ក្នុងសំបកព្រះចន្ទមានផ្ទុក «អុកស៊ីសែន» ដែលអាចចិញ្ចឹមមនុស្ស ៨ពាន់លាននាក់ បាន ១សែនឆ្នាំ (មានវីដេអូ)
(បរទេស)៖ ការកសាងមូលដ្ឋានស្នាក់នៅ និងស្រាវជ្រាវរបស់មនុស្សលើព្រះចន្ទ មិនមែនពឹងផ្អែកតែទៅលើការយកធនធាន ពីភពផែនដីជាចម្បងនោះឡើយ។ ក្នុងសំបក និងផ្ទៃស្រទាប់ក្នុងៗរបស់ព្រះចន្ទ មានផ្ទុកនូវសារធាតុរ៉ែជាច្រើនប្រភេទ ដែលអាចឲ្យមនុស្សទាញយកមកកែច្នៃប្រើប្រាស់ មិនខុសពីនៅលើភពផែនដីនោះឡើយ។
ខណៈដែលគម្រោងនាំមនុស្សដំបូង ទៅបោះមូលដ្ឋានស្នាក់នៅលើព្រះចន្ទ ត្រូវបានពន្យារពេលដល់ឆ្នាំ ២០២៥ នោះ អង្គការ NASA ក៏អាចមានពេលវេលាបន្ថែម ដើម្បីសិក្សាអំពីអ្វីថ្មីៗ ដែលមាននៅលើព្រះចន្ទផងដែរ។ ឆ្លើយតបទៅនឹងសំនួរសាមញ្ញជាច្រើនថា តើយើងបានអ្វីដកដង្ហើមលើព្រះចន្ទ បើព្រះចន្ទគ្មានបរិយាកាសដូចផែនដីផងនោះ?

ជាការពិតណាស់ ក្នុងដំណាក់កាលដំបូងៗ អុកស៊ីសែនសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រដកដង្ហើម ប្រាកដជានឹងត្រូវដឹកយកពីផែនដីទៅតាមដែរហើយ ប៉ុន្តែនិរន្តរភាពនៃការផ្គត់ផ្គង់ ត្រូវតែជាការបង្កើតអុកស៊ីសែន នៅលើព្រះចន្ទខ្លួនឯងផ្ទាល់។ ទិន្នន័យដែលអង្គការ NASA បានប្រមូលផ្តុំពីការសិក្សារាប់ទសវត្សរ៍មកនេះ ចំពោះព្រះចន្ទបានបង្ហាញថា ក្នុងសំបកព្រះចន្ទ (ស្រទាប់លើគេនៃព្រះចន្ទ) មានផ្ទុក អុកស៊ីសែន គ្រប់គ្រាន់សម្រាប់ឲ្យមនុស្សចំនួន ៨ពាន់លាននាក់ ដកដង្ហើមបាននៅក្នុងរយៈពេល ១០០,០០០ឆ្នាំ។

សម្រាប់សំនួរថា តើក្នុងជម្រៅប៉ុន្មានទើបអាចរកឃើញអុកស៊ីសែន? ចម្លើយគឺ តំបន់ភាគច្រើនលើផ្ទៃព្រះចន្ទ (ជាពិសេសតំបន់ទំនាប) សុទ្ធតែអាចឲ្យឧបករណ៍យកទៅភពផែនដី ធ្វើការខួង និងបំប្លែងចេញជាអុកស៊ីសែន (O2) ចាប់ពីជម្រៅ ១០ម៉ែត្រ ចុះទៅក្រោម។ ជាធម្មតាមនុស្សម្នាក់ ត្រូវការអុកស៊ីសែនជាមធ្យម ៨០០ក្រាមក្នុងមួយថ្ងៃ ដើម្បីបន្តអាយុជីវិត និង ៦៣០គីឡូក្រាម សម្រាប់រយៈពេល ២ឆ្នាំ។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំ ២០២១ នេះ សេវាកម្មអវកាស (SAS) ដែលមានមូលដ្ឋាននៅប្រទេសប៊ែលហ្សិក បានប្រកាសពីគម្រោងក្នុងការអភិវឌ្ឍ ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៣គ្រឿង ដើម្បីធ្វើឲ្យប្រសើរឡើងនូវការផលិតអុកស៊ីសែន តាមរយៈដំណើរការ អេឡិចត្រូលីស (electrolysis) ហើយវានឹងត្រូវបញ្ជូនទៅកាន់ព្រះចន្ទ នៅឆ្នាំ ២០២៥ ស្របតាមផែនការមេរបស់ អង្គការអវកាសអឺរ៉ុប ESA៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១)
