កំពុងវែករកប្រហោងខ្មៅ ស្រាប់តែ Hubble ផ្តិតបានរូបភាពកាឡាក់ស៊ីមួយនេះ, តែរឿងពិតគឺមិនដូចអ្នកគិតឡើយ
(បរទេស)៖ ខាងក្រោមនេះមិនមែនជារូបភាព កាឡាក់ស៊ី Milky Way របស់យើង ឬក៏ការបន្ថែមការច្នៃប្រឌិតឲ្យលើសពីការពិតពេកនោះដែរ តែវាជារូបភាពកាឡាក់ស៊ីរាងគូទខ្យងមួយ ដែលមានចម្ងាយ ២៣០លានឆ្នាំពន្លឺពីភពផែនដី ដែលត្រូវបានកែវយឺតអវកាស Hubble ផ្តិតបាននៅពេលវាកំពុងបំពេញ បេសកកម្មស្វែងរក ប្រហោងខ្មៅមហាយក្ស (supermassive black hole) នៅក្នុងកាឡាក់ស៊ីឆ្ងាយៗនៃចក្រវាលយើងនេះ។

កាឡាក់ស៊ីរាងគូទខ្យង ដែលស្ថិតនៅឆ្ងាយមហាសែនឆ្ងាយខាងលើនេះ ត្រូវបានដាក់ឈ្មោះសម្គាល់ថា «UGC 11537»។ កែវយឺតអវកាស Hubble បានសម្លឹងរកវាឃើញ និងផ្តិតចេញជាទិដ្ឋភាពដ៏អស្ចារ្យនេះ នៅពេលចោលមុខព្រួញ ទៅកាន់កញ្ចុំផ្កាយ Aquila។ កាឡាក់ស៊ី UGC 11537 មានចម្ងាយឆ្ងាយជាង ១០ដង បើធៀបនឹងកាឡាក់ស៊ី Andromeda (M31) ដែលមានចម្ងាយ ២.៥លានឆ្នាំពន្លឺពី Milky Way និងអាចឲ្យមនុស្សលោកមើលឃើញយ៉ាងងាយ ដោយប្រើប្រាស់កែវយឺតល្មមៗប៉ុណ្ណោះ។

អ្វីដែលពិសេសបំផុតសម្រាប់រូបភាពកាឡាក់ស៊ី UGC 11537 នោះគឺផ្កាយពីរដួងដែលបញ្ចេញពន្លឺខ្លាំងអស្ចារ្យ ស្ថិតម្ខាងម្នាក់ៗ នៃចំណុចកណ្តាលរបស់វា ហើយបើតាមរូបភាពខាងលើនេះ ផ្កាយទាំងពីរដួងបញ្ចេញពន្លឺភ្លឺថ្លា ជាងតំបន់ចំណុចកណ្តាលនៃកាឡាក់ស៊ីមួយនេះទៅទៀត នៅក្នុងរូបភាពដែលផ្តិតដោយកាមេរ៉ា Wide Field Camera 3 របស់ Hubble។ ប៉ុន្តែតាមការពិតទៅ វាទាំងពីរដួងនោះ មិនមែនជាផ្កាយដែលស្ថិតក្នុងកាឡាក់ស៊ី UGC 11537 នោះឡើយ។

បើតាមការបកស្រាយរបស់តារាវិទូ នៃអង្គការអវកាសអឺរ៉ុប ESA ឲ្យដឹងថា រូបភាពដ៏ភ្លឺចែងចាំងនៃតារាទាំងពីរក្នុងរូបភាពខាងលើនេះ តាមការពិតទៅគឺបានកើតឡើង ដោយសារតែប្រព័ន្ធកែច្នៃរូបភាពហៅថា «diffraction spikes»។ វាជាលទ្ធផលដែលពន្លឺផ្កាយទាំងនោះ បានធ្វើអន្តរកម្មជាមួយកញ្ចក់ជំនួយទី ២ នៅក្នុងកែវយឺតអវកាស Hubble ហើយផ្កាយទាំងពីរដួងនោះ គឺផ្កាយនៅក្នុងកាឡាក់ស៊ី Milky Way យើងប៉ុណ្ណោះ ដែលស្ថិតនៅពីមុខកញ្ចក់កាមេរ៉ារបស់ Hubble នៅពេលកែវយឺតអវកាសនេះ តម្រង់កាណុងទៅរក UGC 11537, នេះប្រសិនបើយើងនិយាយឲ្យងាយយល់៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១)
