមរយៈគ្រប់វិធីសាស្ត្រដែលអាចទៅរួច អស់ជាងកន្លះសតវត្សរ៍មកនេះ SETI «មិនបានរកឃើញអ្វីសោះតែម្តង», និយាយរួមទៅគឺ គ្មានរលកសញ្ញាវិទ្យុ, គ្មានវត្ថុកែច្នៃ, និងគ្មានសំណង់ធំធេងអ្វី ត្រូវបានរកឃើញនោះឡើយ។ គិតមកទល់នឹងពេលនេះ ការស្រាវជ្រាវជាង ១០០លើកហើយត្រូវបានធ្វើឡើង ប៉ុន្តែក្រុមការងារ SETI មិនបានរកឃើញភស្តុតាង ឬជីវិតអេលៀនទាំងនៅក្នុងកាឡាក់ស៊ី Milky Way យើង ឬសូម្បីទាំងចក្រវាលទាំងមូល។

* ដាននៃជីវិត
SETI បានយល់ដឹងថា ជីវិតឆ្លាតវៃ គឺងាយស្រួលឲ្យស្វែងរកជាងជីវិតសាមញ្ញ ព្រោះជីវិតឆ្លាតវៃអាចរកវិធីសាស្ត្រ បង្ហាញវត្តមានរបស់ពួកគេ ឲ្យកាឡាក់ស៊ីនេះបានឃើញ ឬចក្រវាលទាំងមូលផងក៏ថាបាន។ ពួកគេក៏អាចឈានទៅបង្កើត រលកសញ្ញាវិទ្យុពិសេស ដែលអាចជះចេញបានក្នុងល្បឿនពន្លឺ។ ប្រសិនបើពួកគេឈានទៅរកសមត្ថភាព ដែលអាចស្រូបថាមពលដោយផ្ទាល់ ចេញពីព្រះអាទិត្យពួកគេតែម្តងនោះ ពួកគេនឹងអាចធ្វើអ្វីក៏បាន នៅក្នុងប្រព័ន្ធដែលពួកគេរស់នៅ ឬក៏អាចឈានទៅធ្វើដំណើរ ទូទាំងកាឡាក់ស៊ីក្នុងល្បឿនដ៏លឿនផងក៏បានដែរ។
ទោះជាយ៉ាងណា, ការលើកឡើងដ៏ចម្រូងចម្រាសខាងលើនេះ ក៏អាចជារឿងខុសទាំងស្រុងដែរ។ ជីវិតឆ្លាតវៃ អាចមិនមែនពិសេសពេក ដូចដែលយើងបានគិត ឬងាយស្រួលក្នុងការអង្កេតរកនោះឡើយ។ ទោះជាបែបនេះក្តី វាក៏អាចមានន័យថា SETI នឹងទទួលបានផ្លែផ្កាក្នុងពេលឆាប់ៗផងដែរ។
យើងអាចថយមួយជំហាន ពីការព្យាយាមស្វែងរកជីវិតអេលៀនឆ្លាតវៃ មកជាការស្វែងរកជីវិតអេលៀនធម្មតាៗ។ ប្រការនេះមានន័យថា ជីវិតប្រភេទណាមួយដូចជា៖ កោសិកានៃសារពាង្គកាយដែលអណ្តែតក្នុងមហាសមុទ្រ, ស្លែដែលតោងជាប់នឹងថ្ម ឬតំរុយដំបូងនៃជីវិតដ៏ស្មុគស្មាញ ដែលធ្វើចលនាជុំវិញបរិស្ថានរបស់ភពអេលៀនទាំងនោះ។ ពិតប្រាកដណាស់ ទម្រង់ជីវិតទាំងនេះប្រហែលជាមិនមានចលនាកញ្ជ្រោល ឬសកម្មដូចជីវិតឆ្លាតវៃនោះទេ ប៉ុន្តែវាមិនមែនមានន័យថា ពួកគេអាចលាក់បាំងមិនឲ្យនរណារកឃើញនោះដែរ។ ជាការពិតណាស់ លក្ខណៈពិសេសមួយនៃជីវិតគ្រប់ប្រភេទ គឺសមត្ថភាពក្នុងការធ្វើឲ្យភពមួយ «មិនមានលំនឹង»។
ជាក់ស្តែងដូចជាបរិយាកាសនៃភពផែនដីយើង ដែលទំនងជាបានប្រមូលផ្តុំអុកស៊ីសែន នៅក្នុងកម្រិតដ៏ល្អប្រសើរមួយ ឬអាចថា ជាភាពកម្រក្នុងចក្រវាលនេះ។ ប៉ុន្តែអុកស៊ីសែន គឺងាយនឹងបង្កជាប្រតិកម្មខ្លាំង ហើយវាពិតជាមិនអាចរក្សាវត្តមាន ក្នុងរយៈពេលយូរដោយខ្លួនឯង នៅក្នុងបរិយាកាសភពនោះទេ។ អុកស៊ីសែនអាចខ្ទាតចេញទៅក្នុងលំហ ឬផ្សាភ្ជាប់ជាមួយធាតុផ្សេងៗទៀត ហើយប្រែទៅជាសារធាតុផ្សេងៗទៀតដូចជា កាបូនឌីអុកស៊ីត ឬស៊ីលីខុនឌីអុកស៊ីតជាដើម។
កាលពី ២ពាន់លានឆ្នាំមុន ភពផែនដីរបស់យើងនេះ បានចាប់ផ្តើមកែប្រែបុគ្គលិកលក្ខណៈ នៃបរិយាកាសយ៉ាងខ្លាំងក្លា បន្ទាប់ពីពពួកសារពាង្គកាយនានា បានចាប់ផ្តើមធ្វើការស្រូបយកកាបូនឌីអុកស៊ីត ហើយបញ្ចេញទៅវិញនូវអុកស៊ីសែន ទៅក្នុងបរិយាកាសផែនដី ដែលធ្វើឲ្យភពយើងមានបរិមាណអុកស៊ីសែនគ្រប់គ្រាន់ នៅក្នុងការទ្រទ្រង់ជីវិត ហើយជីវិតទាំងនេះហើយ ដែលជាអ្នកកែប្រែលំនឹងនៃបរិយាកាសផែនដី។
យើងអាចដឹងអំពីម៉ូលេគុល ឬសារធាតុគីមីផ្សំ នៅក្នុងបរិយាកាសភពអេលៀនមួយបាន តាមរយៈការប្រើប្រាស់តេឡេស្កូបដ៏មានឥទ្ធិពល ដើម្បីសម្ងំចាំអង្កេតនៅពេលភពនោះ គោចរឆ្លងកាត់ (transit) ពីមុនពន្លឺផ្កាយរបស់វ។ ធាតុ និងម៉ូលេគុលខុសៗគ្នាក្នុង បរិយាកាសនឹងផ្លាស់ប្តូរពន្លឺ នៅក្នុងលក្ខណៈស្រាលៗ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រ អាចបកស្រាយបានចំពោះអ្វីដែលមាននៅក្នុងទិន្នន័យនោះ។ វាក៏ជាវិធីសាស្ត្រដែល កែវយឺតអវកាស James Webb នឹងត្រូវប្រើប្រាស់ ដើម្បីសិក្សារកធាតុផ្សំ នៅក្នុងបរិយាកាសភពអេលៀន ដែលជាគោលដៅក្នុងការស្រាវជ្រាវនោះផងដែរ។

