ទៀតហើយ! កែវយឺតអវកាស James Webb «ត្រូវពន្យារពេលបាញ់បង្ហោះជាថ្មី» ក្រោយពិនិត្យឃើញបញ្ហាមួយចំនួន…
(បរទេស)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបង្ហើបឲ្យដឹងថា ការបញ្ជូនកែវយឺតអវកាសជំនាន់ចុងក្រោយ James Webb ឡើងទៅកាន់ទីអវកាស នឹងត្រូវពន្យារពេលប៉ុន្មានថ្ងៃបន្ថែមទៀត ពីលើកាលបរិច្ឆេទដែលបានកំណត់កន្លងមក បន្ទាប់ពីបញ្ហាបច្ចេកទេសមួយ បានកើតមានឡើង កំលុងការត្រៀមលក្ខណៈ ដើម្បីបាញ់បង្ហោះវា។

យោងតាមសេចក្តីប្រកាសរបស់អង្គការ NASA បញ្ហាបច្ចេកទេសនោះ បានកើតឡើងនៅពេលដែលអ្នកបច្ចេកទេស បានតៀមបំពាក់កែវយឺត James Webb ទៅនឹងឧបករណ៍តំណមួយ ដែលប្រើសម្រាប់ភ្ជាប់វា ជាមួយគ្រាប់រ៉ុក្កែត Ariane 5។ ដូច្នេះហើយ NASA បានសម្រេចចិត្តពន្យារពេល បាញ់បង្ហោះកែវយឺតអវកាសនេះចំនួន ៤ថ្ងៃ គឺលើកពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ទៅថ្ងៃទី២២ ខែធ្នូ វិញ ខណៈពួកគេកំពុងបន្តត្រួតពិនិត្យ ដើម្បីធានាឲ្យប្រាកដថា ឧប្បត្តិហេតុនោះមិនបានបង្កការប៉ះពាល់ ដល់សម្ភារៈណាមួយឡើយ។

គួរបញ្ជាក់ថា James Webb ដែលនឹងដើរតួនាទីជា កែវយឺតអង្កេតទីអវកាសថ្មីចុងក្រោយ និងមានអានុភាពខ្លាំងបំផុតរបស់ NASA ត្រូវបានចាប់ផ្តើមអភិវឌ្ឍតាំងពីជិត ៣០ឆ្នាំមុនមកម៉្លេះ គឺនៅឆ្នាំ១៩៩៦។ កាលបរិច្ឆេទបាញ់បង្ហោះដំបូងបង្អស់របស់វាគឺ នៅឆ្នាំ២០០៧។ ទំហំនៃការចំណាយលើការអភិវឌ្ឍកែវយឺតអវកាសនេះ គឺនឹងកើនដល់ជិត ១០ពាន់លានដុល្លារហើយ នៅពេលវាចាកចេញពីផ្ទៃផែនដីនៅខែក្រោយ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១)
