ទីបំផុតយាន Parker របស់ NASA ភ្លក្សរសជាតិស្រទាប់ខូរ៉ូណារបស់ព្រះអាទិត្យ «ជាលើកដំបូង»!
(វ៉ាស៊ីនតោន)៖ យានអវកាសមួយគ្រឿង របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ត្រូវគេចាត់ទុកថា បានទៅប៉ះព្រះអាទិត្យជាផ្លូវការ ដោយវាបានមុជខ្លួនចូលទៅក្នុង ស្រទាប់បរិយាកាសផ្កាយរបស់យើង ហៅថាស្រទាប់ ខូរ៉ូណា (Corona)។ តាមពិត យានអវកាស Parker Solar Probe បានហោះចូលទៅដល់ស្រទាប់ Corona របស់ព្រះអាទិត្យ តាំងតែពីខែមេសា ឆ្នាំ២០២១ មកម្ល៉េះ កំលុងការហោះឆ្វែលចូលទៅកៀកលើកទី ៨ របស់វា ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្ត ទើបប្រកាសពីដំណឹងខាងលើ កាលពីថ្ងៃអង្គារសប្តាហ៍នេះប៉ុណ្ណោះ។

ក្រុមអ្នកវិទ្យាសាស្ត្របានឲ្យដឹងទៀតថា មូលហេតុគឺដោយសារតែវាត្រូវប្រើពេលប៉ុន្មានខែ ទើបទទួលបានទិន្នន័យត្រឡប់មកដល់ផែនដី រួចហើយត្រូវការពេលប៉ុន្មានខែទៀត ដើម្បីផ្ទៀងផ្ទាត់ឲ្យប្រាកដថា ពិតជាទិន្នន័យត្រឹមត្រូវ ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រដែរឬទេ។ យានអវកាស Parker Solar Probe ត្រូវបានបញ្ជូនចេញពីភពរបស់យើង កាលពីឆ្នាំ២០១៨ ដើម្បីឆ្ពោះទៅសិក្សាឲ្យលម្អិតអំពីព្រះអាទិត្យជាលើកដំបូង។

ទិន្នន័យបឋមបានបង្ហាញទៀតថា នៅក្នុងឆ្នាំ២០២១នេះដដែល យាន Parker ក៏បានហោះចូលទៅដល់ស្រទាប់ Corona កំលុងការហោះឆ្វែលលើកទី ៩ ផងដែរ កាលពីខែសីហា ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្តត្រូវការការវិភាគបន្ថែម ដើម្បីអាចបញ្ជាក់ច្បាស់បាន។ រីឯកាលពីខែវិច្ឆិកាកន្លងទៅ យាន Parker ទើបតែបានធ្វើការហោះឆ្វែលទៅកៀកព្រះអាទិត្យ ជាលើកទី ១០។ យានអវកាសនេះនឹងបន្តការហោះឆ្វែលកាន់តែកៀកទៅៗ និងមុជកាន់តែជ្រៅទៅក្នុងស្រទាប់ Corona រហូតដល់ការហោះហើរដ៏ «អស្ចារ្យចុងក្រោយ» របស់វានៅឆ្នាំ២០២៥។

គួរបញ្ជាក់ថា ស្រទាប់ Corona គឺជាស្រទាប់ក្រៅបង្អស់នៃបរិយាកាសរបស់ព្រះអាទិត្យ ហើយវាក៏ជាតំបន់ដែលក្តៅជាងគេផងដែរ គឺរហូតដល់ទៅជាង ១លានអង្សាសេឯណោះ ខណៈនៅលើផ្ទៃបណ្តាតភ្លើងព្រះអាទិត្យវិញ មានកម្តៅតែខ្ទង់ ៥,៥០០អង្សាសេប៉ុណ្ណោះ។ នៅឆ្នាំ ២០២៥ យាន Parker Solar Probe នឹងហោះទៅចំណុចកៀកព្រះអាទិត្យបំផុតប្រមាណ ៦.៥លានគីឡូម៉ែត្រ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ CGTN/NASA (ថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១)