* ការរកឃើញដំបូង
បច្ចេកវិទ្យាបច្ចុប្បន្នរបស់យើង កំណត់ឱ្យយើងអាចសិក្សាបរិយាកាសនៃភពយក្ស ដែលធ្វើគោចរនៅជិតផ្កាយមេរបស់វា។ ប៉ុន្តែតេឡេស្កូវអវកាស TESS របស់ NASA បាននិងកំពុងរៀបចំបញ្ជីបេក្ខភាពភពចម្បងៗជាច្រើន សម្រាប់ការសិក្សាតាមដានជាមួយ កែវយឺតអវកាស James Webb ដែលនឹងមានសមត្ថភាពរកឃើញវត្តមាន «អុកស៊ីសែន» ដ៏ច្រើនលើសលុប នៅក្នុងបរិយាកាសនៃភពអេលៀនទាំងនោះ។
សម្រាប់សេណារីយ៉ូនៃការជួបប្រទះអេលៀនលើកដំបូង វាប្រហែលមិនមែនជារឿងគួរឲ្យរំភើបអ្វីទេ ព្រោះថានឹងពុំមានការដោះដូរទិន្នន័យគ្នា ឬមួយក៏ការសិក្សាស្វែងយល់អំពីវប្បធម៌ ទម្លាប់ ឬរូបរាងរបស់អេលៀននោះឡើយ។ ស្ថានភាពដែលអាចទៅរួចបំផុត នៅពេលដែលពួកយើង ជួបទម្រង់ជីវិតអេលៀនលើកដំបូង គឺប្រហែលស្ថិតក្នុងទម្រង់ត្រឹមជាភស្តុតាង ដែលបង្ហាញថាមានភាវៈមានជីវិត ដែលបានបង្កការប្រែប្រួលគួរឲ្យកត់សម្គាល់ ចំពោះតុល្យភាពនៃភពរបស់ខ្លួន។

ទម្រង់ជីវិតមិនឆ្លាតវៃ អាចមិនសូវសម្បូរដូចជីវិតឆ្លាតវ៉ៃនោះទេ ប៉ុន្តែអ្នកវិទ្យាសាស្រ្តផ្ទាល់ ក៏មិនច្បាស់ដែរថា តើទម្រង់ជីវិតទាំងពីរប្រភេទនេះ សម្បូរ ឬមិនសម្បូរវត្តមានកម្រិតណានោះ ខណៈបច្ចុប្បន្នគឺមានតែផែនដីប៉ុណ្ណោះ ដែលមានទម្រង់ជីវិតទាំងពីរនេះ។ យ៉ាងណាក្តី ភាវៈមានជីវិតធម្មតាៗ នៅតែអាចមានលទ្ធភាពធ្វើឲ្យពួកវា ត្រូវគេកត់សម្គាល់ឃើញបាន ដូចជាអ្វីដែលត្រូវបានពន្យល់ខាងលើ។
វាប្រហែលជាគ្មានអ្វីគួរឲ្យរំភើបខ្លាំងពិតមែន ប៉ុន្តែការរកឃើញទម្រង់ជីវិតក្រៅភពណាមួយក៏ដោយ ឲ្យតែឃើញថាមានច្បាស់ណាស់ នោះនឹងក្លាយជា «ដំណឹងដ៏មានតម្លៃបំផុត» សម្រាប់មនុស្សលោកយើង ព្រោះការចំណាយពេលវេលា និងធនធានកន្លងមកនេះ អាចដើម្បីចង់ដឹងចម្លើយមួយនេះថា តើអាចមានជីវិតណាមួយ កកើតក្រៅពីភពផែនដីរបស់ដែរ ឬមួយក៏អត់ហ្នឹងហើយ៕
រៀបរៀង និងប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Space.com (ថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១)
