HOT NEWS: យានអវកាសកម្ទេចអាចម៍ផ្កាយ DART របស់ NASA ត្រូវបានបាញ់បង្ហោះហើយ (មានវីដេអូ)
(កាលីហ្វ័រញ៉ា)៖ នៅទីបំផុតយានអវកាស DART របស់អង្គការអវកាសអាមេរិក NASA ត្រូវបានបាញ់បង្ហោះចេញពីផ្ទៃផែនដីហើយ នៅក្នុងផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីត្រៀមលក្ខណៈការពារសុវត្ថិភាពភពរបស់យើង ពីអាចម៍ផ្កាយគ្រោះថ្នាក់នានា ដែលអាចមកគំរាមកំហែងផែនដីពេលអនាគត និងជាអ្វីដែលមនុស្សម្នាជាច្រើន បានទទឹងរង់ចាំជាយូរមកហើយផងដែរ។

ស្វែងយល់អំពីបេសកកម្ម DART៖
យានអវកាស DART ត្រូវបានបាញ់បង្ហោះ នៅយប់ថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅភាគខាងលិចសហរដ្ឋអាមេរិក) ចេញពីមូលដ្ឋានទ័ពអវកាស វ៉ានដិនបឺក (Vandenberg) ក្នុងរដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX។ នាពេលនេះ វាកំពុងចាប់ផ្តើម ការធ្វើដំណើររយៈពេលប្រមាណជា ១០ខែរបស់វា ដើម្បីឆ្ពោះទៅកាន់អាចម៍ផ្កាយជាគោលដៅ ដែលស្ថិតនៅចម្ងាយខ្ទង់ ១១លានគីឡូម៉ែត្រពីផែនដី។

គោលដៅរបស់ DART គឺជាអាចម៍ឈ្មោះថា ឌីម័រហ្វូស (Dimorphos) ដែលមានមានអង្កត់ផ្ចិត ១៦០ម៉ែត្រ ហើយគោចរជុំវិញអាចម៍ផ្កាយមួយទៀតឈ្មោះថា ឌីឌីម៉ូស (Didymos) ដែលធំជាងវាប្រហែល ៥ដង។ អាចម៍ផ្កាយទាំងពីរ មិនបង្កការគំរាមកំហែងដល់ផែនដីទេ ប៉ុន្តែត្រូវបានជ្រើសរើសសម្រាប់ការសាកល្បងនេះ ដោយសារពួកវានៅមិនសូវឆ្ងាយខ្លាំងពីផែនដី និងដោយសារតែប្រព័ន្ធអាចម៍ផ្កាយភ្លោះបែបនេះ ងាយស្រួលក្នុងការតាមដានលទ្ធផលនៃការធ្វើតេស្ត។

យាន DART ត្រូវគេរំពឹងថា នឹងទៅដល់គោលដៅនៅចន្លោះខែកញ្ញា-តុលា ឆ្នាំ២០២២ ហើយវានឹងត្រូវបំបុកខ្លួនជាមួយអាចម៍ផ្កាយ Dimorphos ក្នុងល្បឿន ២៤,០០០គីឡូម៉ែត្រក្នុងមួយម៉ោង ក្រោមគោលបំណងផ្លាស់ប្តូរគន្លងគោចររបស់ Dimorphos នៅជុំវិញ Didymos។ មុនពេលធ្វើតេស្តបំបុក យាន DART ក៏នឹងបញ្ចេញកាមេរ៉ាតូចមួយពីខ្លួនវា ដើម្បីទុកផ្តិតយករូបភាពផងដែរ។

ការធ្វើតេស្តនេះត្រូវបានបង្កើតឡើង ដើម្បីជួយក្រុមអ្នកវិទ្យាសាស្រ្តស្វែងយល់ថា តើត្រូវការកម្លាំងច្រើនកម្រិតណា ដើម្បីអាចរុញច្រានអាចម៍ផ្កាយមួយ ឲ្យងាកចេញពីគន្លងគោចរដើមរបស់វា ក្នុងករណីដែលនៅថ្ងៃណាមួយ ភពរបស់យើងត្រូវពួកវាសំដៅមកចំ។ អាចម៍ផ្កាយ Dimorphos គឺជាប្រភេទអាចម៍ផ្កាយ ដែលសម្បូរវត្តមាននៅក្នុងទីអវកាស ហើយមានអាយុកាលប្រហែល ៤.៥ពាន់លានឆ្នាំ។

គួរបញ្ជាក់ថា អាចម៍ផ្កាយមួយដែលគេរកឃើញដំបូង កាលពីឆ្នាំ១៩៩៩ ឈ្មោះថា ប៊ែននូ (Bennu) ដែលមានអង្កត់ផ្ចិត ៥០៣ម៉ែត្រ នឹងមកហោះកាត់ផែនដី នៅចម្ងាយជិតជាងពាក់កណ្តាលនៃគម្លាតរវាងភពយើង និងព្រះចន្ទ។ យ៉ាងណាមិញ ហេតុការណ៍នេះ នឹងកើតឡើងនៅឆ្នាំ ២១៣៥ ឯណោះ ហើយលទ្ធភាពដែលវាអាចជ្រុលធ្លាក់មកលើផែនដី គឺទាបជាទីបំផុត។ ទោះជាយ៉ាងណា ការត្រៀមលក្ខណៈទប់ទល់មុន គឺជារឿងគប្បីជាទីបំផុត៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA/Reuters (ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១)
