SpaceX ទើបបញ្ចេញរូបភាពនាវាអវកាស SN20 បញ្ឆេះម៉ាស៊ីនរ៉ាប់ទ័រទាំង ៦គ្រឿង ដើម្បីកម្តៅខ្លួន (មានវីដេអូ)

3,070

(អាមេរិក)៖ ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX របស់មហាសេដ្ឋី Elon Musk ទើបតែបានបញ្ចេញរូបភាពនៃការធ្វើតេស្ត ម៉ាស៊ីនរបស់នាវាអវកាសគំរូ SN20 ដែលពីដំបូងឡើយត្រូវបាន SpaceX អះអាងថា អាចនឹងត្រូវធ្វើតេស្តហោះហើរ ទៅក្នុងគន្លងគោចរភពផែនដីជាលើកដំបូង នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នេះតែម្តង។ ប៉ុន្តែដោយសារភាពរកាំរកូសជាមួយអាជ្ញាធរអាមេរិក ទើបពេលនេះកាលបរិច្ឆេទជាក់លាក់ មិនទាន់ត្រូវបានកំណត់ជាថ្មីទៀតនោះឡើយ។

ម៉ាស៊ីនរ៉ាប់ទ័រ (Raptor engine) ទាំង ០៦គ្រឿង ត្រូវបានបញ្ចេះដើម្បីកម្តៅខ្លួនពួកវា កាលពីថ្ងៃទី១២ ខែវិច្ឆិកា (ពេលវេលានៅរដ្ឋតិចសាស់) ភាគខាងត្បូងសហរដ្ឋអាមេរិក។ រូបភាពដែលបញ្ចេញដោយ SpaceX បានបង្ហាញអំពីកំសួលនៃចំហេះ យ៉ាងក្តៅគគុកចេញពីក្រោមនាវាអវកាស SN20 ដែលកំពុងដាក់បញ្ឈរ ខណៈគ្រាប់រ៉ុក្កែត Super Heavy ដែលនឹងត្រូវប្រើប្រាស់ ដើម្បីរុញច្រាន SN20 ទៅដល់គន្លងគោចរជុំវិញភពផែនដី ក៏ស្ថិតនៅក្បែរគ្នានោះផងដែរ។

បច្ចុប្បន្ននេះ SN20 និង Super Heavy កំពុងស្ថិតនៅឯទីលានបាញ់បង្ហោះ Starbase របស់ SpaceX នៅក្បែរភូមិ Boca Chica ជាប់ឆ្នេរសមុទ្ររដ្ឋតិចសាស់។ ភ្លាមៗក្រោយការធ្វើតេស្តខាងលើនេះ លោក Elon Musk បានបង្ហោះសារលើ Twitter លោកថា «ការបញ្ចេះយ៉ាងល្អ ជាមួយម៉ាស៊ីនទាំង ៦គ្រឿង!»។

SpaceX ទើបបញ្ចេញរូបភាពនាវាអវកាស SN20 បញ្ឆេះម៉ាស៊ីនរ៉ាប់ទ័រទាំង ៦គ្រឿង ដើម្បីកម្តៅខ្លួន

គួរបញ្ជាក់ថា ក្រុមហ៊ុន SpaceX បានបង្ហាញទិដ្ឋភាពពិសេសមួយជាលើកដំបូង កាលពីខែសីហា ឆ្នាំ២០២១ ដោយការលើកនាវាអវកាស SN20 ដាក់បន្តុបពីលើគ្រាប់រ៉ុក្កែត Super Heavy ដែលបង្កើតចេញប្រព័ន្ធរ៉ុក្កែតដែលមានកម្ពស់រហូតដល់ ១២០ម៉ែត្រ (SN20 តែឯងមានកម្ពស់ ៥០ម៉ែត្រ) ហើយវាខ្ពស់ជាងរ៉ុក្កែត Saturn V ប្រមាណជា ១០ម៉ែត្រ។ Super Heavy គឺជាប្រភេទគ្រាប់រ៉ុក្កែតដែលអាចប្រើប្រាស់ឡើងវិញបាន៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ SpaceX/Space.com (ថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១)

480×240 Banner