ក្រុមហ៊ុនអាមេរិកមួយ គ្រោងបង្ហោះផ្កាយរណបរាប់រយគ្រឿង ដើម្បីសិក្សា «សំរាមអវកាស» ទាន់អ្វីៗមិនទាន់ហួសពេល…
(អាមេរិក)៖ សំរាមអវកាសពិតជាកំពុងបង្កគ្រោះថ្នាក់ ដល់ចរាចរណ៍នៅទីអវកាស បើទោះបីជាវាមិនទាន់ខ្លាំងគួរឲ្យកត់សម្គាល់ ប៉ុន្តែហានិភ័យទៅថ្ងៃមុខ មិនគួរឲ្យយើងមើលរំលងជាដាច់ខាត។ ហេតុដូច្នេះទើបគម្រោងថ្មីមួយរបស់ក្រុមហ៊ុន Privateer របស់លោក Steve Wozniak ដែលត្រូវជាសហស្ថាបនិក នៃក្រុមហ៊ុនយក្សអាមេរិក Apple បានបញ្ចេញផែនការ ដើម្បីជួយសង្គ្រោះមនុស្សលោកពីវិបត្តិនេះ។

លោក Steve Wozniak ស្ថាបនិកក្រុមហ៊ុន Privateer ដែលមានមូលដ្ឋាននៅរដ្ឋ ហាវ៉ៃ (Hawaii) កណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក ទើបបង្ហើបអំពីគម្រោងថ្មីនេះ ជាមួយសហស្ថាបនិករបស់ខ្លួនគឺលោក Alex Fielding កាលពីខែកញ្ញា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះប៉ុណ្ណោះ។ វាបានលេចមុខចំពេលដែលពិភពលោក កំពុងបំផុសក្តីព្រួយបារម្ភអំពីសំរាមអវកាស កាន់តែខ្លាំងឡើងៗ បូករួមទាំងសំរាមលើផ្ទៃផែនដីផងដែរ។
ជុំវិញគម្រោងដ៏ធំធេងខាងលើនេះ, ប្រធានទីប្រឹក្សាផ្នែកវិទ្យាសាស្ត្រនៃក្រុមហ៊ុន Privateer លោក Moriba Jah បានប្រាប់សារព័ត៌មាន Space.com នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា «ខ្ញុំគិតថា យើងកំពុងត្រៀមផលិតផ្កាយរណបរាប់រយគ្រឿង។ យើងនឹងមិនបាញ់បង្ហោះពួកវា ម្តងរាប់រយគ្រឿងក្នុងពេលតែមួយនោះឡើយ តែយើងនឹងផលិតរួចបាញ់បង្ហោះពួកវាបន្តិចម្តងៗ…»។

Privateer រំពឹងថា ផ្កាយរណបរបស់ខ្លួនទាំងអស់ នឹងអាចកំណត់ទិន្នន័យ អំពីឥរិយាបថនៃការវិវឌ្ឍរបស់បណ្តុំសំរាមអវកាស និងកំណើនរបស់ពួកវា ដែលកាន់តែកើនឡើងយ៉ាងគំហុក មិនធ្លាប់មានពីមុនមក។ ការធ្វើបែបនេះបាន គឺអាស្រ័យលើការប្រមូលទិន្នន័យពីគ្រប់តំបន់ផ្សេងៗគ្នា តាមរយៈក្បួនផ្កាយរណបនាពេលអនាគត របស់ក្រុមហ៊ុនអាមេរិកមួយនេះ។
* តើសំរាមអវកាសមានផលអាក្រក់ខ្លាំងដល់កម្រិតណា?
បើតាមទិន្នន័យពីអង្គការអវកាសអឺរ៉ុប ESA, ផ្កាយរណបសកម្មយ៉ាងណាស់ ៤,៧០០គ្រឿង កំពុងតែគោចរជុំវិញផែនដីយ៉ាងពពាក់ពពូន។ ESA បានគណនាទៀតថា យ៉ាងហោចណាស់មានសំរាមអវកាសជាង ៣៦,៥០០បំណែក ដែលមានទំហំធំជាង ១០សង់ទីម៉ែត្រឡើងទៅ, ជាង ១លានបំណែកមានទំហំចាប់ពី ១សង់ទីម៉ែត្រ – ១០សង់ទីម៉ែត្រ និងជាង ៣៣០លានបំណែកទៀត មានទំហំតូចជាង ១សង់ទីម៉ែត្រ ប៉ុន្តែធំជាង ១មីលីម៉ែត្រ (បើគិតអំពីទំហំំមុខកាត់)។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រ សូម្បីតែសំរាមអវកាសដ៏តូចបំផុតមួយ ក៏អាចមានឱកាសសម្លាប់ផ្កាយរណបមួយគ្រឿងបានដែរ បើយើងគិតអំពីល្បឿនដ៏លឿន នៃការចល័តរបស់វាក្នុងទីអវកាស ដែលនាំឲ្យការប៉ះទង្គិចគ្នា រងផលប៉ះពាល់ខ្លាំង។ ឧទាហរណ៍ ស្ថានីយអវកាសអន្តរជាតិដែលមានរយៈកម្ពស់ ៤០០គីឡូម៉ែត្រពីផ្ទៃផែនដី គឺកំពុងចល័តក្នុងល្បឿន ២៧,៥០០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

នេះយើងបានលើកយក តែអំពីបញ្ហាលើផ្នែកចរាចរណ៍នៅក្នុងទីអវកាសប៉ុណ្ណោះ ដោយមិនបានរាប់បញ្ចូលនូវ គ្រោះថ្នាក់ដែលអាចបង្កឡើងដោយផ្កាយរណបខូចៗ ឬកម្ទេចកម្ទីគ្រាប់រ៉ុក្កែត ដែលត្រូវបានបោះបង់ចោល ដោយសារតែមិនអាចគ្រប់គ្រងបាន និងបំណែកខ្លះដែលអាចធ្លាក់មកផែនដីវិញ ហើយអាចបង្កគ្រោះថ្នាក់ដល់មនុស្សលោកនោះឡើយ។ បេសកកម្មអវកាសនៅថ្ងៃអនាគត ក៏នឹងត្រូវរងការគំរាមកំហែងផងដែរ ប្រសិនបើសំរាមអវកាសមានកាន់តែច្រើន និងគ្មានការគ្រប់គ្រង ឬសម្អាតឲ្យបានត្រឹមត្រូវ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១)
